ព័ត៌មានសិល្បៈ និងកម្សាន្ត

កុំជោរ! រ៉េត ម៉េងហ៊ាង ធ្លាក់ការប្រកួតទេ តែទីផ្សារស្ទុះឡើងកប់ហ្មង !

ដ្បិតថាបានធ្លាក់ពីការប្រកួតស្រីស្រស់ប្រុសសង្ហារប្រចាំឆ្នាំ២០១៧ក្នុងក្លឹបGL ក៏ពិតមែន ប៉ុន្តែគេចាប់អារម្មណ៍ថាអតីតបេក្ខជនTop 5 ចុងក្រោយគឺ លោក រ៉េង ម៉េងហ៊ាង មានសកម្មភាពលេចធ្លោរនៅក្នុងវិថីសិល្បៈគួរឲ្យកត់សម្គាល់តាំងពីលោកធ្លាក់តំណែង។

ធៀបនឹងបេក្ខជនដែលបានជាប់ចំណាត់ថ្នាក់ គឺទីផ្សាររបស់លោកឡើងកប់តែម្ដង បើទោះមិនទាន់មានឱកាសបានសម្ដែងតួឯកនៅឡើយ។

ហេតុផលដែលនាំឲ្យល្បឿនសិល្បៈរបស់លោកមានការប្រែប្រួលស្ទុះលឿនយ៉ាងនេះ គឺដោយសារតែលោកទទួលបានឱកាសសម្ដែងរឿងតាំងពីមុនពេលចូលប្រលង លុះដល់មានមុខបានជាប់ក្នុងចំណាត់ថ្នាក់៥នាក់ចុងក្រោយ ធ្វើឲ្យមានទំនុកចិត្តពីក្រុមផលិតករ និងម្ចាស់ក្រុមហ៊ុនដែលចាប់អារម្មណ៍ឲ្យលោកថតម៉ូត និងដើរម៉ូតតែម្ដង។

លោកកាន់តែក្ដោបក្ដាប់ទីផ្សារ ដោយក្នុងពិធីក្រុងពាលីរឿងថ្មីគឺកត់សម្គាល់ឃើញវត្តមានតារារូបនេះ បង្ហាញមុខសឹងមិនសូវបាត់មុខ ដែលធ្វើធៀបនឹងបេក្ខជនជាប់លេខពី១ដល់៣គឺលោកឡើងខ្ពស់ដាច់ឆ្ងាយតែម្ដង។ មានខ្សែភាពយន្តមិនតិចនោះទេ ត្រូវបានគេឃើញលោកទទួលសម្ដែង ដោយលោកប្រកាសថាក្រោយពីធ្លាក់ការប្រកួតផលិតករកាន់តែហៅឲ្យសម្ដែងច្រើនឡើង ហើយឲ្យតំណែងកាន់តែល្អទៅៗខុសពីតារាចូលថ្មីដូចលោកនោះផង។ ជាក់ស្ដែងសូម្បីតែកម្មវិធីទូរទស្សន៍ក៏មានឱកាសបង្ហាញមុខច្រើនដែរ ដោយសារតែបានតែមពីការប្រកួតស្រីស្រស់ប្រុសស្អាតបានត្រឹមចំណាត់ថ្នាក់៥នាក់ចុងក្រោយ ក្នុងពេលដែលលោកខកបំណងមិនបានកាន់ពានតាមការចង់បាននោះ។

លោករ៉េត ម៉េងហ៊ាង បញ្ជាក់ថា រយៈពេល១៣ខែដែលលោកឈានជើងចូលប្រឡូកសិល្បៈ គឺលោកកាន់តែមានតែទីផ្សារ ជាពិសេសគឺទីផ្សារសម្ដែង ដោយមិនមានន័យថាក្រោយមិនបានពានលេខ១ពីកម្មវិធីស្រីស្រស់ប្រុសសង្ហាររបស់GL គឺរងការអាម៉ាស់ដូចលោកយល់ឃើញភ្លាមៗក្នុងពេលប្រកាសលទ្ធផលចប់ក្ដៅៗនោះទេ។ តារាវ័យ២២ឆ្នាំរូបនេះបន្តថា មកទល់ពេលនេះលោកកាន់តែបានតំណែងជាតួសម្ដែងល្អជាងមុន ហើយមានការងារសម្ដែងស្ទើររកពេលសម្រាកមិនបាននោះទេ ដោយក្រៅពីថតរឿង «ក្រមុំឆ្នាស់ប៉ះមេស្រុកឆ្នើម» របស់ផលិតកម្មចក្រវាទ្បពេជ្រហើយ ក៏មានភាពយន្តជាហូរហែរ២ ទៅ៣ទៀតកំពុងទទួលសម្ដែងរាល់ថ្ងៃ ដោយខ្លះបានដំណើរការសម្ដែងហើយ និងខ្លះទៀតត្រៀមចេញសម្ដែង។

លោកបានហៅផ្លែផ្កាដែលខ្លួនទទួលបានថាចេញពីការប្រលងមិនបានពាន ដោយចាត់ទុកថាដោយសារតែក្រេឌីតដែលបានឈានឡើងដល់វគ្គ៥នាក់ចុងក្រោយ គឺបានធ្វើឲ្យលោកកាន់តែមានមុខមាត់ និងមានការទទួលស្គាល់ពីក្រុមផលិតករនោះផង។ យ៉ាងណាមិញ លោកអះអាងថាខ្លួនចង់មានឱកាសម្ដែងតួឯក ដោយលោកស្វះស្វែងហាត់ប្រាណសម្រករាងឲ្យស្គមជាបច្ចុប្បន្នដើម្បីឲ្យកាន់តែអាចកន្ត្រាក់ការចាប់អារម្មណ៍នៅក្នុងវិស័យភាពយន្តបានដល់គោលដៅនោះផង។

លោកសារភាពថាក្រោយធ្លាក់ថ្មី គឺលោកតូចចិត្ត ប៉ុន្តែក្រោយពេលទីផ្សារឈានឡើងគឺលោកយល់ថាអ្នកមិនបានកាន់ពានមិនមែនសុទ្ធតែមិនអាចក្លាយខ្លួនជាតារាសិល្បៈដែលជោគជ័យបានទេ សំខាន់គឺសមត្ថភាព និងការផ្ដល់ឱកាសប៉ុណ្ណោះ៕

មតិយោបល់