ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាស្រី នៅ ណាវីន បង្ហាញខ្លួន ក្រោយវះកាត់ក្រលៀននៅឥណ្ឌា

ភ្នំពេញ: នៅវេលារសៀលថ្ងៃទី១០ ខែកុម្ភ: មុននេះតារាចម្រៀង និងជាតារាសម្ដែង អ្នកនាង នៅ ណាវីន បានត្រលប់មកដល់កម្ពុជាវិញហើយ បន្ទាប់ពីអ្នកនាងវះកាត់ក្រលៀនបានជោគជ័យនៅក្នុងប្រទេសឥណ្ឌា។ អ្នកនាងបង្ហាញអារម្មណ៍ក្ដុកក្តួលយ៉ាងខ្លាំង ដែលអ្នកនាងអាចមានជីវិតថ្មីត្រលប់មកវិញ ស្របគ្នាដែលតារាចម្រៀង កញ្ញា ខេមរ: ស្រីពៅ មានបញ្ហាក្រលៀនដូចគ្នានេះដែរ ប៉ុន្តែបែរជាឆ្លងមិនផុត ហើយត្រូវទទួលមរណភាព។

អ្នកនាងបានថ្លែង នៅព្រលានយន្តហោះក្រោយមកដល់ថា អ្នកនាងបានសម្រាកនៅមន្ទីរពេទ្យក្នុងប្រទេសឥណ្ឌាប្រមាណ៧២ថ្ងៃគត់ ដោយជំងឺខូចក្រលៀនរបស់អ្នកនាងវះកាត់បានតែម្ខាងប៉ុណ្ណោះ ប៉ុន្តែអាចរស់បានដូចអ្នកមានក្រលៀនទាំងសងខាងដែរ ដោយគ្រាន់តែត្រូវលេបថ្នាំជំនួយក្រលៀនអស់មួយជីវិត។ អ្នកនាងថាក្នុងពេលអត់មានលទ្ធភាពវះកាត់ អ្នកនាងមិនដែលចង់រស់នោះទេ ជាពិសេសក្នុងពេលធ្វើទុក្ខម្ដងៗ ប៉ុន្តែនៅក្នុងពេលនេះ នាងមានស្ថានភាពសុខភាពដូចមនុស្សធម្មតាវិញហើយទើបនាងសប្បាយចិត្តយ៉ាងខ្លាំង ដែលមានសំណាងបានជាដូចបំណង ហើយអាចត្រលប់មកឈរជើងនៅក្នុងវិស័យសិល្ប:ជាថ្មី។ អ្នកនាងថាការចំណាយព្យាបាលក្រលៀនទម្រាំតែបានរស់នេះ គឺអស់ប្រមាណជា៥ម៉ឺនដុល្លារ ដោយក្រៅពីលក់រថយន្ត ដី និងបញ្ចាំទ្រព្យខ្លះ គឺបានជំនួយសប្បុរសធម៌ពីគ្រប់ទិសទីតែម្ដង ទើបនាងមានលទ្ធភាពទៅដល់ឥណ្ឌាមុននេះ។

អ្នកនាង នៅ ណាវីន បញ្ជាក់ថា ហេតុផលដែលនាងមានជំងឺខូចក្រលៀនដោយមិនដឹងខ្លួន គឺអាចបណ្ដាលមកពីមួយរយ:មុនអ្នកនាងញាំថ្នាំឲ្យសឲ្យក្មេងជាងវ័យ និងថ្នាំសម្រកទម្ងន់ ទើបអ្នកនាងផ្ញើសារឲ្យបងប្អូនជាពិសេសអ្នកសិល្ប:ចង់ស្អាត បើជៀសបានគួរតែជៀស ដោយសារតែថ្នាំទាំងនោះមានសារធាតុបំផ្លាញក្រលៀន។ អ្នកនាងបញ្ជាក់ថា គ្រូពេទ្យតម្រូវឲ្យអ្នកនាងសម្រាកមិនធ្វើការធ្ងន់៦ខែ ដោយអ្នកនាងបានសម្រាកនៅឥណ្ឌា១ខែមកហើយ គឺរង់ចាំតែ៥ខែទៀតអ្នកនាងនឹងទទួលច្រៀង សម្ដែង និងពិធីការិនីដូចដើមវិញ។

លោក ម៉ាដូណា ជាមិត្តជិតស្និទ្ធិរបស់ នៅ ណាវីន ទទូចឲ្យបណ្ដាផលិតករជួយលើកទឹកចិត្តហៅនាងឡើងសម្ភាស ឡើងសម្ដែង និងឡើងច្រៀងក្រោយបង្ហាញខ្លួននេះ ដើម្បីឲ្យនាងមានកម្លាំងចិត្តម្ដងទៀត បន្ទាប់ពីរស់ជាថ្មី៕

មតិយោបល់