នៅទីបំផុតព្រឹត្តិការណ៍ Runway Ready Designer Search 2017 និង Asian Fashion Week ដែលមានការប្រកួតប្រជែងស្នាដៃម៉ូដសំលៀកបំពាក់ប្រចាំឆ្នាំនៅក្នុងតំបន់អាស៊ាន គឺប្រទេសដែលបានពានជើងឯកគឺប្រទេសវៀតណាម បន្ទាប់ពីម៉ូដរបស់ប្រទេសនេះមានលក្ខណៈទាក់ទាញឈ្នះលើប្រទេស៩ផ្សេងទៀត បូករួមទាំងឈុតផ្ការំដួល និងល្ខោនស្បែកធំរបស់កម្ពុជាផង។
យ៉ាងណាមិញ ឈុតដែលកែច្នៃដោយយុវជនកម្ពុជា ដែលបានរំលេចផ្ការំដួល និងល្ខោនស្បែកធំក្នុងឈុតដែលយកទៅប្រកួតបប្រជែងនោះ ក៏មានភាពទាក់ទាញខ្លាំងដែរ បើទោះមិនបានជ័យលាភី។
ការប្រកួតដែលបានធ្វើឡើងនៅក្នុងទីក្រុងកូឡាឡំាពួប្រទេសម៉ាឡេស៊ីនោះ មានការចូលរួមពីអ្នកឌីហ្សាញជាម្ចាស់ជ័យលាភីតំណាងប្រទេសទាំង១០ចំនួននោះ២០រូប ដោយក្នុងមួយប្រទេសគឺមានបេក្ខភាព២រូបដែលត្រូវបានក្រុមហ៊ុន AirAsia ជ្រើសរើសបានតាមការប្រកួតប្រជែង។ ការប្រកួតដែលបានធ្វើឡើងគឺមួយប្រទេសមាន៦ឈុត ដោយឈុតទាំង៦គឺមានរំលេចនូវគំនិតច្នៃប្រឌិត និងអត្តសញ្ញាប្រទេសរៀងខ្លួន ខណៈដែលកម្ពុជាបានរំលេចផ្ការំដួល និងល្ខោនស្បែកធំ យកទៅប្រកួតប្រជែង។
ការប្រកួតដែលធ្វើឡើងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែឈុតរបស់ប្រទេសទាំង១០សុទ្ធតែមានលក្ខណៈពិសេសរាងខ្លួន ដែលធ្វើអោយព្រឹត្តិការណ៍ Asian Fashion Show កក្រើកទីក្រុងកូឡាឡាំពួតែម្ដងតាំងពីដើមរហូតដល់ចប់។
លោកសាវុធប៉េងហ៊ុយ ដែលជាអ្នកច្នៃម៉ូដដោយរំលេចអត្តសញ្ញាណល្ខោនស្បែកធំ និងជានិស្សិតវ័យក្មេងមកពីសាកលវិទ្យាល័យលីមកុកវីង គឺជាបេក្ខភាពតំណាងអោយកម្ពុជាដែលមានក្ដីសង្ឃឹមខ្ពស់យ៉ាងខ្លាំងដោយសារតែម៉ូដដែលលោកកែច្នៃក្រៅពីមានលក្ខណៈទាក់ទាញ ក៏មានបង្កប់អត្ថន័យជ្រាលជ្រៅ។ លោកបានចំណាយថវិកាផ្ទាល់ខ្លួនក្នុងការកែច្នៃម៉ូដរបស់ខ្លួនចំនួន៣យកមកប្រកួតប្រជែង ដោយឈុតរបស់លោកត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង។ ដោយឡែកសម្រាប់បេក្ខជន គង់ សុធា ដែលជានិស្សិតឆ្នាំទី៣នៅសាកលវិទ្យាល័យលីមកុកវីងផងដែរ និងជាអ្នកច្នៃម៉ូដដោយរំលេចផ្ការំដួលអោយមានភាពរស់រវើក ក៏ជាក្ដីសង្ឃឹមរបស់កម្ពុជាផងដែរ ប៉ុន្តែក្ដីសង្ឃឹមទាំងនេះត្រូវបានជ្រុះបាត់ដោយសារតែម៉ូដដែលច្នៃដោយប្រទេសវៀតណាម របស់កញ្ញា Tran Thi Tu ទទួលបានចំណាត់ថ្នាក់លេខ១ គឺឈ្នះទាំងម្ចាស់ផ្ទះម៉ាលេស៊ីនោះផង។
អ្នកស្រី Aireen Omar នាយកប្រតិបត្តិរបស់ក្រុមហ៊ុន AirAsia ដែលជាអ្នករៀបចំព្រឹត្តការណ៍បានអះអាងថា បើទោះស្នាដៃឌីហ្សាញម៉ូដរបស់កម្ពុជាមិនទទួលបានចំណាត់ថ្នាក់ ប៉ុន្តែស្នាដៃទាំងពីរនេះ ក៏បង្ហាញអោយឃើញពីគំនិតច្នៃប្រឌិតខ្ពស់ និងត្រូវតាមស្ដង់ដារការប្រកួតប្រជែង Fashion លំដាប់ពិភពលោកផងដែរ។ អ្នកស្រីថា កម្ពុជាទើបតែបានចូលរួមក្នុងព្រឹត្តិការណ៍នេះជាលើកដំបូងប៉ុណ្ណោះ ប៉ុន្តែព្រឹត្តិការណ៍ Runway Ready Designer Search និង Asian Fashion Week រៀបចំឡើងចំនួន៣លើកហើយ ដោយក្រុមហ៊ុនអាកាសចរណ៍ AirAsia ។
អ្នកស្រីថាខ្លួននឹងបន្តព្រឹត្តិការណ៍នេះជាលើកទី៤ ដោយនៅឆ្នាំក្រោយក្រុមហ៊ុនក៏នឹងចំណាយលុយកាក់រៀបចំការប្រកួតជ្រើសរើសអ្នកឌីហ្សាញវ័យក្មេងនៅតាមប្រទេសទាំំង១០នៅអាស៊ាន ដើម្បីជ្រើសយក២នាក់អោយមកប្រកួតជាអន្តរជាតិដូចគ្នានឹងឆ្នាំនេះដែរ។ ទោះជាឈុតរបស់ជនជាតិវៀតណាមទទួលចំណាត់ថ្នាក់លេខ១ ប៉ុន្តែអ្នកស្រីថាឈុតដែលឌីហ្សាញដោយយុវជនខ្មែរ ដែលបានរំលេចផ្ការំដួល និងល្ខោនស្បែកធំ ក៏ជាឈុតដែលមានចំណុចពិសេសផងដែរដោយចាញ់ពិន្ទុឈុតរបស់ម្ចាស់ពានតែបន្តិចបន្តួចប៉ុណ្ណោះ៕
មតិយោបល់