ខណៈដែលអ្នកទស្សនាច្រើនឡើងសម្រុកគ្នាទៅទិញសំបុត្រទស្សនារឿង«ហ្លួងព្រះស្ដេចកន»ក្នុងប៉ុន្មានថ្ងៃនេះ សំឡេងរិះគន់ក៏បានកើតឡើងជាបន្តបន្ទាប់ ជាពិសេសក្នុងរង្វង់ដែលអះអាងថាបានចេះចាំរឿងប្រវត្តិសាស្រ្តច្បាស់លាស់ក្នុងសម័យស្ដេចកន។ សំឡេងរិះគន់ត្រូវគេយកមកវាយប្រហារជាសាធារណៈនៅលើបបណ្ដាញហ្វេសប៊ុកគួរឲ្យកត់សម្គាល់ក្នុងប៉ុន្មានថ្ងៃនេះ។
អ្នកទស្សនាភាពយន្តរឿងស្ដេចកនជាច្រើនបានអះអាងថាភាពយន្តមួយនេះពិតជាមានគុណភាព ដោយអាចនិយាយបានថាភាពយន្តរបស់ខ្មែរដំបូងគេដែលត្រូវគេថតជាឈុតឆាកបែបប្រវត្តិសាស្រ្តបានល្អមិនចាញ់នឹងរឿងប្រវត្តិសាស្រ្តដែលបានផលិតឡើងនៅក្នុងប្រទេសមួយចំនួន។ ប៉ុន្តែនៅពេលវិភាគដល់ចំណុចថារឿងមួយនេះចំណាយអស់ដល់ជាង១លានដុល្លារ គឺម្នាក់ៗដែលអះអាងថាបានទៅចូលទស្សនាសម្ដែងអារម្មណ៍មិនជឿតែម្ដង ដោយអះអាងថាការផលិតមួយរឿងនេះ មិនអាចចំណាយដល់ជាង១លានដុល្លារដូចអ្វីដែលបានប្រកាសនោះទេ ដោយពួកគេសម្អាងថាតម្លៃតួសម្ដែងនៅក្នុងប្រទេសកម្ពុជាមិនសូវថ្លៃដូចជាតួសម្ដែងនៅក្រៅប្រទេស ហើយការរំលេចសេះ និងដំរី ក្នុងការធ្វើសង្គ្រាមទៀតសោត ក៏មិនសូវគគ្រឹកគគ្រេងដែលអាចឲ្យការចំណាយនោះឈានដល់ជាង១លានដុល្លារតាមការប្រកាសឡើង។ អ្នកទស្សនាខ្លះទៀតបានរិះគន់ថាភាពយន្តនេះហាក់ជ្រើសជ្រើសតួសម្ដែងមិនសូវបានល្អនោះទេ ដោយបានអះអាងថាមានប្លង់ជាច្រើនគឺថតមិនសូវទំនង ពិសេសការលេងទឹកមុខរបស់តួមួយចំនួននៅឆ្គងនៅឡើយ។ ក្នុងនោះទឹកមុខរបស់តួឯកប្រុសត្រូវគេអះអាងថានៅស្ទើរមួយចំនួន ដែលធ្វើឲ្យផ្ទៃរឿងទាំងមូលហាក់បាត់សម្រស់មួយផ្នែក។ អ្នកដែលបានទស្សនាខ្លះទៀតបានលើកឡើងថា ភាពយន្តនេះមានរយៈពេលវែងរហូតដល់ជាង២ម៉ោង ដែលងាយនឹងធ្វើឲ្យអ្នកទស្សនាងាយធុញ ដោយក្នុងពេលដាក់បញ្ចាំងរឿងគឺមានមនុស្សខ្លះដេកលក់ និងខ្លះថាមានអ្នកដើរចេញព្រោះតែសាច់រឿងវែងអន្លាយជ្រុល។ អ្វីដែលគេបានឮនូវការរិះគន់នោះច្រើនជាងគេ គឺថាសាច់រឿងដែលបានឆ្លុះបញ្ចាំងក្នុងភាពយន្តមិនត្រូវតាមទម្រង់ប្រវត្តិសាស្រ្តដែលគេបានដឹងពាក់ព័ន្ធនឹងស្ដេចកន