មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានការទម្លាយជាផ្លូវការថាអ្នកនាងខាត់ សុឃីម ទារបានរហូតដល់១០ម៉ឺនដុល្លារពីក្រុមហ៊ុនទឹកសុទ្ធ ដឺផ្លាទីនីម ព្រីមៀមវ័ធធឺ(The Platinum Premium Water) ដោយគ្រាន់តែអ្នកនាងសម្រេចចុះកុងត្រាធ្វើជាBrand Ambassador ។ នេះជាតម្លៃមួយយ៉ាងខ្ពស់ដែលតារាចាស់វស្សារូបនេះទារបាន ខណៈដែលតារានៅក្នុងប្រទេសកម្ពុជាគឺមានតែលោកព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា ប៉ុណ្ណោះ ដែលមានក្រុមហ៊ុនធំៗបែបនេះហ៊ានផ្ដល់តម្លៃខ្លួន។ នេះជាក៏ជាលើកទី១ផងដែរ ដែលអ្នកនាងបានក្លាយជាតំណាងផ្ដាច់មុខរបស់ផលិតផលធំមួយ ហើយទទួលបានកម្រៃខ្លួនដល់សែនដុល្លារពីការងារធ្វើតំណាងផ្ដាច់មុខមិនធ្លាប់មានសម្រាប់អាជីពសិល្បៈ។

អ្នកនាងខាត់ សុឃីម បាននិយាយថា កន្លងមកអ្នកនាងមិនដែលមានផលិតផលណាមួយជ្រើសអោយអ្នកនាងធ្វើជាតំណាងផ្ដាច់មុខ ឬហៅថា Brand Ambassador បែបនេះនោះទេ ក្រៅពីអ្នកនាងធ្វើជាតំណាងខ្លួនផ្ដាច់មុខខ្លួនឯងប្រចាំអោយ សំអាងការខាត់ សុឃីម។ អ្នកនាងមានការភ្ញាក់ផ្អើលដែលខាងក្រុមហ៊ុនទឹកសុទ្ធខាងលើ ជ្រើសអោយអ្នកនាងធ្វើជាអ្នកតំណាងផ្ដាច់មុខរហូតដល់៥ឆ្នាំ ខណៈដែលតម្លៃដែលអ្នកនាងចរចារបានក៏ជាតម្លៃមួយខ្ពស់ដែលអ្នកនាងមិននឹកស្មានដល់។ អ្នកនាងថានេះជាការងារមួយដែលអ្នកនាងទើបតែទទួលបានក្រោយពីកុងត្រាផ្ដាច់មុខនៅក្នុងផលិតកម្មហង្សមាស ជាពិសេសគឺចាប់តាំងពីអ្នកនាងចេញបទ«ភ្លៀងជីវិត»គឺការងារថ្មីៗខាងក្រៅផលិតកម្មធ្លាក់មកបន្តបន្ទាប់តែម្ដង ដែលអ្នកនាងបានហៅស្ថានភាពនេះថាជាការឈានឡើងលុយកាក់។ អ្នកនាងមិនបានបង្ហើបអោយដឹងពីតម្លៃខ្លួនពិតប្រាកដដែលអ្នកនាងទទួលបានពីកុងត្រាផ្ដាច់មុខក្នុងរយៈពេល៥ឆ្នាំនេះទេ តែយោងតាមតំណាងក្រុមហ៊ុនទឹកសុទ្ធ The Platinum Premium Water បានអះអាងថាអ្នកនាងទទួលបានតម្លៃខ្លួនរហូតដល់១០ម៉ឺនដុល្លារជាថ្នូរនឹងលក្ខខណ្ឌមួយចំនួន។

លោក អ៊ុ ស៊ុនហេង នាយកប្រតិបត្តិក្រុមហ៊ុន The Platinum Premium Water Co,Ltd. បានអះអាងថាអ្នកនាងខាត់ សុឃីម ត្រូវបានក្រុមហ៊ុនកុងត្រាជាតារាផ្ដាច់មុខកាលពី២ខែមុន ដោយក្នុងរយៈពេល៥ឆ្នាំនេះ អ្នកនាងត្រូវធ្វើជាតំណាងផលិតផលទឹកសុទ្ធ The Platinum Premium Water ហើយមិនមានសិទ្ធិថតស្ពត ឬធ្វើសកម្មភាពផ្សព្វផ្សាយអោយផលិតផលទឹកសុទ្ធណាផ្សេងទាំងអស់។ អ្នកនាងត្រូវកំណត់អោយថតហ្វឹកផ្សព្វផ្សាយផលិតផលរៀងរាល់៣ខែម្ដង ខណៈដែលសកម្មភាពទាំងឡាយណាដែលគ្មានចែងក្នុងកុងត្រាគឺអ្នកនាងនឹងទទួលបានកម្រៃខ្លួនបន្ថែម។

លោកថាតម្លៃខ្លួនមិនតិចជាង១សែនដុល្លារដែលអ្នកនាងខាត់ សុឃីម ទទួលបាននោះ គឺប្រគល់អោយផ្ដាច់តែម្ដង ដោយមិនមែនប្រគល់អោយជាដំណាក់ដែលធ្វើអោយអ្នកនាងឈឺក្បាល និងមិនអាចអោយអ្នកនាងយកលុយទាំងដុំទៅប្រើនោះទេ ដើម្បីធ្វើអោយអ្នកនាងសប្បាយចិត្ត។ លោកអះអាងថានេះជាផលិតផលរបស់កម្ពុជាទេ តែបានផលិតតាមបច្ចេកទេសប្រទេសថៃ ហើយបណ្ដាលមកពីក្រុមហ៊ុននេះជាក្រុមហ៊ុនធំ ទើបហ៊ានចំណាយរហូតដល់សែនដុល្លារជ្រើសយក អ្នកនាងខាត់ សុឃីម ជាតំណាងផ្ដាច់មុខរយៈពេល៥ឆ្នាំពេញ។ លោកអះអាងថាមិនដល់រយៈពេល២ខែក្រោយកុងត្រាផង ផលិតផលទឹកសុទ្ធ The Platinum Premium Water ដែលអ្នកនាងខាត់ សុឃីម ធ្វើជាតំណាងលក់ដាច់រហូតអស់ពីស្ដុករាល់ថ្ងៃ ទើបលោកគម្រោងធ្វើសកម្មភាពមនុស្សធម៌ក្នុងពេលខាងមុខ ដើម្បីអោយអ្នកនាងខាងខាត់ សុឃីមដែលជាតំណាងកាន់តែលេចមុខមាត់ទៀតក្នុងនាមជាតំណាងរបស់ផលិតផលទឹកសុទ្ធ The Platinum Premium Water ៕












មតិយោបល់