ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា៥ដួង ភ័យនឹងខ្មោច លោក រាជ បូរី ដល់ថ្នាក់រត់រកព្រះសង្ឃ!

កាលពីល្ងាចថ្ងៃ២៣ ខែសីហា គេឃើញតារា៤ដួង ដែលត្រូវគេស្គាល់ថាជាតួអង្គក្នុងរឿង « រាជបុរី Comeback » បានណាត់ម៉ោងគ្នារត់ទៅស្រោចទឹកតែម្ដង ដោយអះអាងថាដោយសារតែការចូលរួមសម្ដែងក្នុងភាពយន្តមួយនេះ កើតមានរឿងហ្មងសៅបណ្ដាក់គ្នា។ម្នាក់ៗបានទាំងអះអាងថាការសម្ដែងរឿង «រាជបុរី» គឺហាក់ដូចជាមានវិញ្ញាណពិតៗមកតាមបន្លាចនោះផង។

លោកហ៊ួរ សុផល ហៅសិរី ម្ចាស់ផលិតកម្មក្លាស៊ិក និងជាតារាចម្រៀងបានសារភាពថាលោក និងតួសម្ដែង៤ដួងផ្សេងទៀតដែលបានសម្ដែងក្នុងរឿង«រាជបុរី Com back» ពិតជាបានណាត់គ្នាទៅស្រោចទឹកមែន ដោយបានជុំគ្នាទៅសុំទឹកមន្តពីព្រះសង្ឃ២អង្គ ក្នុងវត្តបុទមវត្តី កាលពីល្ងាចថ្ងៃទី២៣ ខែសីហា ដោយក្នុងនោះក៏មានសម្ដេចសង្ឃប្រោះព្រហ្មលើករាសីឲ្យផង។

លោកថាហេតុផលដែលលោកសម្រេចចិត្តប្រមូលតួសំខាន់ៗក្នុងរឿងមកស្រោចទឹកជុំគ្នានេះ គឺដោយសារតែក្រោយពេលសម្ដែងចប់តួអង្គនីមួយៗហាក់មានសំណាងមិនល្អកើតឡើង ពិសេសគឺរឿងរ៉ាវតែម្ដងដែលហាក់ដូចជាខុសនឹងវិញ្ញាណដែលជាម្ចាស់រឿង។

ជាក់ស្ដែងក្នុងចំណោមតួអង្គដែលបានបង្ហាញខ្លួនទៅស្រោចទឹកនោះគឺមានអ្នកត្រូវដួលម៉ូតូបង្កជារបួស និងមានខ្លះមានរឿងបាក់បែកស្នេហាប៊ិះនឹងមានផលប៉ះពាល់ដល់ផ្លូវច្បាប់ជាដើម ទើបលោកសម្រេចចិត្តដឹកនាំតួអង្គសំខាន់ៗក្នុងរឿងមកស្រោចទឹកជុំគ្នា។ តាមគម្រោងលោកត្រូវដឹកនាំតារាសិល្បៈដែលបានសម្ដែងរឿង«រាជបុរី Come back» ឲ្យមកស្រោចទឹកច្រើនគ្នា តែដោយសារអ្នកខ្លះរវល់ ហើយតារាសម្ដែងខ្លះទៀតគេស្រោចទឹករៀងខ្លួនទើបមានតែតារាសម្ដែង៤រូបមកស្រោចទឹកលើករាសី។ លោកបញ្ជាក់ថាក្នុងពេលសម្ដែងមិនទាន់ចប់ សឹងមិនមានតួសម្ដែងណាម្នាក់ដែលសម្ដែងពាក់ព័ន្ធនឹងវិញ្ញាណរបស់លោករាជបុរី ហើយមិនជួបរឿងចម្លែកៗនោះទេ ដោយក្នុងចំណោមនោះគឺមានមិនតិចនោះទេដែលមានរឿងប្លែកៗមិនចេះចប់ ដែលហាក់ដូចជាមានការប្រកែប្រកាន់ពីសំណាក់វិញ្ញាណរបស់លោករាជបុរី។

លោកបានបង្ហើបថាតួអង្គមួយចំនួន គឺមានអារម្មណ៍ព្រឺខ្លួន ដោយសារតែជួបហេតុភេទចម្លែកៗក្នុងពេលសម្ដែងរឿងនោះផង ទើបលោកយល់ថាមានតែការអុជធូបសុំខមាលទោស និងនាំគ្នាស្រោចទឹកមន្តប៉ុណ្ណោះ ដើម្បីសិរីសួស្ដី និងបញ្ចប់មន្ទិលមុនពេលភាពយន្តមួយនេះក៏ជិតដល់ថ្ងៃបញ្ចាំង។

តារាដែលបានជុំគ្នាក្នុងថ្ងៃស្រោចទឹកនោះរួមមានលោក រតនៈ វិសិដ្ឋ ជាតួតំណាងលោក រាជ បុរី លោកឈួន ពន្លឺ លោកនាង វ៉ាងសាន់ និងលោកម៉ៅ ស៊ីវឌ្ឍសត្យា ដែលសុទ្ធតែជាតួអង្គសំខាន់ក្នុងរឿង«រាជបុរី Comeback » តែម្ដង។ លោកហ៊ួរ សុផល ក៏បានប្រកាសថានឹងមានពិធីគោរពវិញ្ញាណក្ខ័ន្ធចំពោះលោករាជ បុរី ដើម្បីឲ្យមានសិរីសួស្ដីនោះផង បន្ទាប់ពីលោកខ្លួនឯងក៏ជួប ហើយតួសម្ដែងភាគច្រើនក្នុងរឿងក៏ជួបនឹងរឿងប្លែកៗ ដែលមិនខុសពីបានជួបវិញ្ញាណពិតៗមិនខុសគ្នាពីឈុតមួយចំនួននៅក្នុងសាច់រឿង។

លោកអះអាងថាភាពយន្តរឿងនេះនឹងត្រូវដាក់បញ្ចាំងក្នុងអំឡុងខែ៩ខាងមុខ តែមិនទាន់ច្បាស់ថានឹងបានថ្ងៃណានោះទេ ដោយសារតែរង់ចាំការកំណត់របស់រោងភាពយន្តសិន។ យ៉ាងណាក៏ដោយលោកអះអាងថាភាពយន្តរឿង«រាជបុរី Comeback» នឹងត្រូវដាក់បញ្ចាំងគ្រប់រោង បន្ទាប់ពីរឿង «ហ្លួងព្រះស្ដេចកន» ត្រូវបានទម្លាក់ផ្លាក ទើបការកំណត់សម្រាប់ការដាក់បញ្ចាំងរឿងរបស់នៅមិនទាន់កំណត់៕

មតិយោបល់