ព័ត៌មានកីឡា

Tottenham គឺជាក្រុមកំពូលតារាង តែមួយគត់ នៅ Premier League ដែលមិនមានការនាំចូលកីឡាករ សម្រាប់រដូវកាលថ្មីនេះ

ថ្វីត្បិតតែ ក្រុម Tottenham ជាក្រុមរងជើងឯក កាលពីរដូវកាលមុន តែក្រុមមួយនេះ ដូចជាមិនមានការ នាំចូលកីឡាករថ្មីឡើយ ខណៈក្រុម ជើងខ្លាំងផ្សេងៗទៀត បានទិញកីឡាករថ្មី មកពង្រឹងក្លិប។

ជាក់ស្តែងណាស់ សម្រាប់រដូវកាលថ្មីនេះ ក្រុម Tottenham នឹងត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Newcastle United ក្នុងការប្រកួតបើករដូវកាលដំបូង Premier League របស់ក្រុមមួយនេះ។ យ៉ាងណាវិញ បើក្រឡេកទៅលើកីឡាករ ក្នុងទីលានវិញ Spurs ដូចជាមិនមានកីឡាករចំណូលថ្មីណាម្នាក់ឡើយ ខណៈក្រុមកំពូល៥ផ្សេងទៀត មាន Chelsea, Man City, Liverpool, Arsenal និង Man Utd សុទ្ធសឹងតែនាំចូលកីឡាករថ្មីៗជាច្រើនរូប។ ម្យ៉ាងវិញទៀត Tottenham បានលក់កីឡាករ Kyle Walker ឲ្យក្រុម Man City ស្របពេលដែល Danny Rose អាចនឹងចាកចេញម្នាក់ទៀតផងដែរ។

ជាងនេះទៅទៀត ក្រុម Tottenham កំពុងប្រឈមនឹងកីឡាករ ២នាក់រងរបួសមិនទាន់ជានៅឡើយ ដូចជាកីឡាករ Victor Wanyama រងរបួសជង្គង់ និង Son Heung-Min របួសប្រអប់ដៃ។ កត្តាទាំងអស់នេះ គឺជាបញ្ហាមួយដែលធ្វើឲ្យក្រុមរងជើងឯក Premier League មួយនេះ អាចប្រឈមបញ្ហា ដែលពួកគេ មិនមានការនាំចូលកម្លាំងថ្មីមកសោះ ។ យ៉ាងណាវិញ ក្រុម Tottenham នៅតែធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះក្រុមជើងឯកអ៊ីតាលី Juventus កាលពីប៉ុន្មានថ្ងៃមុននេះ ក្នុងលទ្ធផល ២-០ ។

ឃើញថា បើទោះបីជា មិនមានការនាំចូលកីឡាករថ្មី តែ Spurs នៅតែខ្លាំងដដែល។ ដូច្នេះហើយ Tottenham នៅតែជាក្រុម គ្រោះថ្នាក់មួយ នៅ Premier League នារដូវកាលនេះដដែល។

មតិយោបល់