យោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកមួយបានអះអាងថា អ្នកស្រីវង់ ឡុងមុន្នី ដែលជាភរិយាដើមរបស់នាយក្រឹម រស់នៅផ្ទះលេខ៧៩K ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នឹងដាក់បណ្ដឹងនាងលាភពីបទដណ្ដើមប្ដី ។ អ្នកស្រីបញ្ជាក់ថានាងលាភ បានលួចលាក់មានស្នេហាជាមួយលោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹមរហូតមានផ្ទៃពោះកូនភ្លោះហើយថែមទាំងបង្ខំអោយនាយក្រឹមលះលែងជាមួយអ្នកស្រី ដើម្បីបានក្លាយជាប្រពន្ធក្រោយស្របច្បាប់ទៀត។ ដំណឹងនេះបានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របគ្នាដែលគេសុទ្ធតែដឹងថា នាងលាភមានកូនភ្លោះក្នុងផ្ទៃប្រមាណ៥ខែ ជាមួយនាយក្រឹម។
យោងតាមការអោយសម្ភាសន៍ជាមួយសាព័ត៌មានក្នុងស្រុក ភរិយាដើមនាយក្រឹមនិយាយថា អ្នកស្រីពិតជាមានការសោកស្តាយដែលខំចំណាយពេលវេលាជួយយឹតយោងនាងគង់ ច័ន្ទស៊ីណា ហៅស្រីលាភ ឱ្យផុតពីភក់ជ្រាំ ដោយអនុញ្ញាតិអោយប្ដីយកនាងមកលេងកំប្លែងជាមួយនឹងស្វាមី រហូតបានល្បីឈ្មោះ ប៉ុន្តែចុងក្រោយតារាស្រីនេះបែរជាមិនត្រឹមតែលួចប្ដីប៉ុណ្ណោះទេ គឺថែមទាំងបញ្ចេះអោយនាយក្រឹមលែងលះជាមួយអ្នកស្រីទៅទៀត។ អ្នកស្រីវង់ ឡុងមុន្នី បានបន្តថា ក្នុងពេលស្រីលាភរស់ក្នុងភាពក្រីក្រ អ្នកស្រីមានការអាណិតអាសូរយ៉ាងខ្លាំងដោយបានទទូចអោយស្វាមីជួយយិតយោងនាងអោយបានល្បីឈ្មោះក្រែងបានកម្រៃចិញ្ចឹមឆ្នាំង។ ម៉្យាងមកពី នាងលាភមានអ៊ំបង្កើតរស់នៅផ្ទះជាប់ជញ្ជាំងគ្នានឹងផ្ទះអ្នកស្រីផង ទើបអ្នកស្រីសម្រេចចិត្តជួយឱ្យបានចូលលេងក្នុងក្រុមកំប្លែងរបស់ស្វាមី។ អ្នកស្រីបានអះអាងថា នាងលាភបានប្រើសិទ្ធិជាភរិយាក្រោយ ហើយបង្ខំអោយនាយក្រឹមលះលែងអ្នកស្រីក្រោយពេលពរពោះ ដោយបានទាំងដើរបង្ខូចអ្នកស្រីថា អ្នកស្រីជាអ្នកចែកប្ដីអោយប្រើនោះផង ទើបអ្នកស្រីត្រូវតែដាក់បណ្ដឹងពីបទដណ្ដើមប្ដី។ អ្នកស្រីបន្តថា ស្រីលាភ តែងតែឌឺដងផ្លែផ្កាឱ្យអ្នកស្រី ដោយបំភ្លៃការពិតជារឿយៗ ក្នុងពេលអ្នកស្រីបានអះអាងថា នឹងមិនអាចទុកមុខអោយទៀតទេ ដើម្បីកុំអោយកូនអ្នកស្រី៤នាក់អត់ឪហៅ។
យ៉ាងណាក៏ដោយពាក់ព័ន្ធនឹងការចោទប្រកាន់នេះ នាងលាភ និង នាយក្រឹមនៅមិនទាន់សុំការបកស្រាយនៅឡើយទេ៕
មតិយោបល់