ភ្នំពេញៈ យុវជនម្នាក់បានដេកសន្លប់ស្ដូកស្ដឹងនៅលើកំណាត់ផ្លូវបេតុងមួយកន្លែង មិនដឹងមូលហេតុ ហើយទោះបីជាដាស់យ៉ាងណា ក៏មិនដឹងខ្លួនដែរ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា ពេលនោះដោយសារតែយុវជននោះដេកនៅទទឹងផ្លូវបេតុងខ្លាច មានរថយន្ត ឬម៉ូតូបុក និងកិនស្លាប់ ទើបប្រជាពលរដ្ឋនាំគ្នារាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យមើល ហើយសែងចេញពីផ្លូវ បេតុងដាក់ទៅក្បែរផ្ទះប្រជាពលរដ្ឋដែលនៅម្ដុំកន្លែងកើតហេតុនោះ។
ប្រភបដដែលបានឲ្យដឹងទៀតថា យុវជនខាងលើនោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែបើតាមការប៉ាន់ស្មានមានអាយុប្រហែលជា២០ឆ្នាំ សម្បុរស មាឌដំបង ពាក់អាវយឺតដៃខ្លី ពណ៌ស និងស្លៀកខោជើងវែងពណ៌ខ្មៅ ហើយមិនមានលិខិតស្នាម ឬអត្តសញ្ញាណបណ្ឌនៅជាប់ខ្លួននោះឡើយ។ ចំពោះការដេកសន្លប់បែបនេះនៅមិនទាន់ដឹងថា មានរឿងអ្វីកើតឡើងលើបុរសនោះឡើយ ដែលខ្លះបានសង្ស័យថា ជនរងគ្រោះត្រូវថ្នាំសណ្ដំ និងខ្លះទៀតសង្ស័យថាស្រវឹងស្រា ឬស្រវឹងថ្នាំញៀន។
ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់មិនបានដឹងថាយុវជនរងគ្រោះខាងលើ ដេកនៅទីនោះតាំងពេលណានោះឡើយ ព្រោះមិនបានចាប់អារម្មណ៍ ដោយក្រោយពីភ្ញាក់ពីដំណេកពេលណាមក គឺម្នាក់ៗបានធ្វើការងារផ្ទះរៀងៗខ្លួន លុះដល់វេលាម៉ោង៨ព្រឹក ទើប្រទះឃើញយុវជននោះដេកនៅលើផ្លូវបេតុងនោះបាត់ទៅហើយ។
ខណៈនោះពួកគាត់បាននាំគ្នាដាស់ ឲ្យយុវជននោះក្រោកដែរ ប៉ុន្តែទោះជាដាស់យ៉ាងណាក៏មិនភ្ញាក់ដែរ ទើបពួកគាត់រាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យមើល ហើយពេលនោះនគរបាលបានសែងចេញពីផ្លូវបេតុងយកទៅដាក់ជិតផ្ទះមួយនៅជិតកន្លែងកើតហេតុ ព្រោះខ្លាចរថយន្តឬម៉ូតូបុក និងកិនស្លាប់៕
https://youtu.be/iUZbYBj7cns
មតិយោបល់