ក្នុងវេទិកាសន្និសីទកាលពីល្ងាចថ្ងៃទី២៨ សីហា លោកសូ ស្រណោះ ដែលត្រូវគេស្គាល់ថាជាបណ្ឌិត្យផ្នែកព្យាណូ និងជានាយកសាលាស្រណោះតន្ត្រីនៅជិតទូរទស្សន៍អប្សរាម្ដុំបឹងកេងកង បានប្រកាសផ្ដល់អាហារូបករណ៍ទទួលសិស្សចូលរៀនផ្នែកចម្រៀងដោយមិនគិតថ្លៃពេញរយៈពេល៦ខែ ដោយការសិក្សាបានគិតជាទឹកប្រាក់គឺប្រហាក់ប្រហែលនឹង១០ម៉ឺនដុល្លារដែលសាលារបស់លោកខាតបង់។ យ៉ាងណាមិញ លោកថាលោកត្រូវតែសម្រេចចិត្តបរិច្ចាគដើម្បីឲ្យអ្នកដែលមានសំឡេងល្អ និងមិនមានលទ្ធភាពសិក្សាផ្នែកច្រៀងនៅក្នុងសាលាតន្ត្រីកម្រិតអន្តរជាតិរបស់លោកមានលទ្ធភាពក្លាយជាតារាអាជីព។
នាយកសាលាតន្ត្រីល្បីឈ្មោះរូបនេះនិយាយថា ចាប់ការប្រកាសនេះរហូតដល់ថ្ងៃទី១១ ខែ៩សាលាស្រណោះតន្ត្រីរបស់លោកទាំង២សាខាគឺសាខាទួលគោក និងបឹងកេងកង នឹងចាប់ផ្ដើមចែកពាក្យ និងទទួលពាក្យដើម្បីស្វែងរកអ្នកមានសំឡេងឲ្យមកទទួលអាហារូបករណ៍ផ្នែកចម្រៀងនៅសាលារបស់លោកដោយការផ្ដល់ជូននោះគឺមានរយៈពេល៦ខែ ដែលលោកបញ្ជាក់ថាគឺ សមល្មមនឹងអាចឲ្យកូនសិស្សដែលទទួលបានការបណ្ដុះបណ្ដាលមានជំនាញផ្នែកច្រៀងបានត្រូវទម្រង់តែម្ដង ដើម្បីក្លាយខ្លួនជាតារាចម្រៀងអាជីព។ លោកថាការសម្រេចចិត្តផ្ដល់ជូននេះ គឺបន្ទាប់ពីយល់ឃើញថាអ្នកមានសំឡេងច្រើននាក់ ដែលចង់ទទួលបានការបណ្ដុះបណ្ដាលនៅក្នុងសាលាតន្ត្រីធំៗ តែមិនមានលទ្ធភាព។
លោកសម្រេចចិត្តផ្ដល់ជូនការសិក្សាមួយចប់កម្មវិធីរយៈពេល៦ខែសម្រាប់បង្វឹកពីរបៀបច្រៀង និងបង្រៀនឲ្យចេះពីអក្សរភ្លេង ដោយលោកបញ្ជាក់ថាពេញរយៈពេល៦ខែដែលផ្ដល់ឲ្យនេះ គឺសិស្សនឹងចេះគ្រប់គ្រាន់នូវការប្រើប្រាស់ដង្ហើម និងប្រើប្រាស់សំឡេងដែលលោកបានហៅវគ្គដែលផ្ដល់ជូនដោយឥតគិតថ្លៃនេះថា ជាវគ្គបង្រៀនឲ្យអ្នកមានទឹកដមសំឡេងល្អ ក្លាយខ្លួនជាតារាចម្រៀងអាជីពតែម្ដង។
យ៉ាងណាមិញលក្ខខណ្ឌ ដើម្បីអាចទទួលបានអាហារូបករណ៍ជាលើកដំបូងពីសាលាស្រណោះតន្ត្រីនេះ ក៏ទាមទារឲ្យសិស្សមានពេលវេលាហ្វឹកហាត់មិនមានអវត្តមាន និងតម្រូវឲ្យអ្នកដាក់ពាក្យទាំងនោះត្រូវចេះភាសាអង់គ្លេសគ្រាន់បើផងដែរ ដោយសារតែការបង្វឹកពីរបៀបច្រៀង និងពីអក្សរភ្លេងគឺត្រូវប្រើប្រាស់អង់គ្លេសមួយផ្នែក ហើយគ្រូដែលបង្រៀនដោយផ្ទាល់ក៏ជនជាតិបរទេស។
លោកថាសិស្សដែលអាចសិក្សាវគ្គនេះ តាមធម្មតាគឺចំណាយក្នុងម្នាក់មិនក្រោមពីជាង២ពាន់ទៅ៣ពាន់ដុល្លារនោះទេ ទើបលោកប្រកាសថាមួយវគ្គដែលលោកផ្ដល់ជូនរហូតដល់៣០នាក់ពេញរយៈពេល៦ខែនេះ គឺចំណាយមិនក្រោមពី៧ទៅ៩ម៉ឺនដុល្លារនោះទេ ដោយតម្លៃដែលសិស្សត្រូវចំណយនេះ គឺមិនបានរាប់បញ្ចូលនូវការតាមដានពីទឹកដមសំឡេងរបស់កូនសិស្សយ៉ាងម៉ត់ចត់នោះផង។
