ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រោយការប្រគំតន្ត្រីពីគ្រឿងញៀនក្រោមវត្តមាន ឱក សុគន្ធកញ្ញា គម្រោងយក្សពីររបស់ផលិតករកូរ៉េត្រូវបានរំលេច

ក្នុងវេទិកាសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី៩ សីហា ដែលមានតារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា ក្រុមផលិតករបានអះអាងថាខ្លួនមិនត្រឹមតែមានគម្រោងរៀបចំកម្មវិធីប្រគំតន្ត្រីប្រឆាំងគ្រឿងញៀនដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១៩ សីហា ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងមានការផែនការបើកការប្រគំតន្ត្រីបែបសប្បុរធម៌ច្រើនបន្តទៀតដើម្បីជាប្រជាយោជន៍ដល់កុមារ និងទុរគតជននៅកម្ពុជាផងដែរ។ អ្វីដែលគេកាន់តែមានការភ្ញាក់ផ្អើលគឺ អ្នករៀបចំការប្រគំតន្ត្រីដែលជាផលិតករកូរ៉េដដែលនេះ បានប្រកាសអោយដឹងពីគម្រោងបង្កើតទូរទស្សន៍ថ្មីមួយនៅកម្ពុជា និងគម្រោងបង្កើតទីក្រុងរណបមួយបន្ថែមទៀតនៅកម្ពុជាដូចគ្នា ដែលធ្វើអោយគេកាន់តែមើលឃើញពីសក្កានុពលរបស់ក្រុមការងារកូរ៉េដែលជារៀបចំការប្រគំតន្ត្រីបែបសប្បុរសធម៌នោះ។

អ្នកស្រី Yoo Rina ជាជនជាតិកូរ៉េ នាយកមូនិធិវប្បធម៌កម្ពុជាអន្តរជាតិដែលជាអ្នករៀបចំកម្មវិធី បានអះអាងថា ជាលើកទី១ដែលអ្នកស្រីបានរួមចំណែកបើកការប្រគំតន្ត្រីបំផុសពីផលប៉ះពាល់គ្រឿងញៀន ដោយថ្ងៃដំបូងគឺថ្ងៃទី១៧ សីហា ធ្វើនៅវិទ្យាល័យសិរីដីដុះនៅស្រុកកៀនស្វាយ និងចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៣ សីហា ធ្វើនៅបរិវេណបុរីចម្ការដូង ដោយមានទាំងកំពូលតារាចម្រៀងល្បីឈ្មោះគឺ ឱក សុគន្ធកញ្ញា បានចូលច្រៀងផង។

អ្នកស្រីថា នេះជាយុទ្ធនាការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនមួយដ៏ធំ ដែលក្រុមរបស់អ្នកស្រី និងតារាចម្រៀងរបស់កម្ពុជាបានរួមគ្នាធ្វើ ដោយក្នុងព្រឹត្តិការណ៍នោះក៏មានលោក សាម៉ន បណ្ឌិត្យ អគ្គនាយករងទូរទស្សន៍NTV ជួយសម្រួលរឿងផ្ទាយបន្តផ្ទាល់ និងជួយសម្រួលរឿងការងារមួយចំនួនផង។

អ្នកស្រីបានបង្ហាញពីការចាប់អារម្មណ៍ចំពោះវត្តមានតារាល្បីៗនៅក្នុងប្រទេសកម្ពុជាដែលបានរួមចំណែកជាពិសេសគឺវត្តមានរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ឌីជេ នេន ទុំ ក្រុមបង្ហាញម៉ូដBN ក្រុមតារាចម្រៀងរបស់BN និងតារាសិល្បៈជាច្រើនរូបទៀតដែលបានស្ម័គ្រចិត្តជួយច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីដែលមានខ្លឹមសារឃោសនាពីការរួមគ្នាលុបបំបាត់គ្រឿងញៀននៅក្នុងសហគមកម្ពុជាដែលអ្នកស្រីសម្រេចចិត្តរៀបចំ។

