ភ្នំពេញ៖ឃុំ ប៉ុណ្ណាដែត ប្តីរបស់តារាចម្រៀងទឹកដមពិរោះក្រអួនក្រអៅ អ្នកនាង យក់ ថិតរដ្ឋា ដែលជាតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស មួយរយៈធំក្រោយពីរៀបការជាមួយនឹងប្រពន្ធរបស់ខ្លួន ស្ទើរតែបាត់បង់ក្នុងពិភពសិល្បៈ ពោលគឺមិនដែលឃើញបង្ហាញវត្តមានលើឆាក និងកម្មវិធីនានារបស់ស្ថានីយ៍ទូរទស្សន៍ឡើយ។
ប្រភពព័ត៌មានដែលអាចយកជាការបាន ប្រាប់ឲ្យដឹងថា លោក ឃុំ ប៉ុណ្ណាដែត បានបោះបង់ចោលសិល្បៈ តែមិនឲ្យប្រពន្ធខ្លួនបោះបង់នោះទេ ទោះបីខ្លួនមមារញឹកនឹងការងារជំនួញក្តី ។ ការធ្វើបែបនេះ ព្រោះលោកយល់ឃើញថា អ្វីៗគ្រប់យ៉ាងដែលលោកមានបានដោយសារតែ សិល្បៈនេះឯង ដែលជួយឲ្យជីវិតលោកភ្លឺថ្លាដល់សព្វថ្ងៃ និងបានប្រពន្ធក៏ដោយសារតែសិល្បៈនោះដែរ។
តារាចម្រៀង ឃុំ ប៉ុណ្ណាដែត បានប្រឡូកចូលសិល្បៈ ជាលើកដំបូងនៅក្នុងឆ្នាំ កៅសិបជាង ដោយបានកសាងកេរ្តិ៍ឈ្មោះ ជាមួយនឹងប្រពន្ធរបស់ខ្លួន តាមរយៈផលិតកម្ម ស្ទឹងសែន ឆ្លងដែន KH Promotion និង Bigman ។ រហូតមកដល់ឆ្នាំ ២០០៥ ឃុំ ប៉ុណ្ណាដែត មិនបានបង្ហាញខ្លួនទៀតនោះទេ និងមានអ្នកខ្លះសង្ស័យថា គូស្នេហ៍នេះមានបញ្ហាទៀតផង។
ជួបជាមួយនឹង ឃុំ ប៉ុណ្ណាដែត បានប្រាប់ដល់អ្នកសារព័ត៌មានយើងថា “ពិតណាស់លោកបានបោះបង់ចោលសិល្បៈ ហើយ ដោយទុកនាទីឲ្យ ប្រពន្ធរបស់ខ្លួនប្រឡូក និងមិនឲ្យនាងបោះបង់ចោលដូចខ្លួនឡើយ។ មូលហេតុដែលលោកបោះបង់ចោលសិល្បៈព្រោះថា ខ្លួនមមារញឹកនឹងការងារជំនួញផ្ទះល្វែង នៅម្តុំសែនសុខ សំណង់ ១២ និងម្តុំបុរីពិភពថ្មី”។ តែទោះជាយ៉ាងណា ខ្លួនក៏មានឱកាសខ្លះជូនប្រពន្ធខ្លួនទៅសម្តែងម្តងម្កាលផងដែរ ក្នុងកម្មវិធីនានា៕
អត្ថបទដោយ៖គង់វង្ស
មតិយោបល់