លោកថា សិស្សដែលបានទទួលអាហារូបករណ៍ពីការប្រកាសនេះ មិនត្រឹមតែទទួលបានពីរបៀបរៀនច្រៀង និងស្គាល់អក្សរភ្លេងប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបានការបង្វឹកយ៉ាងពិសេសដោយមានការមើលថែពីការប្រែប្រួលរបស់ពួកគេ ដើម្បីឲ្យចប់មួយវគ្គ៦ខែ គឺពួកគេមានការអភិវឌ្ឍន៍ទឹកដមសំឡេង ហើយអាចក្លាយជាតារាចម្រៀងអាជីពបានដោយមិនពិបាក ជាពិសេសគឺការប្រើសំឡេងចេញពីពោះ ពីដើមទ្រូង និងចេញពីខួរក្បាល។ លោកទទូចឲ្យអ្នកមានសំឡេងល្អ ហើយច្រៀងមិនភ្លៀវចាប់ពីអាយុ១៣ឆ្នាំ រហូតដល់២៥ឆ្នាំ ចូលរួមដាក់ពាក្យឲ្យបានមុនថ្ងៃទី១១ ខែ៩ ដើម្បីមានឈ្មោះធ្វើតេស្ដច្រៀងដោយផ្ទាល់ និងច្រៀងជាមួយព្យាណូកំណត់រកអ្នកមានសមត្ថភាពចំនួន៣០រូបឲ្យទទួលបានការសិក្សានេះដោយឥតគិតថ្លៃ។
លោកគម្រោង ជ្រើសយកប្រុស១៥នាក់ និងស្រី១៥នាក់ ចំណែកអាយុ គឺអត់កំណត់នោះទេ ដោយអាចនិយាយបានបើទោះជាក្មេងមានសំឡេងល្អច្រើនជាង ឬមនុស្សពេញវ័យមានសំឡេងល្អច្រើនជាងក៏យកទាំងអស់សំខាន់ឲ្យតែសំឡេងក្នុងពេលធ្វើតេស្ដនោះមិនភ្លៀវ ហើយមានតុងខ្ពស់ពេលច្រៀងជាមួយព្យាណូ និងមានពិន្ទុល្អជាងសម្រាប់៣០នាក់គឺគ្រប់គ្រាន់។ លោកការសិក្សាបែបនេះ បើជាសិស្សបង់លុយគឺ ទោះជាបង់ក្នុងម្នាក់៣ពាន់ដុល្លារ ក៏មិនបានបង្រៀនគ្រប់ជ្រុងជ្រោយនិងមានការតាមដានសំឡេងពីអ្នកជំនាញរាល់ពេលទទួលការបណ្ដុះបណ្ដាលមួយមេរៀនៗបែបហ្នឹងនោះដែរ ទើបលោកយល់ថាការចំណាយរបស់លោកសម្រាប់អាហារូបករណ៍មួយនេះបើគិតជាប្រាក់គឺមិនក្រោម១០ម៉ឺនដុល្លារ។ យ៉ាងណាមិញ លោកថាសប្បាយចិត្តដោយលោកបានទាំងប្រកាសថានឹងធ្វើឲ្យវគ្គបណ្ដុះបណ្ដាលសម្រាប់សិស្សដែលទទួលបានការផ្ដល់អាហារូបករណ៍នេះ ឲ្យក្លាយជាតារាចម្រៀងអាជីពនោះផង។ លោកថាគ្រូតន្ត្រីដែលបង្វឹកនៅក្នុងវគ្គនេះគឺមួយចំនួនស្ម័គ្រចិត្តបង្រៀនហ្វ្រី តែសម្រាប់គ្រូបរទេសគឺខាងសាលាផ្ដល់ឲ្យមួយចំណែក។
លោក រ៉ុង សេរីវណ្ណ គ្រូបង្រៀនព្យាណូប្រចាំសាលាស្រណោះតន្ត្រី បានស្នើឲ្យអ្នកចង់ទទួលបានអាហារូបករណ៍ទាក់ទងដោយផ្ទាល់មកកាន់សាលា ជាពិសេសអ្នកមានសំឡេងល្អដោយលោកប្រកាសថាសូម្បីតែសិស្សដែលបានហ្វឹកហាត់នៅក្នុងសាលា ឬនៅក្នុងសាលាផ្សេងក៏មានសិទ្ធិដាក់ពាក្យដែរ៕
https://youtu.be/KSt8oZBIPF0
មតិយោបល់