ភ្នំពេញ៖អ្នកស្រី ហង្ស តារា ដែលត្រូវបានមជ្ឈដ្ឋានអ្នកសិល្បៈស្គាល់យ៉ាងច្បាស់ថា ជាគ្រូសិល្បៈ និង ជាអ្នកដឹកនាំតួសម្តែង នៅបណ្តាផលិតកម្មនានា និងកម្មវិធីផ្សេងៗបានទទួលមរណៈភាព ហើយក្នុង អាយុ ៦៤ ឆ្នាំកាលពីយប់ថ្ងៃទី ២៣ ខែ មេសា វេលាម៉ោង ៨ យប់ ម្សិលមិញនេះ ។
អ្នកគ្រូ ហង្ស តារា ស្លាប់ដោយសារតែខាងគ្រូពេទ្យ ឯកជនមួយកន្លែងនៅក្បែរផ្សារច្បារអំពៅខ្វះសមត្ថភាពក្នុងការវះកាត់ដុំសាច់ដុះ នៅក្បែរក វះរហូតដល់ស្លាប់ ។
បើតាមកូនស្រីរបស់អ្នកស្រី ហង្ស តារា បានរៀបរាប់ទាំងទឹកភ្នែកថា “ម្តាយរបស់គាត់បានបានដុះដុំសាច់នៅក្បែរគ ដែលគេហៅថាគីស ហើយសុខៗស្រាប់តែគាត់ជិះម៉ូតូឌុប ទៅវះកាត់ដោយខ្លួនឯង តែអកុសល ខាងគ្រូពេទ្យខ្វះសមត្ថភាពនៅក្បែរផ្សារច្បារអំពៅ វះយកសាច់ដុះនោះបានសម្រេច តែម្តាយរបស់ខ្លួនបែរជាដាច់ដង្ហើមទៅវិញ” ។
ជាមួយនឹងទុក្ខសោកសង្រេង នៅថ្ងៃនេះដែរ មានតារាៗ និងអ្នកដឹកនាំសម្តែង ៤ ទៅ ៥ ដួងដែលបានទៅចូលរួមសម្តែងការសោកស្តាយ ក្នុងនោះមាន លោក មុត ថារី អ្នកដឹកនាំសម្តែងរឿង លោក អឿ ហយ អ្នកស្រី ធន យុវណ្ណា តារាសម្តែង អ៊ឹម ជីវ៉ា ពីធីករ ប៊ី លីហួរ តារាសម្តែង សាន វីសាល ដែលមានឈ្មោះដើម គន់ រៀមរតនៈ និង ហេង ស្រីពេជ្រ (ផ្ញើថវិការចូលបុណ្យ) ។
លោក មុត ថាវី និង លោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា ការបាត់បង់សមាជិកគ្រួសារវាជារឿងទុក្ខសោកបំផុត សម្រាប់គ្រួសារនៃសព ហើយវាជារឿងម្តងម្នាក់តែប៉ុណ្ណោះ អ្វីដែលយើងអាចធ្វើបានសម្រាប់អ្នករស់ គឺចូលរួមរំលែកទុក្ខ និងបុណ្យ ។
ក្នុងពិធីបុណ្យនោះដែរ អ្នកសារព័ត៌យើងបានជជីកសួរពីការងាកខ្លួនមកដឹកនាំរឿងសារជាថ្មី ក្រោយជួបបញ្ហាដឹកនាំរឿង ឲ្យស្ថានីយ៍ទូរទស្សន៍មួយ ដែលធ្វើឲ្យលោកខ្លាច ក្នុងការដឹកនាំរឿង។ លោកបានឲ្យដឹងថា “រឿងដែលលោកដឹកនាំសារជាថ្មី ក្រោមចំណងជើងថា “បេះដូងក្រៅទ្រូង” ដែលជារឿងមនោសញ្ជេតនា របស់ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា។លោកបានបន្តរឿងនេះយើងថតតែ ១០ ភាគតែប៉ុណ្ណោះ ដោយចម្រាញ់រកប្លង់ល្អៗ ហើយថតចប់នៅសប្តាហ៍ក្រោយនេះ” ។ លោកបានបន្ថែមទៀតថាមូលហេតុ ដែលលោកមកដឹកនាំរឿងសារជាថ្មី ដោយសារតែការជម្រុញ ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញរិទ្ធ តែប៉ុណ្ណោះ ។
ជាចុងបញ្ចប់នៃបទសម្ភាស លោក មុត ថារី និងតារាប៉ុន្មានដួងខាងលើ បានថ្លែងឲ្យដឹងថា ពួកលោកសូមស្នើសុំឲ្យ តារាៗ និង បណ្តាផលិតកម្មនានា ជួយចូលរួមពិធីបុណ្យនេះឲ្យបានច្រើនកុះករផង ព្រោះគ្រួសារនៃសព្វមានការខ្វះខាត។
បញ្ជាក់ផងដែរថា សពអ្នកគ្រូ ហង្ស តារា តម្កល់ នៅវត្តចាក់អង្រែក្រោម ហេតុដូចនេះ សិល្បៈករ សិល្បៈការីនី សូមចូលរួមឲ្យបានច្រើនកុះករ ៕
មតិយោបល់