ដោយសារតែស្ត្រីភាគច្រើនមានរោមភ្នែកខ្លី ហើយស្តើងៗ ទើបពួកគេតែងតែប្រើប្រាស់រោមភ្នែកក្លែងក្លាយ ឬសិប្បនិម្មិតបន្ថែមពីលើ ដើម្បីកែប្រែផ្ទៃមុខឲ្យមានភាពស្រស់ស្អាត នៅពេលមានកម្មវិធីផ្សេងៗ។ ទោះជាយ៉ាងណា អ្នកមិនគួរប្រើប្រាស់ញឹកញាប់ ឬរយៈពេលយូរពេកនោះទេ ព្រោះវាអាចមានឥទ្ធិពលអាក្រក់ដល់ភ្នែករបស់អ្នក។ ខាងក្រោមនេះ គឺជាផលប៉ះពាល់មួយចំនួននៃការប្រើប្រាស់រោមភ្នែកសិប្បនិម្មិតញឹកញាប់ពេក៖
បណ្តោលឲ្យភ្នែកឆ្លងមេរោគ
ការប្រើប្រាស់រោមភ្នែកក្លែងក្លាយញឹកញាប់ខ្លាំងពេក អាចបណ្តោលឲ្យឆ្លងមេរោគបង្កទៅជាក្រហមភ្នែក រលាកភ្នែក និងត្របកភ្នែក។ អ្នកត្រូវចាំថា រោមភ្នែកសិប្បនិម្មិតទាំងអស់មិនមានសុវត្ថិភាពនោះទេ ព្រោះគ្មានការសម្អាត ឬធ្វើអនាម័យឲ្យបានត្រឹមត្រូវឡើយមុនពេលប្រើប្រាស់។
ប្រតិកម្មលើស្បែក
មនុស្សមួយចំនួន អាចមានបញ្ហាប្រតិកម្មលើស្បែក ដោយសារតែការប្រើប្រាស់កាវបិតរោមភ្នែកមានសារធាតុគីមី។ ប្រតិកម្មនេះអាចបង្កទៅជាហើម ឬរលាកត្របកភ្នែក ប្រសិនបើអ្នកប្រើប៉ះចំកាវដែលមានផ្ទុកសារធាតុគីមី Formaldehyde។
ជ្រុះរោមភ្នែក
ក្រៅពីឆ្លងមេរោគ និងអាឡែស៊ី អ្នកក៏អាចជួបញ្ហាជ្រុះរោមភ្នែកបណ្តោះអាសន្ន ឬជារៀងរហូតតែម្តង។ ដូច្នេះ អ្នកគួរតែជៀសវាងការប្រើប្រាស់រោមសិប្បនិម្មិតញឹកញាប់ ឬប្រើប្រាស់ដោយមានការប្រុងប្រយ័ត្ន។
ទោះជាយ៉ាងណា ប្រសិនបើអ្នកមិនចង់ប្រើប្រាស់រោមភ្នែកក្លែងក្លាយទៀទេ សូមប្រើប្រេងអូលីវ លាបនៅលើរោមភ្នែករាល់ថ្ងៃ វានឹងជួយបណ្តុះរោមភ្នែកឲ្យដុះវែងដូចបំណង៕
ប្រភពៈ thehealthsite
មតិយោបល់