ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួនស្ត្រីលក់ឡេ និងគ្រឿងលម្អខ្លួនតាមOnline ដាក់ពន្ធនាគារបណ្តោះអាសន្នហើយ

កណ្តាលៈ នៅល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ លោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រេចបញ្ជូនស្ត្រីលក់ឡេលាបស្បែក និងគ្រឿងលំអរខ្លួន តាម Online ជាមួយការបញ្ចេញរូបរាងកាយដ៏សិចស៊ី «Love Riya»ទៅឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នហើយ ក្រោមបទចោទប្រកាន់ពីបទ «ក្លែងផលិតផលទំនិញដែលជាកម្មវត្ថុធ្វើពាណិជ្ជកម្ម ឬសម្រាប់ទុកធ្វើពាណិជ្ជកម្ម» តាមមាត្រា១៧និងមាត្រា៦៣នៃច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា។

មាត្រា១៧នៃច្បាប់នេះចែងថា ” ត្រូវបានហាមឃាត់ដាច់ខាតការក្លែងផលិតផលទំនិញដែលធ្វើជាកម្មវត្ថុពាណិជ្ជកម្មឬទុកសម្រាប់ធ្វើពាណិជ្ជកម្ម ដោយធ្វើការកែច្នៃផលិតផលទំនិញដោយរបៀបណាមួយ ដោយធ្វើការបញ្ចូលបន្ថែមការដកចេញឬប្តូរជំនួសនៃភាគណាមួយឬភាគទាំងមូលដែលពុំត្រូវបានអនុញ្ញាតឱ្យធ្វើដោយបទបញ្ញតិឬទម្លាប់ បើពុំមានបទបញ្ញតិឬដែលសមស្របទៅនឹងបទបញ្ញតិ ” ។

មាត្រា៦៣វិញចែងថា”ទោសនេះត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំនិងពិន័យជាប្រាក់ពី៥លានរៀលទៅ១០លានរៀល” ។

សូមរំលឹកថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ កម្លាំងចម្រុះរបស់គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម ដឹកនាំដោយឧត្តមសេនីយ៏ត្រី ទូច យុទ្ធា អនុលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម ដែលមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួមពីការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តកណ្តាល មន្ទីរសុខាភិបាលខេត្តកណ្តាល លោកអធិការក្រុងតាខ្មៅ លោកមេប៉ុស្តិ៍ បានចុះធ្វើការឆែកឆេរផ្ទះស្ត្រីម្នាក់ លក់ឡេ លក់ម្សៅ គ្រឿងលម្អខ្លួន សង្សយ័ផលិត វេចខ្ជប់ រក្សាទុក លក់ និងចែកចាយថ្នាំលាបស្បែក លាបឡេ ដោយពុំមានសុំច្បាប់អនុញ្ញាត្តិ និចុះបញ្ជីការជាមួយក្រសួងសុខាភិបាលហើយផលិតផល ជាថ្នាំលាបស្បែកនេះសង្សយ័ថា ជាផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ និងហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ដិភាពអ្នកប្រើប្រាស់។

ហេតុការណ៍ចុះឆែកឆេរនេះកាលពីវេលាម៉ោង១០ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះយីហោរ ៩៩៩ វុទ្ធ ថេត កាត់ដេរ ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ម្ចាស់ទីតាំងមានឈ្មោះឆេង ស្រីរត្ន័ ហៅ(Love Riya) ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរផលិតករ និងអាជីវករថ្នាំលាបស្បែក។
វត្ថុតាងចាប់យកបាន: មានប្រភេទឡេលាបស្បែកអោយសរក្នុងរយៈពេលមួយសប្តា្រហ៏ ម្សៅលាបមុខអោយស បំបាត់មុន ជាំ ឡេ និងម្សៅខាត់ស្បែកអោយសភ្លាមៗ.ល. ។ សរុបទាំងអស់៣០ប្រភេទ មួយចំនួនធំ។

បើតាមឧត្តមសេនីយ៏ត្រី ទូច យុទ្ធា អនុលេខាធិការដ្ឋានគណះកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់សល់សុខភាពនិងសុវត្ថិភាពសង្គមបានប្រាប់Post News អោយដឹងថា ដោយមានការទទួលព័តមាន និងការផ្សាយតាមOnline របស់ម្ចាស់ផលិតផល គណៈកម្មការយើងបានធ្វើការស្រាវជ្រាវ រហូតមានការឯកភាពពីស្ងាបន័តុលាការ គណៈកម្មការយើងបានសហការជាមួយព្រះរាជអាជ្ញារង បានចុះឆែកឆេរទីតាំងខាងលើដែលសង្សយ័លក់ឡេរ លក់ម្សៅ គ្រឿងលំអរខ្លួន ក្លែងក្លាយ។ ភ្លាមៗនោះបន្ទាប់ពីធ្វើការឆែកឆេរពិតជាបានរកឃើញថា សង្សយ័ផលិត វេចខ្ជប់ រក្សាទុក លក់ និងចែកចាយថ្នាំលាបស្បែក លាបឡេ ដោយពុំមានសុំច្បាប់អនុញ្ញាត្តិ និងចុះបញ្ជីការជាមួយក្រសួងសុខាភិបាលហើយផលិតផល ជាថ្នាំលាបស្បែកនេះសង្សយ័ថា ជាផលិតផលក្លែងក្លាយ ដែលបង្ករគ្រោះថ្នាក់ និងហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ដិភាពអ្នកប្រើប្រាស់។


លោកឧត្តមសេនីយ៏ត្រីបានប្រាប់អោយដឹងទៀតថា: ចំពោះផលិតផលទាំងអស់នោះលោកព្រះរាជអាជ្ញាររងបានឯកភាពអោយខាងគណះកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយយកទៅមន្ទីរពិសោធដើម្បីពិសោធមើលអោយដឹងច្បាស់ថាផលិតផលទាំងអស់នោះជាផលិតផលក្លែងក្លាយ និងពេលប្រើប្រាស់រួចអាចប៉ះពាល់ដល់សុខភាពកំរិតណា៕

មតិយោបល់