ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្រ្តីអូស្រ្តាលី ទម្លាយភាគទី២ និងព្រមានឲ្យលោក រចនា សងបំណុលគេ ១ម៉ឺនដុល្លារ!!!

ក្រោយការបកស្រាយរបស់លោក រចនា ដួង ហៅបារាំង ដែលត្រូវគេស្គាល់ថាជាផលិតករកុនល្បីឈ្មោះ និងជាតួឯកក្នុងបទ «ពុកខ្ញុំប៉ូលិសចរាចរណ៍» ស្រ្តីឈ្មោះ រស្មី រស់នៅអូស្រ្តាលី ក៏ចេញមុខប្រតិកម្មឆ្លើយតបបន្ថែមទៀតកាលពីយប់ថ្ងៃទី៩ ខែសីហា នៅលើហ្វេសប៊ុក។

អ្នកស្រីប្រកាសថាខ្លួនបង់ខាតច្រើនក្នុងរយៈពេលស្គាល់លោក តែអ្នកស្រីមិនទាមទារឲ្យលោកបង្វិលប្រាក់ទាំងនោះទៅសងវិញទេ ដោយគ្រាន់តែទាមទារឲ្យសងប្រាក់ចំនួន១ម៉ឺនដុល្លារ ដែលអ្នកស្រីបានចេញមុខទៅខ្ចីគេឲ្យ ក្នុងពេលលោកមានបញ្ហាលុយកាក់កាលពីត្រូវរ៉ូវគ្នា។

យោងតាមការបង្ហោះរបស់អ្នកស្រីរស្មីបានអះអាងថា ទឹកប្រាក់ប្រមាណ៥ម៉ឺនដុល្លារអូស្រ្តាលី ដែលប្រហាក់ប្រហែលនឹងជាង៤ម៉ឺនដុល្លារនោះ ពិតជាមិនបានចូលហោប៉ៅរបស់លោក រចនា ដួង ទាំងស្រុងប្រាកដមែន ប៉ុន្តែអ្នកស្រីប្រកាសថាបើគ្មានវត្តមានរបស់លោក ប្រកាសថាថាស្រឡាញ់អ្នកស្រី ក៏អ្នកស្រីមិនឡើងចុះស្រុកខ្មែររហូតដល់ទៅ៣ដង និងផ្ញើនេះផ្ញើនោះឲ្យលោកម្ដងហើយម្ដងទៀត រហូតខាតបង់អស់ដល់ច្រើនម៉ឺនដុល្លារនោះដែរ។

អ្នកស្រីថា ក្នុងចំណោមទឹកប្រាក់ដែលបានបង់ខាតសរុបជាង៥ម៉ឺនដុល្លារ លោករចនា ដួង ក៏ចូលហោប៉ៅបានច្រើននោះដែរ ដោយសារតែអ្នកស្រីរមែងផ្ញើមកជាហូរហែរក្នុងពេលគ្រួសាររបស់លោកមានជំងឺចូលពេទ្យវះកាត់ក្នុងពេទ្យ ក្នុងពេលម្ដាយរបស់លោកចង់ធ្វើបុណ្យ និងក្នុងពេលដែលលោកមានបញ្ហាទ័លលុយម្ដងៗជាដើម។ ក្រៅពីផ្ញើលុយសុទ្ធឲ្យហូរហែរ លោករចនា ដួង ក៏ត្រូវអ្នកស្រីផ្ញើអោយនូវ Iphone 7 និងរបស់របរមានតម្លៃជាហូរហែរផងដែរ ដោយកាដូទាំងនោះអ្នកស្រីប្រកាសថាមិនមែនផ្ញើឲ្យក្នុងនាមជាអ្នករាប់អានគ្នានោះទេ គឺផ្ញើឲ្យក្នុងនាមជាគូស្នេហ៍ផ្គត់ផ្គង់ឲ្យគ្នាទៅវិញទៅមក។
អ្នកស្រីប្រកាសថាបានចេញមុខធានាលុយអ្នកនៅស្រុកខ្មែរឲ្យលោកចំនួន១ម៉ឺនដុល្លារកាលពីមុនមានរឿង ដោយភាគីខាងម្ចាស់លុយក៏មានឯកសារទទួលស្គាល់របស់លោកនោះផង បន្ថែមពីលើទឹកប្រាក់ដែលអ្នកស្រីបានប្រគល់ឲ្យតិកតក់ៗតាំងពីបានស្រឡាញ់គ្នា។ អ្នកស្រីបញ្ជាក់ថា រាល់ការខាតបង់របស់អ្នកស្រីគឺមិនទាមទារវិញទេ ប៉ុន្តែសម្រាប់ទឹកប្រាក់១ម៉ឺនដុល្លារដែលអ្នកស្រីចេញមុខធានាខ្ចីពីគេឲ្យ គឺអ្នកស្រីលែងទទួលដឹងឮ។

អ្នកស្រីនៅតែបន្តថាលោករចនា ដួង បានបោកចិត្តអ្នកស្រី ដោយក្រៅពីធ្វើឲ្យអ្នកស្រីខាតបង់ពេលវេលា ក៏ខាតបង់ប្រាក់កាសមិនតិចម៉ឺន។ អ្នកស្រីព្រមានប្រសិនបើ លោករចនា ដួង នៅតែបន្តគេចវេះមិនលើកទូរសព្ទរបស់ម្ចាស់លុយ១ម៉ឺនដុល្លារ ដោយម្ចាស់លុយនោះនឹងពង្រីករឿងឲ្យធំដរាបណាលោកមិនទាន់ដោះស្រាយបំណុលនោះបាន។

ជាមួយគ្នានោះ អ្នកស្រីក៏ប្រកាសឲ្យលោកដាក់បណ្ដឹងពីបទបរិហារករ្តិ៍តាមចិត្ត នៅទូត ឬនៅតុលាការផងដែរ ដោយអ្នកស្រីប្រកាសថានឹងបន្តបញ្ចេញសារឆ្លើយឆ្លងយ៉ាងលម្អិតក្នុងពេលត្រូវរ៉ូវ។

ជុំវិញការបង្ហោះជាថ្មីនេះ លោករចនា ដួង មិនទាន់មានប្រតិកម្មទេ តែលោកធ្លាប់បានសម្ភាសន៍ថា រវាងលោក និងអ្នកស្រីក្នុងពេលស្គាល់គ្នាគឺអ្នកស្រីមិនបានជះលុយជាដុំកំភួនឡើយ គឺអ្នកស្រីយកតែមកស៊ីចាយៗក្នុងពេលចុះមកលេងស្រុកខ្មែរប៉ុណ្ណោះ។ យ៉ាងណាមិញ លោកបានទទួលស្គាល់អ្នកស្រីធ្លាប់ធានាលុយពីគេឲ្យលោកបាន១ម៉ឺនដុល្លារ តែបណ្ដាលមកពីអ្នកស្រីប្រកាសមិនឲ្យសង ទើបលោកគិតថាខ្លួនអត់មានបន្ទុកលើបំណុលនោះ។ លោកថាក្នុងពេលត្រូវរ៉ូវអត់ដែលទាមទារឲ្យអ្នកស្រីឲ្យនេះឲ្យនោះ នោះទេ ប៉ុន្តែមកពីអ្នកស្រីជាអ្នកប្រគល់ឲ្យដោយខ្លួនឯង ទើបលោកយល់ថាការទទួលរបស់លោកគឺមិនមែនជារឿងបោកប្រាស់៕

មតិយោបល់