ព័ត៌មានកីឡា

លីគទី២៖ រកឃើញ ៤ក្រុម ត្រូវប្រកួតលើកពានហើយ

ក្រោយបញ្ចប់ការប្រកួតក្នុងពានរង្វាន់លីគលំដាប់ទី ២ កម្ពុជា រដូវកាល ២០១៧ សម្រាប់សប្ដាហ៍១២ (ចុងក្រោយ) បានចប់ជាផ្លូវការហើយ និងឈានដល់វគ្គខ្វែងវិញម្តង។

លទ្ធផលពីការប្រកួតសប្ដាហ៍ចុងក្រោយ ដែលមាន ២ គូ បានបញ្ចប់ទៅដោយ ក្រុមខ្លាំងវិសាខា ឈ្នះ ស្វាយរៀង ខណៈក្រុមខ្លាំង សូលទីឡូអង្គរ ចាញ់ ក្នុងទឹករបស់ខ្លួន ក្រោមថ្វីជើង ខេត្តកំពង់ចាម។

យ៉ាងណាមិញគេបានរកឃើញក្រុមដែលត្រូវឡើងមកលីគកំពូលកម្ពុជា រដូវកាលក្រោយផងដែរ បើទោះបីជាត្រូវឆ្លងកាត់ការប្រកួតនៅក្នុងវគ្គខ្វែងដណ្ដើមយកចំណាត់ថ្នាក់ចុងក្រោយក៏ដោយ ពោលគឺក្រុមដែលឡើងមកលីគកំពូលកម្ពុជា រដូវកាល ២០១៨ រួមមាន ក្លិបវិសាខា និងក្លិបសូលទីឡូអង្គរ។

ក្រុមខ្លាំងដែលឈរនៅចំណាត់ថ្នាក់ពី លេខ១ ដល់ លេខ៤ នឹងត្រូវប្រកួតតតាំងគ្នាទៀត ក្នុងវគ្គខ្វែងដណ្ដើមពានលីគលំដាប់ទី២ ពោលគឺ វិសាខា, យុវជនសាលាបាល់ទាត់ជាតិបាទី, យុវជនក្រសួងការពារជាតិ និងសូលទីឡូអង្គរ។ ដូច្នេះ ក្នុងការប្រកួតខ្វែងតម្រូវឲ្យក្រុម យុវជនក្រសួងការពារជាតិ (លេខ៣) ត្រួវជួប សូលទីឡូអង្គរ(លេខ៤) ដើម្បីរកក្រុមដែលឈ្នះ ឡើងទៅជួប យុវជនសាលាបាល់ទាត់ជាតិបាទី(លេខ២) និងរកក្រុមដែលឈ្នះទៀត ប្រកួតលើកពានជាមួយ វិសាខា នៅវគ្គផ្ដាច់ព្រ័ត្រ។

សូមបញ្ជាក់ថា សម្រាប់ក្រុមដែលត្រូវឡើងទៅលេងលីគកំពូលកម្ពុជា គឺ វិសាខា និង សូលទីឡូអង្គរ បើទោះបីជាក្រុម យុវជនសាលាបាល់ទាត់ជាតិបាទី នៅចំណាត់ថ្នាក់លេខ២ ក៏ដោយ ប៉ុន្តែក្រុមនេះគ្រាន់តែប្រកួតដកស្រង់បច្ចេកទេសនៅលីគទី២ ប៉ុណ្ណោះ ហើយ យុវជនក្រសួងការពារជាតិ ឡើងទៅលេងលីគកំពូលបាន លុះត្រាតែ ក្រសួងការពារជាតិ ឈុតធំធ្លាក់៕

មតិយោបល់