ព័ត៌មានសិល្បៈ និងកម្សាន្ត

ណាក់ ស្រីណា ឡើងកូដភ្លាមចាយម៉ឺនដុល្លារបើកមុខរបរធំភ្លែត

ទើបតែបានឡើងកូដក្នុងអាជីពជាពិធីការិនីប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ និងបានតំណែងតួឯកក្នុងភាពយន្តភាគរបស់ផលិតកម្មមហាហង្ស តារាស្រីពូកែថ្វីមាត់នាង ណាក់ ស្រីណា បានប្រកាសអោយដឹងពីគម្រោងអាជីវកម្មទ្រង់ទ្រាយធំរបស់ខ្លួនភ្លាមកាលពីយប់ថ្ងៃទី២៧ សីហា។ នោះគឺហាងសម្អាងការដោយនាងយកឈ្មោះបងប្រុសរបស់នាងដែលជាអ្នកជំនាញផ្នែកសម្អាងគឺ«ណុប​ ដាណេ»ប្រើជាឈ្មោះសម្អាងការតែម្ដង ដោយសារតែនាងនិយាយថាក្នុងពិភពផ្នែកសម្អាងគេស្គាល់ថ្វីដៃរបស់បងប្រុសនាងច្រើនជាង។

ថ្លែងក្នុងពិធីបើកសម្ពោធសម្អាងការដែលមានទ្រង់ទ្រាយធំនៅម្ដុំផ្សារចាស់ទល់មុខហាងធ្វើសក់ម៉ែចាស់ តារាស្រីរូបនេះនិយាយថា ការពិតបងប្រុសរបស់នាងគឺលោកណុប ដាណេ មានសម្អាងការមួយឈ្មោះ«សម្អាងការណុប ដាណេ»នៅម្ដុំផ្សារផ្អៅក្នុងខេត្តកំពង់ចាមរួចហើយ ប៉ុន្តែមកពីនាងមើលឃើញអាជីពមួយនេះមានការរីកចំរើន ទើបនាងសម្រេចចិត្តទៅរៀនស្វែងយល់ផ្នែកសម្អាងហើយសម្រេចបោះទុនជាមួយបងប្រុសនៅភ្នំពេញមួយទៀតដោយសម្អាងការជាសាខាទី២នេះ គឺមានចំណែករបស់នាងពាក់តែម្ដងជាមួយនឹងបងប្រុសដែលជាអ្នកជំនាញ ដោយមិនមែនដូចសម្អាងនៅខេត្តកំពង់ចាមដែលមានតែភាគហ៊ុនរបស់បងប្រុសនាងនោះទេ។

នាងថាសម្អាងថាការ«ណុបដាណេ»នៅម្ដុំហាងម៉ែចាស់ទើបនឹងបើកថ្មីនេះ គឺបានប្រើទុនប្រមាណជា៥ម៉ឺនដុល្លារមកទល់ថ្ងៃបើកសម្ពោធ ដោយមិនទាន់រាប់បញ្ចូលការចំណាយលើអីវ៉ាន់ថែមថយនៅឡើយទេ ខណៈដែលហាងមួយនេះគឺចំណាយទុនពាក់កណ្ដាលម្នាក់ជាមួយបងប្រុសដែលអាចនិយាយបានថានេះជាជំនួញលើកដំបូង បន្ទាប់ពីនាងឈានឡើងនៅក្នុងសិល្បៈ។ នាងរំពឹងយ៉ាងខ្លាំងថានឹងទទួលជោគជ័យ ដោយសារតែមានបទពិសោធន៍រឿងបើកសម្ពោធនៅខេត្តកំពង់ចាម ហើយមានការរីកចំរើនយូរមកហើយ។

យ៉ាងណាមិញ នាងថាមិនបោះបង់ការងារពិធីការិនី និងសម្ដែងនោះទេគឺនឹងដើរទន្ទឹមគ្នា បើទោះជាក្រោយសម្ពោធហាងនេះគឺនាងនឹងអាចងាកទៅតែងភ្នួងអោយកូនក្រមុំក្នុងនាមជាម្ចាស់អាជីវកម្មបន្ថែមក៏ដោយ។

លោកណុប ដាណេ ជាបងប្រុសបង្កើតរបស់កញ្ញា ណាក់ ស្រីណា បានអះអាងថាអ្នកទាំង២គឺបងប្អូនបង្កើតនឹងគ្នា ប៉ុន្តែបណ្ដាលមកពីមួយប្រើត្រកូលឪពុក ហើយមួយប្រើត្រកូលម្ដាយទើបមានត្រកូលមិនដូចគ្នា។ លោកថាក្រោយការចូលហ៊ុនជាមួយប្អូនស្រី គឺលោករ៉ាប់រងសម្អាងការនៅភ្នំពេញច្រើនជាងនៅខេត្ត ដោយសារតែនៅឯខេត្តនោះគឺលោកមានមេកាចាត់ចែង ដែលរង់ចាំអោយតែលោកចុះតែមើលម្ដងម្កាលប៉ុណ្ណោះ។ នៅក្នុងពិធីសម្ពោធនោះ លោកថាអញ្ជើញតារាសិល្បៈកុះករ ប៉ុន្តែផលិតករ និងតារាសិល្បៈល្បីៗមានតែប៉ុន្មានរូបប៉ុណ្ណោះ៕

https://youtu.be/PAZlUHDHTtU

មតិយោបល់