នៅទីបំផុតក្រុមហ៊ុនចែកចាយភាពយន្តដ៏ធំប្រចាំនៅប្រទេសកម្ពុជាបានបង្ហាញពីកង្វល់របស់ខ្លួនយ៉ាងខ្លាំង បន្ទាប់ពីភាពយន្តខ្លះត្រូវបានលោកបញ្ជាក់ថាផលិតឡើងដោយគិតតែពីផលចំណេញ ហើយមិនមានគុណភាពសម្រាប់ទីផ្សារក្រៅស្រុក និងមិនមានស្ដង់ដារសម្រាប់អ្នកចេះដឹងពីវិស័យភាពយន្ត។
លោកទទូចឲ្យបណ្ដាផលិតករទាំងអស់យកចិត្តទុកដាក់ក្នុងពង្រឹងគុណភាពរឿងជាថ្មី ដើម្បីកុំឲ្យមានការវាយតម្លៃថាភាពយន្តខ្មែរនៅតែមានកម្រិត នៅក្នុងកាលៈទេសៈដែលពលរដ្ឋខ្មែរច្រើនឡើងកាន់តែយល់ពីកម្រិតរបស់ភាពយន្ត ដែលមិនអាចឆិនឆៃបានដូចមុន។
លោកបានថ្លែងបែបនេះក្នុងកិច្ចពិភាក្សាស្ដីពីបញ្ហាចោទរបស់ភាពយន្តខ្មែរកាលពីថ្ងៃទី១៨ ខែសីហា នៅរោងកុនទំនើបផ្សារសុវណ្ណា ក្នុងបំណងស្វែងយល់ និងរកគន្លឹះក្នុងការពង្រឹងគុណភាពរឿងឲ្យមានការលក្ខណៈប្រកួតប្រជែង។
លោក ស៊ុ ស៊ីថែន អ្នកចាត់ការទូទៅ របស់ក្រុមហ៊ុនចែកចាយភាពយន្តឈ្មោះ «ពូព្រហ្ម» និយាយថា ទីផ្សារ និងការចែកចាយភាពយន្តខ្នាតអន្តរជាតិកាន់តែផ្ដល់ឱកាសឲ្យភាពយន្តល្អៗរបស់កម្ពុជាមានលទ្ធភាពច្រើនឡើងលើឆាកអន្តរជាតិ ប៉ុន្តែលោកថាកម្ពុជានៅតែបិទឱកាសរបស់ខ្លួនដោយសារតែស្នាដៃដែលបានផលិតឡើងមួយចំនួននៅខ្វះចន្លោះ។
លោកបានយកវេទិកាពិភាក្សាចែករំលែកបទពិសោធន៍ ដោយមានអ្នកជំនាញភាពយន្តទាំងក្នុង និងក្រៅប្រទេសចូលរួមបញ្ចេញយោបល់។ លោកថាភាពយន្តក្នុងស្រុកត្រូវតែមានការយកចិត្តទុកដាក់ និងកែលម្អ បើដូច្នេះទេស្ថានភាពធ្លាក់ចុះ និងត្រូវកើតឡើងប្រសិនបើគុណភាពរបស់រឿងនីមួយៗនៅតែមានកម្រិត ហើយភាពយន្តបរទេសដែលវាយលុកចូល កាន់តែមានកម្រិងឥតខ្ចោះ។
លោកចង់មានការផ្សាភ្ជាប់ទំនាក់ទំនងរវាងផលិតករបរទេស និងផលិតករក្នុងស្រុក ដើម្បីស្វែងរកដំណោះស្រាយឲ្យកាន់តែល្អសម្រាប់ការផលិតភាពយន្តមួយដែលអាចទទួលយកបាន។ លោកបន្តទៀតថា កិច្ចពិភាក្សាដែលបានធ្វើឡើងមិនមានបំណងស្ដីបន្ទោស ឬបង្អាប់ស្នាដៃក្នុងស្រុកដែលបានខិតខំផលិតនោះទេ ប៉ុន្តែលោកថា «ពូព្រហ្ម» ចង់ឲ្យមានការលើកកម្ពស់ឲ្យកាន់តែប្រសើរ សម្រាប់វិស័យភាពយន្តខ្នាតធំពោលគឺឲ្យដូចគ្នានឹងប្រទេសជិតខាងដែលកាន់តែមានការឈានឡើង។
លោកនឹងបើកឲ្យមានកិច្ចពិភាក្សាដូចគ្នានឹងអ្វីដែលបានធ្វើឡើងកាលពីថ្ងៃទី១៨ សីហា ឲ្យបានញឹកញាប់តាមតែអាចធ្វើទៅបាន ដើម្បីទទួលបានគោលគំនិតថ្មីៗ ដូចជាផែនការ និងរបៀបរបបក្នុងការផ្សព្វផ្សាយរឿង ដើម្បីធ្វើឲ្យយ៉ាងណា គឺធ្វើឲ្យភាពយន្តក្នុងស្រុកមានការយកចិត្តទុកដាក់លើគុណភាពតាំងពីមុនផលិត រហូតដល់ផលិតរួច ដើម្បីឲ្យរឿងដែលលេចរូបរាងគឺមានកម្រិតប្រកួតប្រជែង។ លោកថាបើរឿងខ្មែរមានគុណភាពកាន់តែល្អពេញលេញ នោះពូព្រហ្ម ក៏មិនខ្វះទីផ្សារចែលចាយទៅកាន់ក្រៅប្រទេសនោះដែរ អ៊ីចឹងហើយទើបលោកទទូចឲ្យក្រុមផលិតករមើលឃើញពីចំណុចសំខាន់មួយនេះទាំងអស់គ្នា។
លោក ស៊ុ ស៊ីថែន បន្តថា បច្ចុប្បន្នភាពយន្តរបស់ខ្មែរកាន់តែមានការវិវត្តន៍ឡើង ប៉ុន្តែក៏នៅតែមានផលិតករខ្មែរមួយចំនួនផងដែរ ដែលនៅបន្តផលិតរឿងដោយសំដៅតែប្រាក់ចំណូល និងការចំណេញឲ្យបានរហ័ស ដោយមិនបានគិតឲ្យបានទូលំទូលាយលើគុណភាពរបស់ភាពយន្ត និងស្ដង់ដារបច្ចេកទេស។ ក្នុងនាមជាអ្នកចែកចាយ លោកថាចង់ឲ្យមានភាពយន្ដដែលល្អលើគុណភាព ប្រជែងលើទីផ្សារឲ្យបានច្រើន ដើម្បីកុំឲ្យកើតមានបញ្ហារិះគន់ភាពយន្តក្នុងស្រុក ឬការបាត់ទំនុកចិត្តពីអ្នកទស្សនា ដែលនាំឲ្យវិស័យមួយនេះធ្លាក់ចុះ។ លោកថាមិនមានអ្វីល្អជាងការជំរុញគុណភាពនោះទេ ហើយលោកក៏នឹងប្រឹងប្រែងជម្រុញទីផ្សារផងដែរ ដើម្បីជួយលើកស្ទួយវិស័យភាពយន្តឲ្យមាននិរន្តរភាពឈានឡើងបានយូរអង្វែង៕
មតិយោបល់