ក្នុងវេទិកានោះអ្នកស្រីក៏បានទទួលការអញ្ជើញចូលរួមពីតារាចម្រៀងល្បីៗមកពីប្រទេសកូរ៉េផងដែរ ដើម្បីរំលេចព្រឹត្តិការណ៍ប្រគំតន្ត្រីពីការយុទ្ធនាការឃោសនាអោយបំបាត់គ្រឿងញៀនដែលមានតារាកម្ពុជាអោយកាន់តែមានភាពអាធឹកអាធ័ម។ បន្ថែមពីលើការប្រកាសអោយដឹងពីគម្រោងរៀបចំការប្រគំតន្ត្រីជួយដល់សង្គមមួយនោះ អ្នកស្រីក៏បានប្រកាសអោយដឹងថាអ្នកស្រីបានបោះទុនចំនួន១០០០លានដុល្លាររួចហើយ ក្នុងការស្ថាបនាទូរទស្សន៍ធំមួយនៅក្នុងប្រទេសកម្ពុជា ដោយទូរទស្សន៍ថ្មីរបស់អ្នកស្រីនឹងបើកដំណើរក្នុងពេលដ៏ខ្លី ដើម្បីពង្រីកនូវការផ្សព្វផ្សាយនៅពេលអ្នកស្រីមានការរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីបែបសប្បុរសធម៌ដូចគ្នានឹងការប្រគំតន្ត្រីស្ដីពីយុទ្ធនាការគ្រឿងញៀននៅក្នុងពេលនេះ។

ក្រៅពីនោះអ្នកស្រីក៏នឹងបោះទុនបង្កើតទីក្រុងរណបធំមួយ ដែលនឹងជួយកែប្រែមុខមាត់ ជាយក្រុងមួយកន្លែងអោយក្លាយជាឋានសួគ៍ក្នុងពេលបន្តបន្ទាប់គ្នាផងដែរ។ អ្នកស្រីថាក្រុមការងារខ្លួននឹងផ្ដោតកាន់តែខ្លាំងលើការរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ និងការផលិតកម្មវិធីទូរទស្សន៍ជាលក្ខណៈប្រកួតប្រជែង ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋកម្ពុជា។

លោក Kim Sungman ជាជនជាតិកូរ៉េដែលជាអ្នកសហការរៀបចំ និងជានាយកកម្មវិធីតន្ត្រីសប្បុរសធម៌«សុបិន្តនៃក្ដីស្រឡាញ់សម្រាប់អនាគត» ក៏បានអះអាងដែរថា ដោយសារតែមើលឃើញពីគម្រោងយក្សទាំង២របស់លោកស្រី យូរីណានោះហើយ ទើបលោកចាប់ដៃអ្នកស្រីបង្កើតជាការប្រគំតន្ត្រីបែបសប្បុរសធម៌ចាប់ពីការរៀបចំនេះតទៅ ដោយលោករំពឹងថាព្រឹត្តិការណ៍ដែលលោករៀបចំជាមួយនឹងអ្នកស្រី នឹងកាន់តែមានឥទ្ធិពលជួយដល់កម្ពុជានោះផង។

លោកថាក្នុងពេលបន្តបន្ទាប់ ព្រឹត្តិការណ៍ប្រគំតន្ត្រីដើម្បីរ៉ៃអង្គាសថវិការជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងតារាសិល្បៈក្រីក្រនឹងត្រូវធ្វើឡើងញឹកញាប់ដោយកម្មវិធីទាំងនោះសុទ្ធតែមានតារាមកពីកូរ៉េចូលរួម។

លោកសាម៉ន បណ្ឌិត្យ ទទូចអោយមានការគាំទ្រដល់កម្មវិធីប្រគំតន្ត្រីស្ដីពីយុទ្ធនាការគ្រឿងញៀនរបស់លោកស្រីយូរីណា និងលោកគីម អោយបានច្រើន ដោយបញ្ជាក់ថាបើកម្មវិធីនេះជោគជ័យ នោះក្រុមកូរ៉េទាំង២ នឹងកាន់តែមានកម្លាំងចិត្តជួយដល់កម្ពុជា ប៉ុន្តែបើមានឧបសគ្គក៏ពិតជាធ្វើអោយគម្រោងប្រគុំតន្ត្រីដើម្បីជាប្រយោជន៍ដល់កម្ពុជាផ្សេងៗដែលអ្នកទាំង២ គ្រោងទុកមានការរាំងស្ទះ។ ដោយមើលឃើញពីជំហររបស់ភាគីកូរ៉េទាំង២នោះហើយ ដែលលោកប្រឹងប្រែងខ្នះខ្នែងយ៉ាងខ្លាំងដើម្បីអោយគម្រោងរបស់លោកស្រី យូរីណា និងលោកគីម កាន់តែរលូនទៅមុខ ដោយលោកបញ្ជាក់ថាក្រោយពីគម្រោងទូរទស្សន៍របស់លោកស្រីដំណើរគឺសកម្មភាពសប្បុរធម៌នានានឹងកាន់តែមានរូបរាងច្រើនឡើង៕

មតិយោបល់