រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន KrisEnergy សម្រាប់ការអភិវឌ្ឍប្រេងនៅប្លុក A ដែលជាគម្រោងប្រេងកាតទី ១ និងបើកសករាជឲ្យកម្ពុជា ក្លាយជាប្រទេសផលិតប្រេង។
ការចុះហត្ថលេខានេះ ធ្វើឡើងរវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល និងក្រុមហ៊ុន KrisEnergy តំណាងដោយលោក Kelvin Tang នាយកប្រតិបត្តិក្រុមហ៊ុន KrisEnergy Group។
គម្រោងនេះ គឺជាគម្រោងប្រេងកាតទី ១ ហើយ ដែលនឹងជម្រុញឲ្យកម្ពុជា ក្លាយជាប្រទេសផលិតប្រេង និងឈានទៅធ្វើការរុករកបន្ថែមទៀតលើប្លុកប្រេងកាត ដែលនៅទំនេរ ក្នុងចំណោមប្លុកប្រេងកាត ៦ នៅដែនសមុទ្រ និង ១៨ប្លុក នៅដែនគោក។
កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើផលិតកម្មលើកទី ១ របស់ខ្លួន គឺជំហាន 1A និង 1B នៃដំណាក់កាលទី ១ នៃប្លុក A។
យោងតាមផែនការអភិវឌ្ឍន៍របស់ក្រុមហ៊ុន តំណក់ប្រេងដំបូងរបស់ជំហាន 1A នឹងផលិតប្រេងដំបូង ក្នុងរយៈពេល ២ឆ្នាំទៀត គឺនៅចុងឆ្នាំ ២០១៩ ឬដើមឆ្នាំ ២០២០។
លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានឲ្យដឹងថា តាមការប៉ាន់ស្មាន និងរំពឹងទុកសម្រាប់ដំណាក់កាលដំបូង 1A និង 1B គឺអាចមានធនធានប្រេងកាតលើសពី ៣០លានបារ៉ែល ក្នុងរយៈពេល ៩ឆ្នាំ ដែលអាចឲ្យកម្ពុជា ក្លាយជាប្រទេសផលិតប្រេងឆៅមួយ នាពេលអនាគត។
គួរជម្រាបដែរថា តំបន់កិច្ចសន្យាប្លុក A កម្ពុជា មានទំហំជាង ៣ពាន់គីឡូម៉ែត្រការ៉េ ដែលស្ថិតនៅក្នុងអាងសមុទ្រខ្មែរ ក្នុងតំបន់ឈូងសមុទ្រថៃ មានជម្រៅទឹកចន្លោះពី ៥០ម៉ែត្រ ទៅ ៨០ម៉ែត្រ៕
មតិយោបល់