ដែលបានចែងនៅក្នុងសៀវភៅប្រវត្តិសាស្រ្តសំខាន់ៗ។ ជាក់ស្ដែងម្ចាស់គណនីមួយចំនួនបានទាំងបង្ហោះជាសាធារណៈពីការរិះគន់នេះផង អមដោយសំណេរថាភាពយន្តរឿងស្ដេចកនគឺជារឿងដែលបានកាឡៃប្រវត្តិសាស្រ្ត ព្រោះតែមានបំណងចង់បំភ្លៃប្រវត្តិសាស្រ្តដើម្បីលើកកម្កើងជនក្បត់គឺនាយកន ឲ្យក្លាយទៅជាអ្នកស្នេហាជាតិ និងមានអ្នកយល់ថាជាមហាវីរៈបុរសខុសពីអ្វីដែលបានចែងទុកក្នុងសៀវភៅប្រវត្តិសាស្រ្ត។ អ្នកបង្ហោះរិះគន់ទាំងនោះនិយាយថា យោងតាមឯកសារប្រវត្តិសាស្រ្ត គឺនាយកនជាមនុស្សមានចរឹករឹងរូស មានៈ និងមានគំនិតជ្រែករាជតាំងពីបានតំណែងជាឃុនហ្លួង ប៉ុន្តែភាពយន្តដែលបានដាក់បញ្ចាំងក្រោយការផលិតបែរជាបានកាឡៃសាច់រឿងថានាយកនជាអ្នកមានបុណ្យ និងបានប្រឌិតសាច់រឿងបណ្ដុះបង្អាប់ដល់ព្រះរាជា និងច័ន្ទរាជា ដែលអ្នកទាំងនោះបានហៅសាច់រឿងក្នុងកុននាយកនថាជារឿងកាឡៃប្រវត្តិសាស្រ្ត។
អ្នកគាំទ្រខ្លះបានទាំងហៅភាពយន្តមួយនេះ ដែលបានផលិតឡើងក្នុងបំណងបម្រើដល់ផលប្រយោជន៍បុគ្គល និងចង់លើកតម្កើងអ្នកក្បត់នោះផង ទើបធ្វើឲ្យភាពយន្តប្រវត្តិសាស្រ្តមួយនេះរងការរិះគន់។ យ៉ាងណាក៏ដោយក្រោមសំឡេងរិះគន់ ក៏មានអ្នកបញ្ចេញមតិគាំទ្រ និងថាអ្វីដែលខាងផលិតករផលិតឡើងគឺសម្អាងលើឯកសារ និងថាអ្នករិះគន់អាចមិនបានដឹងសាច់រឿងស៊ីជម្រៅជុំវិញរឿងរ៉ាវរបស់ស្ដេចកននោះផងដែរ។
មកទល់ពេលនេះភាពយន្តរឿងស្ដេចកននៅតែត្រូវគេកត់សម្គាល់ថាមានទាំងការកោតសរសើរ និងការរិះគន់ព្រមគ្នា ខណៈដែលការរិះគន់ជុំវិញការបំភ្លៃសាច់រឿងពិតៗ ដែលបានចារទុកនៅក្នុងប្រវត្តិសាស្រ្ត បានក្លាយជាប្រធានបទក្ដៅជាងគេដែលគេបានឃើញនៅលើហ្វេសប៊ុក។ លោកម៉ៅ អាយុទ្ធ ធ្លាប់បានអះអាងថាការផលិតរឿងមួយដែលនិយាយពីតួអង្គមួយ គឺពិតជាល្អៀងពីប្រវត្តិសាស្រ្តខ្លះៗ ដោយសារតែក្រុមអ្នកស្រាវជ្រាវប្រឹងស្រង់តែចំណុចលេចធ្លោររបស់តួអង្គមួយនោះយកមករំលេចជាផ្ទៃរឿង។ យ៉ាងណាក៏ដោយ គេរង់ចាំមើលប្រតិកម្មណាមួយជាថ្មីពីក្រុមផលិតករ ដើម្បីឆ្លើយតបនឹងការរិះគន់ ដែលត្រូវគេឃើញនៅក្នុងពេលនេះ៕
មតិយោបល់