ព័ត៌មានសិល្បៈ និងកម្សាន្ត

បញ្ញា សិទ្ធិ ប្រកាសបង្កើតក្រុម BS Boyband ដែលរលាយជិត២ឆ្នាំមកវិញ

ក្នុងឱកាសបង្ហាញខ្លួនឡើងឆាក CNC កាលពីល្ងាចថ្ងៃទី២៧ មីនា ឆ្នាំ២០២០ តារាចម្រៀងក្លាស៊ិក លោក បញ្ញា សិទ្ធិ បានអះអាងថា ក្រុមចម្រៀងបុរសដែលលោកធ្លាប់បង្កើតឡើងហើយរលាយទៅវិញប្រមាណជាជិត២ឆ្នាំ គឺBS Boyband នឹងចាប់ផ្ដើមត្រលប់មកវិញ។ លោកបានបង្ហាញសមាជិកថ្មី ដែលសុទ្ធសឹងតែជាតារាចម្រៀងចំណូលថ្មី របស់ក្លាស៊ិក ដែលជាតារារួមទ្រនំ។

លោក បញ្ញា សិទ្ធិ និយាយថា គម្រោងនៃការរៀបចំក្រុម BS Boyband នឹងដំណើរការជាថ្មីវិញហើយ បន្ទាប់ពីលោកសំទ្បឹងឃើញតារាចម្រៀងរបស់ក្លាស៊ិក២រូប ស័ក្តសមនឹងរួមដំណើរជាមួយខ្លួន។ លោកថា តារាចម្រៀង និង ជាពិធីកររបស់ផ្ទះតារា គឺលោក រុន ណាកូ និង លោក ត្រាយ៉ាកូ ដែលជាតារាសម្ដែងផង គឺស័ក្តសមបំផុតសម្រាប់ក្លាយជាសមាជិកថ្មីរបស់ក្រុម BS Boyband ទើបលោកសម្រេចចិត្តជម្រើសយកអ្នកទាំងពីរ ឲ្យក្លាយជាសមាជិក។ លោកគម្រោង នឹងធ្វើបទចម្រៀងជាក្រុម និងបង្កើតក្បាច់រាំឲ្យរស់រវើក សម្រាប់ក្រុមដែលធ្លាប់បែកបាក់មួយនេះ ឲ្យមានការចាប់អារម្មណ៍នោះផង បន្ថែមពីលើការផលិតបទចម្រៀងរបស់ផលិតកម្មក្លាស៊ិក។ លោកនិយាយថា “ដោយសារពួកគាត់ គឺជាតារាចម្រៀងរបស់ក្លាស៊ិកស្រាប់ ចឹងវាងាយបំផុតដែលពួកយើង ត្រូវរួមដៃគ្នាកសាងក្រុម BS Boyband ឲ្យមានកេរ្តិ៍ឈ្មោះឡើងវិញ ដោយពួកយើងគ្រាន់តែងាកមកផលិតបទរាំៗឲ្យបានច្រើន និងបង្កើតក្បាច់រាំទៅគឺនឹងល្អហើយ”។
លោកថាសមាជិកថ្មី ដែលលោកជម្រើសឲ្យចូលក្រុមលើកនេះ គឺខុសជាងមុនឆ្ងាយណាស់ ដោយសារតែលោក រុន ណាកូ ក៏ជាតារាវ័យក្មេងឡើងកូដ ដែលមានទីផ្សារស្រាប់ ហើយលោក ត្រាយ៉ាកូ ក៏មានកេរ្តិ៍ឈ្មោះក្នុងសិល្ប:រួចជាស្រេច។
លោកក៏ប្រកាសថា នឹងធ្វើឲ្យក្រុមមួយនេះរឹងមាំ និងមានទីផ្សារ សម្រាប់ការប្រគំតន្ត្រីខេត្តក្រុងធំៗ ក្រោយពេលប្រកាសរួមគ្នាជាក្រុម BS Boyband នោះផង។

ម្ចាស់បទ”ចាប់យាយ! ចាប់តា!” លោក រុន ណាកូ បានអះអាងថា ខ្លួនមិនទាន់ប្រាកដថា នឹងអាចធ្វើសមាជិកដ៏ល្អរបស់ក្រុម BS Boyband ដែលលោកបញ្ញា សិទ្ធិ ជម្រើសនៅឡើយទេ ដោយសារលោកក៏មានតួនាទីជាក្រុមផលិតវីដេអូ របស់ផ្ទះតារា ដែលរវល់ច្រើន ហើយលោកក៏ជាបុគ្គលិកពេទ្យធ្មេញ ដែលពិបាកសុំច្បាប់ចុះឡើងទៅច្រៀងតាមខេត្ត។ លោកថាខ្លួនអាចប្រឡូកក្នុងក្រុម BS Boyband តែសម្រាប់ការងារចេញសម្ដែងរួមគ្នា នៅក្រុងភ្នំពេញ ដែលប្រើពេលតិចៗប៉ុណ្ណោះ តែបើចុះខេត្តញឹកញាប់ គឺអាចពិបាក។ លោកថាសិល្ប:គឺស្រទ្បាញ់ តែបើឲ្យចោលការងារពេទ្យធ្មេញ និង ការងារជាអ្នកសារព័ត៌មាន ដែលលោកកំពុងហាត់ការ គឺមិនចោលជាដាច់ខាត។

យល់ឃើញផ្ទុយពីលោក រុន ណាកូ លោក ត្រាយ៉ាកូ បានសម្ដែងអារម្មណ៍រីករាយ ដែលត្រូវបាន លោក បញ្ញា សិទ្ធិ ដាក់បញ្ចូលជាសមាជិករបស់ក្រុម BS Boy band ជំនាន់ថ្មី។ លោកប្រកាសថា នឹងប្រឹងប្រែងនៅលើវិថីមួយនេះ ឲ្យជោគជ័យជាងអាជីពតារាសម្ដែងផង៕

មតិយោបល់