ជាធម្មតា ជំងឺហើមពោះ កើតឡើងដោយសារតែការទទួលទានអាហារមិនល្អ ដែលនាំឲ្យរំខានដលល់មីក្រុបនៅក្នុងបំពង់អាហារ។ លទ្ធផល ប្រព័ន្ធរំលាយអាហារនឹងដំណើរការមិនត្រឹមត្រូវ ដែលបង្កឲ្យកើតមានបញ្ហាហើមពោះ ទល់លាមក និងរាគរួសជាដើម។ ទោះជាយ៉ាងណាក៏ដោយ បើយោងតាមអ្នកឯកទេសផ្នែកសុខភាព បានមានប្រសាសន៍ថា ស្ថានភាពមួយនេះក៏អាចជាសញ្ញាព្រមាននៃជំងឺមហារីក៣ប្រភេទ ដូចជា មហារីកពោះវៀនធំ មហារីកក្រពេញអូវែ និងមហារីកក្រពះ ប្រសិនបើវាអូសបន្លាយពេលយូរមិនព្រមបាត់។
១.មហារីកពោះវៀនធំ
នេះគឺជាជំងឺមហារីកទូទៅបំផុតនៅក្នុងចក្រភពអង់គ្លេស ដែលអ្នកជំងឺភាគច្រើនត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញនៅអាយុ ៥០ឆ្នាំឡើងទៅ។ ចំពោះរោគសញ្ញាដែលគួរឲ្យកត់សម្គាល់រួមមាន ឈឺចាប់ក្នុងពោះខុសប្រក្រតី ហើមពោះ និងមិនស្រួលក្នុងពោះ។
ប្រសិនបើរោគសញ្ញាទាំងនេះ នៅតែបន្តកើតមានយូរថ្ងៃមិនព្រមបាត់សោះ សូមប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីស្វែងរកមូលហេតុពិតភ្លាម។
២.មហារីកក្រពេញអូវែ
សញ្ញានៃជំងឺមហារីកក្រពេញអូវែ ច្រើនតែពិបាកក្នុងការរកមើល ហើយងាយច្រឡំជាមួយនឹងជំងឺទទូទៅមួយចំនួន។ អ្នកជំនាញនៅសមាគមន៍ស្រាវជ្រាវជំងឺមហារីកប្រទេស អង់គ្លេស បានបង្ហាញថា ស្ត្រីប្រហែលជា ៧.៣០០នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញមានជំងឺមហារីក ហើយក្នុងចំណោមពួកគេទាំងអស់ មានឱកាសរស់បានប្រហែលជា ៣៥ភាគរយតែប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត Alison Wint មានប្រសាសន៍ថា «ប្រសិនបើអ្នកមានអារម្មណ៍ឈឺចាប់ខ្លាំងក្នុងពេលរយៈពេល៣សប្តាហ៍ ឬយូរជាងនេះមិនព្រមបាត់ វាអាចជាជំងឺមហារីកក្រពេញអូវែ»។
ប្រសិនបើ ជំងឺមហារីកត្រូវបានរកឃើញដំណាក់កាលដំបូង គឺអាចព្យាបាលឲ្យជាសះស្បើយទាំងស្រុងបាន។ ប៉ុន្តែអ្នកជំនាញបានបញ្ជាក់ទៀតថា ជំងឺមហារីកប្រភេទនេះ ងាយនឹងយល់ច្រឡំជាមួយនឹងជំងឺរលាកពោះវៀន។
៣.មហារីកក្រពះ
ប្រភេទនៃជំងឺមហារីកនេះ ភាគច្រើនកើតឡើងចំពោះបុរសដែលមានអាយុលើសពី ៥៥ឆ្នាំ និងប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅក្នុងមួយឆ្នាំៗ។ ក្រុមអ្នកជំនាញមានប្រសាសន៍ថា មនុស្សដល់ទៅ ៧.០០០នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកក្រពះជារៀងរាល់ឆ្នាំនៅចក្រភពអង់គ្លេស។ សញ្ញាដំបូងនៃជំងឺមហារីកនេះ ជាធម្មតាមានលក្ខណៈហើមពោះលឿន បន្ទាប់ពីបរិភោគ។
ការឧស្សាហ៍ហើមពោះកើតឡើងដោយសារតែការកើនឡើងនៃសារធាតុរាវ ឬមានការឈឺចាប់ដោយសារតែការលូតលាស់នៃដុំសាច់។ មិនតែប៉ុណ្ណោះក្បាលពោះអាចរីកកាន់តែធំឡើងៗ បើទោះបីជាអ្នកមិនឡើងទម្ងន់ ឬមិនញ៉ាំអាហារក៏ដោយ៕
ប្រភពៈ soha
មតិយោបល់