ខ្សែជីវិតរបស់កុមារកុមារីក្រីក្ររស់នៅតំបន់អតីតកន្លែងចាក់សំរាមស្ទឹងមានជ័យបានផ្លាស់ប្តូរ ក្រោយទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់លំដាប់អន្តរជាតិ ដោយឥតគិតថ្លៃ នៅក្នុងសាលាបឋមសិក្សា នីសិនគ្រីប នៃអង្គការមូលនិធិកុមារកម្ពុជា។
លោកស្រី Marija Ralic អ្នកគ្រប់គ្រងកម្មវិធីក្រុមមនុស្សធម៌ ប្រចាំតំបន់អាស៊ី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី វគ្គបណ្តុះបណ្តាល ការសរសេរកូដកម្មវិធីកុំព្យូទ័រ (Hour of Code) កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅឯសាលាបឋមសិក្សា នីសិនគ្រីប ថា កម្មវិធី YouthSpark គឺជាគំនិតផ្តួចផ្តើមជាសកលមួយដើម្បីបង្កើនលទ្ធភាព សម្រាប់សិស្សានុសិស្សជាកុមារក្រីក្រ មកពីតំបន់អតីតគំនរសំរាម ដែលកំពុងរៀននៅក្នុងសាលាបឋមសិក្សា នីសិនគ្រីប ក្នុងការរៀនសូត្រនូវជំនាញឌីជីថល ជាពិសេសវិទ្យាសាស្ត្រកុំព្យូទ័រ ដែលអាចឱ្យពួកគេមានចំណេះដឹងកម្រិតសកលលោក ដើម្បីប្រកបរបរចិញ្ចឹមជីវិត និងចិញ្ចឹមគ្រួសារ នាពេលអនាគត។
លោកស្រីបន្ដថា កម្មវិធីសិក្សារបស់ Microsoft នេះ មានចំនួនប្រាំវគ្គសិក្សារួមមាន៖ មូលដ្ឋានគ្រឹះកុំព្យូទ័រ ដោយប្រើប្រាស់កម្មវិធីអ៊ីនធឺណិត ផលិតភាព សុវត្ថិភាព ឯកជនភាព និងការប្រើប្រាស់បច្ចេកវិជ្ជាក្នុងជីវភាពប្រចាំថ្ងៃ។ នៅពេលដែល សិស្សានុសិស្សបញ្ចប់កម្មវិធីសិក្សានេះ ពួកគេនឹងទទួលបាន ការយល់ដឹងអំពីគោលគំនិត និងជំនាញកុំព្យូទ័រជាមូលដ្ឋានយ៉ាងពិតប្រាកដ។
ការសរសេរកូដកម្មវិធីកុំព្យូទ័រ (Hour of Code) ជាវគ្គបណ្តុះបណ្តាលរយៈពេល៦០នាទី បង្ហាត់បង្រៀនអំពីវិទ្យាសាស្ត្រកុំព្យូទ័រ និងរបៀបសរសេរកូដកុំព្យូទ័រ។
សិស្សានុសិស្ស អាចរៀនពីមូលដ្ឋានគ្រឹះនៃកុំព្យូទ័រ និងពង្រីកការចូលរួមក្នុងការអភិវឌ្ឍឯកសារបង្រៀននៃកម្មវិធីហ្គេម Minecraft របស់ Microsoft និងអង្គការ Code.org បានដែរ ដោយអាចទាញយកផលប្រយោជន៍ ពីតួអង្គនានា និងគោលគំនិតពីល្បែងហ្គេមវីដេអូ ដើម្បីបង្រៀនគំនិតមូលដ្ឋានគ្រឹះ នៃការសរសេរកូដកម្មវិធីកុំព្យូទ័រ ក្នុងពិភពសប្បាយនៃហ្គេមMinecraft។
លោកស្កុត នីសិន (Scott Neeson) ស្ថាបនិកនិងជានាយកប្រតិបត្តិ នៃមូលនិធិកុមារកម្ពុជា បានបញ្ជាក់ថា សាលាបឋមសិក្សានីសិនគ្រីប ជាកន្លែងរៀបចំកម្មវិធី និងជាមជ្ឍមណ្ឌលផ្តល់ការអប់រំដ៏សំខាន់របស់ អង្គការ CCF ដែលបានបើកដំណើរការ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ។
សាលាបឋមសិក្សានីសិនក្រីបផ្តល់ឱកាសអប់រំប្រកបដោយ ស្តង់ដារខ្ពស់បំផុត ដល់កុមារក្រីក្របំផុតមួយចំនួន ក្នុងចំណោមកុមារក្រីក្រីបំផុតទាំងឡាយនៅកម្ពុជា។
សមិទ្ធិផលនេះសម្រេចបានតាមរយៈ ការកែលម្អទីតាំងសិក្សា ឱ្យមានភាពប្រសើរឡើង និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ចុងក្រោយ បំផុត ដែលផ្តោតជាសំខាន់លើការអប់រំ STEM និងនៅក្នុងបរិយាកាសដែលអំណោយផលដល់ការយកចិត្តទុកដាក់រៀនសូត្រ និងការយល់ដឹងអំពីពិភពលោក។
សាលាបឋមសិក្សានីសិក្របី និងសាលារៀន នៅសហគមន៍ចំនួនប្រាំកន្លែង របស់អង្គការ CCF បច្ចុប្បន្ននេះ ផ្តល់ការអប់រំកុំព្យូទ័រ ដល់សិស្ស ចំនួន១៥៥០នាក់ តាមរយៈជំនួយឥតសំណង នៃគម្រោង YouthSpark។
នៅក្នុងឆ្នាំ២០១៨ខាងមុខនេះ សាលានឹងផ្តល់ឱកាសជូនដល់សិស្សទាំងអស់ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែម លើការអភិវឌ្ឍ សមត្ថភាពសម្រាប់ក្លាយជាគ្រូបង្រៀនថែមទៀតផង៕
លោកស្កុត នីសិន (Scott Neeson) និងសិស្សានុសិស្ស
មតិយោបល់