ព័ត៌មានសិល្បៈ និងកម្សាន្ត

ទម្លាយឈ្មោះតារាសម្ដែង ដែលកុងត្រាផ្ដាច់មុខក្នុងផលិតកម្មមួយ!

នាពេលបច្ចុប្បន្ន គេកត់សម្គាល់ថាតារាល្បីឈ្មោះច្រើនឡើង ដែលបានសម្រេចចិត្តកុងត្រាផ្ដាច់មុខឲ្យផលិតកម្មនីមួយៗ និងបណ្ដាទូរទស្សន៍មួយចំនួន ដោយមិនអាចទទួលសិទ្ធិនៅខាងក្រៅផលិតកម្ម ឬទូរទស្សន៍ផ្សេងបាន។

ជាក់ស្ដែងគ្រាន់តែក្នុងផលិតកម្មមហាហង្សគឺមានតារារហូតដល់១៦រូប ត្រូវបានទម្លាយថាបានទទួលយកកុងត្រាផ្ដាច់មុខនៅក្នុងផលិតកម្មមហាហង្ស ដោយមិនអាចចេញថតក្នុងរឿងផ្សេងបានលើកលែងតែរឿងដុំក្នុងកុន។

តារាទាំង១៦នោះ គឺភាគច្រើនជាតារាល្បីៗដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង តែក៏មានតារាដែលទើបនឹងរះផងដែរ ដែលក្នុងចំណងកុងត្រានេះ គឺតារាទាំង១៦នាក់ ត្រូវកំណត់ឲ្យកុងត្រាពេញរយៈពេល៤ឆ្នាំ ដោយក្រៅពីទទួលបានកម្រៃពីការថតសម្ដែង ក៏ទទួលបានប្រាក់ខែជាប្រចាំខែផងដែរ។

លោកអ៉ិន និយាយថាមកទល់ពេលនេះ មានតែតារាកុងត្រានៅក្នុងផលិតរបស់លោកបានដល់១៦នាក់ហើយ ដោយតារាទាំង១៦មួយចំនួនជាតារាល្បីៗវ័យក្មេង មួយចំនួនជាតារាជើងចាស់ និងមួយចំនួនជាតារាកូនក្មេងផង។ យ៉ាងណាក៏ដោយ លោកថាតារាដែលខាងផលិតកម្មសម្រេចចិត្តកុងត្រាគឺមិនមានតារាណាម្នាក់ដែលមិនមានសមត្ថភាព និងមិនមានសម្រស់គ្រប់គ្រាន់សម្រាប់ការសម្ដែងនោះទេ។ លោកថាតារាទាំង១៦ ត្រូវកំណត់ឲ្យប្រាក់ខែជាប្រចាំ ក្នុងចំនួនមួយដែលចរចារគ្នា និងតម្រូវឲ្យថតរឿងយ៉ាងតិច២រឿងជាប្រភេទរឿងភាគ ដោយមិនរាប់បញ្ចូលការសម្ដែងនៅក្នុងរឿងដុំនៅឡើយ។

គ្រប់បណ្ដាទូរទស្សន៍ដែលចង់បានរឿងពីការផលិតរបស់មហាហង្ស លោកថាត្រូវតែទទួលយកតារាមួយចំនួនក្នុងចំណោមតារាដែលលោកកុងត្រា ដោយលោកបញ្ជាក់ថាបើច្រានចោលទាំងអស់ គឺលោកមិនធ្វើការផលិតឲ្យនោះទេ ដោយសារតែភាពជាក់ស្ដែងគឺតារាដែលមិនមានកុងត្រាគឺពិបាករឿងម៉ោងពេលថត ដោយសារតែតារាទាំងនោះមានរឿងថតច្រើន។ លោកនិយាយថាមហាហង្សនឹងបើកយុទ្ធសាស្រ្តទាក់ទាញតារាឲ្យចូលកុងត្រាឲ្យបានច្រើនឡើង ដោយសារតែតារាកុងត្រា គឺអត់ខ្វល់រឿងម៉ោងពេល ឬជាប់ថតឲ្យខាងណានោះទេ គឺសុខចិត្តចំណាយប្រាក់ខែមែន តែដល់ម៉ោងថតគឺដឹងតែថតឲ្យមហាហង្ស។

យ៉ាងណាមិញ គ្រប់តារាសិល្បៈ មិនសុទ្ធតែចង់កុងត្រាហើយមហាហង្សក៏ទទួលនោះទេ គឺលុះត្រាផលិតកម្មរបស់លោកកត់សម្គាល់ពីទីផ្សារក្នុងសិល្បៈដែរ។

ក្នុងចំណោមតារាទាំង១៦នោះ លោក អ៉ិន ទម្លាយពីតារាដែលមានទីផ្សារក្នុងពិភពសិល្បៈរួមមាន៖ លោកកែវ បូរ៉ា ជាអតីតហ្វ្រេស៊ី, អ្នកនាងភិន សុដាលីស, លោកអូន ឧស្សាហ៍, លោកភឹម តារាវិបុល, អ្នកនាងសឿន ផាភួង, លោកហម ឈរ៉ា, លោកហង្ស សម្បើមស័ក្ដ, លោកយឹម សម្បត្តិ, លោករិទ្ធីយ៉ាន, លោកស៊ិន សុគន្ធារិទ្ធិ, លោកអ៊ឹង សុធារិទ្ធិ ហៅដុកទ័ររិទ្ធិ, កញ្ញា ម៉ៅ គឹមធីតា កញ្ញាអារីយ៉ា កុមារីឈូឈូ កញ្ញាធី វណ្ណនីវ៉ា និងលោក ជា ភារុណ។ តារាទាំងនេះ ត្រូវបានកំណត់ថាមិនមានសិទ្ធិថតរឿងក្រៅពីផលិតកម្មមហាហង្សរហូតដល់រយៈពេល៤ឆ្នាំ ប៉ុន្តែអ្នកទាំង១៦ក៏ត្រូវទទួលបានការងារតាមរយៈកុងត្រានេះមិនឲ្យបាត់ស្រុតទីផ្សារផងដែរ។

មិនខុសពីផលិតកម្មមហាហង្ស នៅឯផលិតកម្មផ្សេងទៀត និងនៅប៉ុស្ដិ៍លេខ៥ឯណោះវិញ ក៏ប្រើយុទ្ធសាស្រ្តកុងត្រាផ្ដាច់មុខយកតារាសម្ដែងដូចគ្នាផងដែរ ដោយគ្រាន់តែមិនមានចំនួនច្រើនដូចគ្នានឹងផលិតកម្មមហាហង្សដែលបានដើរលើផ្លូវនេះមុន៕

មតិយោបល់