ព័ត៌មានសិល្បៈ និងកម្សាន្ត

មហោស្រពភាពយន្តខ្លីចតុមុខឆ្នាំ២០១៦ ប្រកាសដំណើរការ

ភ្នំពេញៈ នៅថ្ងៃទី៨កក្កដានេះ មហោស្រពភាពយន្តខ្នាតចតុមុខ បានប្រកាសធ្វើឡើងទៀតហើយសម្រាប់ឆ្នាំ២០១៦ដោយកំណត់យកប្រធានបទ “ជួញដូរមនុស្ស និងការចំណាកស្រុក” ឲ្យអ្នកប្រកួតប្រជែងផលិតជាវីដេអូចូលរួមប្រកួតប្រជែង។ មហោស្រពភាពយន្តនេះ ដំណើរការច្រើនឆ្នាំមកហើយ ក្រោមវត្តមានចូលរួមរបស់ក្មេងៗដែលមានគំនិតបង្កើតសាច់រឿង និងផលិតជាវីដេអូយ៉ាងច្រើននៅទូទាំងប្រទេស។

ប្រធានបទសម្រាប់ឆ្នាំនេះ ត្រូវគេមើលឃើញថា មានភាពទាក់ទាញ ដើម្បីឲ្យយុវវ័យ ជាពិសេស គឺអ្នកដែលមានគំនិតផលិតស្នាដៃភាពយន្តខ្នាតខ្លី ទទួលបាននូវបទពិសោធន៍ក្នុងការប្រកួតប្រជែង។

លោក ស៊ុ ស៊ីថែន ទីប្រឹក្សាទូទៅរបស់ក្រុម ”កុនខ្មែរកូនខ្មែរ” និងជាផ្ដើមឲ្យមាន មហោស្រពមួយនេះ បានអះអាងថា មហោស្រពចតុមុខឆ្នាំ២០១៦(CSFF2016) នឹងកំណចាប់ផ្ដើមពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ដើម្បីឲ្យភាពយន្តខ្នាតខ្លីរបស់មានស្នាដៃត្រូវបានទទួលស្គាល់។ លោកថា ភាពយន្តដែលចង់ប្រកួតប្រកួតត្រូវទាក់ទងយកមកដាក់ ចាប់ពីថ្ងៃទី១៥កក្កដា រហូតដល់ថ្ងៃទី៣១ សីហា ដោយភាពយន្តទាំងនោះ ក៏នឹងត្រូវសម្រាំងផងដែរ មុនឈានដល់ការបង្ហាញជាសាធារណៈ នៅក្នុងព្រឹត្តិការណ៍។
កម្មវិធីនេះ លោកគឺមានបំណងតែមួយគត់ គឺបំផុសឲ្យយុវវ័យមានការយល់ដឹងកាន់តែច្រើនលើការផលិតសាច់រឿង ខ្លឹមសាររឿង និងយល់ដឹងពីការផលិតរឿងឈានទៅក្លាយជាអ្នកផលិតកុនអាជីព។ លោកថា វីដេអូទាំងអស់ត្រូវកំណត់ត្រឹមតែ៣០នាទី ហើយត្រូវស្ថិតក្រោមប្រធានបទដែលបានកំណត់ឡើងទើបអាចចូលរួមប្រកួតប្រជែងបាន។ មហោស្រពចតុមុខឆ្នាំនេះ លោកថា ទទួលបានការឧបត្ថម្ភមួយផ្នែកពីអង្គការ USAID សម្រាប់ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា ដោយសារតែប្រធានបទដែលបានធ្វើឡើង គឺស្របនឹងមាគ៌ារបស់អង្គនេះ។

លោក សៀង ម៉េង អនុប្រធានគម្រោងប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៅកម្ពុជារបស់អង្គការវីនរ៉ក់អន្តរជាតិបានលើកឡើងថា ការចូលរួមទប់ស្កាក់អំពើជួញដូរមនុស្ស គឺជាកតព្វកិច្ចរបស់មនុស្សគ្រប់រូបត្រូវចូលរួម។ ក្នុងនោះការបំផុសតាមរយៈភាពយន្តក៏ជារឿងសំខាន់ផងដែរ ដើម្បីបញ្ជ្រាបទៅដល់មហាជន។

លោកបន្តថាភាពយន្តដែលទទួលបានជយលាភីពីការប្រកួត នឹងត្រូវបានយកទៅផ្សព្វផ្សាយជាសាធារណៈដល់សហគមនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយស្នាដៃអ្នកឈ្នះផង និងដើម្បីឲ្យមានការចូលរួមទប់ស្កាត់នូវអំពើជួញដូរមនុស្សផង។

​កញ្ញា មាន សូនីតា ដែលជាឯកអគ្គរាជទូតសុឆន្ទៈ នៃគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ក៏បានថ្លែងដែរថា ខ្សែភាពយន្តស្ដីពីការជួញដូរ នឹងក្លាយជាសារមួយយ៉ាងសំខាន់ សម្រាប់អ្នកមានបំណងធ្វើចំណាកស្រុកដោយមិនបានដឹងច្បាស់ពីស្ថានភាព។ កញ្ញាថា យុវវ័យដែលមានសមត្ថភាព គួរតែដាក់ពាក្យប្រកួតលើការផលិតវីដេអូខ្លីៗនៅក្នុងព្រឹត្តិការណ៍នេះឲ្យបានកុះករ ដោយសារតែការផលិតរឿងខ្លីបែបនេះ គឺប្រភេទកាមេរ៉ាទូរស័ព្ទក៏ប្រើបាន។

ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ិន ចន្ទសាយ៉ា បានអះអាងថា មហោស្រពដែលបានបង្កើតឡើងនេះ បានធ្វើឲ្យមានការជំរុញកាន់តែប្រសើរពាក់ព័ន្ធនឹងការផលិតភាពយន្តពីកម្រិតខ្នាតខ្លីឈានទៅភាពយន្តស្ដង់ដារ។ ប្រធានបទដែលបានកំណត់យកនៅក្នុងឆ្នាំនេះ លោកថាក៏នឹងជួយឲ្យយុវវ័យរួមចំណែកលើកស្ទួយ និងទប់ស្កាត់កុំឲ្យមានការបំពានលើករណីជួញដូរមនុស្សនៅក្នុងប្រទេសផងដែរ៕

មតិយោបល់