ភ្នំពេញៈ ជាលើកទី១ដែលតារាសម្ដែងល្បីឈ្មោះ អ្នកនាង សឿ សុធារ៉ា បានសម្រេចចិត្តចេញមុខជួយក្នុងកម្មវិធីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាជាទ្រង់ទ្រាយធំមិនធ្លាប់មាន ដែលត្រូវបានរៀបចំដោយនិស្សិតពេទ្យនៃសាកលវិទ្យាល័យ ន័រតុន ក្រោមការជ្រោមជ្រែងរបស់សាកលវិទ្យាល័យ ដោយផ្ទាល់នៅថ្ងៃទី ១៧ ខែកញ្ញា ខាងមុខនេះ។
អ្នកនាងថាសប្បាយចិត្តណាស់ ហើយក៏មិននឹកស្មានថាព្រឹត្តិការណ៍សង្គមមួយដ៏ធំត្រូវបានគេផ្ដល់ឱកាសឲ្យអ្នកនាងបានឡើងបង្ហាញមុខជាមួយនិងតារាយ៉ាងច្រើនស្កេកស្កះដែលសុទ្ធតែស្ម័គ្រចិត្តជួយនោះទេ។
អ្នកនាងសឿ សុធារ៉ា បញ្ជាក់ថា ក្នុងចំណោមព្រឹត្តិការណ៍សិល្បៈកន្លងមកដែលអ្នកនាងធ្លាប់បានបង្ហាញខ្លួន អ្នកនាងយល់ថាព្រឹត្តិការណ៍ដើរលើកម្រាលព្រំក្រហមដែលនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខ ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំធំមួយដែលមានតារាសិល្បៈសុទ្ធតែមានឈ្មោះបោះសំឡេងស្ម័គ្រចិត្តរួមគ្នា។
អ្នកនាងប្រកាសថាសុំឲ្យមានការធ្វើទានសម្រាប់កម្មវិធីនោះ ដោយអះអាងថាការបរិច្ចាគទោះតិចក្ដីច្រើនក្ដីជួយដល់ព្រឹត្តិការណ៍សប្បុរសធម៌នៅថ្ងៃទី១៧ ខាងមុខ គឺជាថវិកាដើម្បីការពារអាយុជីវិតរបស់កុមារដល់រាប់ពាន់នាក់ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។
អ្នកនាងថាមានតែការរួបរួម និងចែករំលែកប៉ុណ្ណោះ ដែលអាចជួយឲ្យមន្ទីរពេទ្យមួយនេះទទួលបានចំណូលក្រាស់ក្រែលសម្រាប់បន្តដំណើរទៅមុខ។ អ្នកនាងក៏ត្រូវគេឃើញបង្ហោះសារនៅលើគណនេយ្យផ្ទាល់ខ្លួនទទូចឲ្យមានការធ្វើទានដូចអ្វីដែលបានលើកឡើងផងដែរ បន្ថែមពីលើការស្ម័គ្រចិត្តជួយដល់កម្មវិធីរៃអង្គាសថវិការបស់សាកលវិទ្យាល័យន័រតុនដែលគ្រោងរៀបចំដោយគ្មានការលក់សំបុត្រនៅថ្ងៃទី១៧ ខែកញ្ញា នៅបរិវេណសាកលវិទ្យាល័យន័រតុន។
អ្នកនាងថានាពេលកន្លងមកអ្នកនាងធា្លប់តែបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយរួមចំណែកដល់ពេទ្យគន្ធបុប្ផាប៉ុណ្ណោះ ប៉ុន្តែអ្នកនាងនៅតែយល់ឃើញថាការចូលខ្លួនស្វែងរកថវិកាជួយដល់មន្ទីរពេទ្យនេះ គឺមានតម្លៃជាង។
នៅថ្ងៃទី១៧ កញ្ញានោះ តារាល្បីៗយ៉ាងច្រើនកុះករ នឹងត្រូវកំណត់ឲ្យដើរច្រៀង និងបង្ហាញម៉ូដនៅលើកម្រាលព្រំយ៉ាងវែង ដោយចុះពីជណ្ដើររបស់សាកលវិទ្យាល័យឆ្ពោះទៅឆាកតន្ត្រី ដោយមានអ្នកសារព័ត៌មាន និងអ្នកចូលរួមយ៉ាងច្រើនកុះករឈរអមនៅតាមកម្រាលព្រំ ដើម្បីស្វាគមន៍។
ព្រឹត្តិការណ៍នេះក៏នឹងធ្វើឲ្យតារាៗលេចធ្លោថែមមួយកម្រិតផងដែរ បន្ថែមពីលើប្រវត្តិសាស្រ្តដែលពួកគេបានជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ នេះជាព្រឹត្តិការណ៍ដែលរៀបចំដោយនិស្សិតពេទ្យន័រតុន ក្រោមការសហការជាមួយស្ថាបនិករបស់Group «គ្រួសារតារាកម្ពុជា» ក្រោមការចូលរួមសុទ្ធសឹងតែពីសំណាក់តារាល្បី៕
https://youtu.be/Yc2bTmFtjJY




















មតិយោបល់