ព័ត៌មានសិល្បៈ និងកម្សាន្ត

វ៉ានីឡា ចាប់ផ្ដើមភ័យពីសុវត្ថិភាពផ្ទាល់ខ្លួន!

ទើបតែបានប្រកាសថាសប្បាយចិត្តក្រោយតុលាការប្រកាសសាលក្រុមបានប៉ុន្មានម៉ោងសោះ តារាចម្រៀង Phleng Record នាង សុខ ចិន្តា ហៅ វ៉ានីឡា បានអះអាងថា កញ្ញាកំពុងចាប់ផ្ដើមផ្ទុះអារម្មណ៍ភិតភ័យទៅវិញ ជាពិសេសពាក់ព័ន្ធនឹងទំនុកចិត្តលើសុវត្ថិភាពផ្ទាល់ខ្លួន។

ក្នុងនោះនាងក៏មិនទាន់ច្បាស់ថាតើអតីតសង្សាររបស់នាងពិតជាត្រូវចាប់ដាក់គុកពេញរយៈពេលមួយឆ្នាំដូចអ្វីដែលបានប្រកាស ឬអាចនឹងមានការពន្យារពេលឲ្យនៅក្រៅឃុំនៅឡើយទេ។

វ៉ានីឡា និយាយថាពីដំបូងនាងពិតជាមានអារម្មណ៍ត្រេកអរចំពោះអ្វីដែលតុលាការកាត់ក្ដី ប៉ុន្តែមកទល់ពេលនេះក្នុងពេលដែលឈ្មោះគុយ សិទ្ធិស័ក្ដ មិនទាន់ត្រូវបានចាប់ខ្លួនមកផ្ដន្ទាទោសនៅឡើយ គឺនាងបែរជាចាប់ផ្ដើមមានអារម្មណ៍ភ័យបារម្ភពីសុវត្ថិភាព ដោយសារតែនាងហើយមនុស្សដែលបានធ្វើបាបនាងហើយស្រាប់តែត្រូវចាញ់ក្ដីចំពោះនាងបែបនេះ គឺពិតជាមិនទុកឲ្យនាងបានឈ្នះដោយស្រួល។

នាងថាក្រោយពេលសួរមេធាវី ហើយត្រូវមេធាវីបញ្ជាក់មិនច្បាស់ថាមិនដឹងពេលណាទើបអនុវត្តសាលក្រម គឺធ្វើឲ្យនាងភ័យៗតែម្ដង ដោយសារតែនាងប្រាប់ថាលោក គុយ សិទ្ធិស័ក្ត គំរាមនាងថាកុំសង្ឃឹមនឹងបានតុលាការស្វែងរកយុត្តិធម៌ឲ្យ ហើយបើទោះជាមានការកាត់ក្ដីបែបហ្នឹងពិតមែន ក៏គេមិនឲ្យនាងបានសុខនោះដែរ។ នាងថាសាលក្រមចេញហើយនាងគួរតែអរ ប៉ុន្តែចុងក្រោយនាងកាន់តេខ្លាចពីសុវត្ថិភាព ដោយសារតែនាងបានបំបាក់មុខអតីតសង្សារតាមរយៈតស៊ូមតិរហូតដល់ខាងតុលាការសម្រេចចិត្តកាត់ទោស១ឆ្នាំ និងឲ្យបង់សំណងជំងឺចិត្ត២០០លានរៀល (ប្រហាក់ប្រហែលនឹង៥ម៉ឺនដុល្លារអាមេរិច)។

នាងថាអត់សប្បាយចិត្តទេ ដរាបណាសាលក្រមមិនត្រូវបានអនុវត្ត ដែលអាចបញ្ចប់ស្ថានភាពនៅក្រៅប្រព័ន្ធតុលាការមកដាក់ពន្ធនាគារ។ យ៉ាងណាមិញ នាងក៏មានអារម្មណ៍កក់ក្ដៅជាងមុនផងដែរ បើធៀបនឹងអំឡុងពេលដែលនាងមិនមានការដោះស្រាយណាមួយដែលស្ទើរតែធ្វើឲ្យនាងអស់សង្ឃឹមក្នុងជីវិត។

នាងអះអាងថាសាលក្រមដែលបានចេញឡើងគឺមិនទាន់អាចឲ្យឈ្មោះ គុយ សិទ្ធស័ក្ដ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារនោះទេ ដរាបណាលោកមិនទាន់បញ្ចប់ការប្ដឹងតទល់ ដែលនាងយល់ថាស្ថានភាពជាក់ស្ដែងគឺពិតជាត្រូវអូសបន្លាយ។

នាងទទូចឲ្យតុលាការបន្តជួយនាងមួយតង់ចុងក្រោយ គឺត្រូវតែដាក់បន្ទុកឲ្យអតីតសង្សាររបស់ខ្លួនធ្វើការទទួលទោស និងបង់សំណងឲ្យបានឆាប់រហ័ស ទើបនាងអស់ចិត្ត តែបើដូចរាល់ថ្ងៃដែលខាងតុលាការ ក៏មិនបានប្រកាសថារហូតដល់ខែណា ឬហូតដល់ឈ្មោះគុយ សិទ្ធិស័ក្ដ នឹងត្រូវចាប់ខ្លួនបែបនេះ គឺនាងមិនមានទំនុកចិត្តចំពោះសុវត្ថិភាពរបស់ខ្លួនឡើយ៕

មតិយោបល់