ព័ត៌មានសិល្បៈ និងកម្សាន្ត

ផ្ទុះចម្ងល់ ក្រោយសពប្ដីប្រពន្ធបងប្រុស ខៀវ សានសាណា ធ្វើបុណ្យខុសកន្លែងគ្នា !

មកទល់ពេលនេះនៅមិនទាន់មានការបកស្រាយណាមួយទេ ជុំវិញការធ្វើបុណ្យសពបងប្រុសអ្នកនាង ខៀវ សានសាណា និងភរិយា នៅលើទីតាំងផ្សេងគ្នានោះឡើយ។ សពលោក ខៀវ កូណែល ត្រូវគេតម្កល់ធ្វើបុណ្យនៅវត្តស្រះចក ហើយសពរបស់អ្នកស្រី យេង លក្ខិណា ជាភរិយាត្រូវបានគ្រួសារខាងស្រីតម្កល់ធ្វើបុណ្យនៅផ្ទះ ខណៈដែលចម្ងល់នេះហាក់មានអាថ៌កំបាំងក្នុងពេលដែលអ្នកនាងខៀវ សានសាណា ក៏ទើបបង្ហោះសារទទូចកុំឲ្យកាត់ក្ដីថាបងប្រុសរបស់នាងជាអ្នកបាញ់សម្លាញ់ភរិយាព្រោះតែភ្លើងប្រច័ណ្ឌដូចអ្វីដែលគេបានប្រកាស។

យោងតាមហ្វេសប៊ុកផ្លូវការរបស់លោកខៀវ កូឡា ជាឪពុក និងហ្វេសប៊ុកផ្លូវការរបស់អ្នកនាងខៀវ សានសាណា ជាប្អូនស្រីសពបានបញ្ជាក់យ៉ាងច្បាស់ថា ពិធីបុណ្យសពរបស់លោក ខៀវ កូណែល គឺធ្វើដោយឡែកពីគ្នាពីសពភរិយា ដែលហាក់ដូចជាគ្រួសារសពទាំង២មានរឿងមិនចុះសម្រុងគ្នាថែមមួយកម្រិតទៀត ក្រោយពីកូនៗទាំង២បាត់បង់ជីវិត។
ម្នាក់ៗមានការងឿងឆ្ងល់យ៉ាងខ្លាំង ក្នុងពេលដែលប្ដីប្រពន្ធទាំងពីរត្រូវគេដឹងទទួលមរណភាពក្នុងថ្ងៃតែមួយ តែក្នុងពេលធ្វើបុណ្យស្រាប់តែមានការបែងចែកដោយឡែកពីគ្នា ហើយធ្វើឲ្យគេប៉ាន់ស្មានថាមុនផ្ទុះហេតុការណ៍គ្រួសារទាំង២អាចនឹងមានល្អក់កករនឹងគ្នានោះផង ទើបរឿងរ៉ាវដែលបានកើតឡើងចំពោះកូនៗស្រាប់តែតម្រូវឲ្យគ្រួសារសពទាំង២មិនព្រមធ្វើបុណ្យរួមគ្នា។

យ៉ាងណាក៏ដោយមានការបញ្ជាក់ថាហេតុផលដែលនាំឲ្យសពរបស់លោកកូណែល និងភរិយាត្រូវសម្រេចធ្វើបុណ្យបែកគ្នា គឺដោយសារតែគ្រួសារខាងប្រុសចង់ធ្វើបុណ្យក្នុងវត្តដែលមានទីតាំងធំទូលាយ ហើយគ្រួសារខាងស្រីមិនចង់ដឹកសពអ្នកស្រីយេង លក្ខិណា មកធ្វើបុណ្យក្រៅផ្ទះប៉ុណ្ណោះ ទើបបណ្ដាលឲ្យសពទាំង២ត្រូវធ្វើបុណ្យផ្សេងគ្នា។ ក្នុងនោះក៏មានការលើកឡើងថា គ្រួសារទាំំង២អាចនឹងពិបាកមើលមុខគ្នាផងដែរ ដើម្បីជៀសផុតនូវការចោទប្រកាន់គ្នាថាបណ្ដាលមកពីកូនរបស់អ្នកណានេះឬកូនរបស់អ្នកនោះ ជាមូលហេតុបណ្ដាលឲ្យកូនរបស់ម្ខាងៗត្រូវបានស្លាប់។

អ្នកនាងខៀវ សានសាណា និងលោក កូឡា មិនទាន់ធ្វើការបញ្ជាក់ឲ្យដឹងពីមូលហេតុនេះនៅឡើយទេ ក្រៅតែបានបង្ហាញនូវការឈឺចាប់ហួសប្រមាណក្រោយពេលបាត់បង់បងប្រុស និងកូនប្រុស ដែលជាអ្នកទាំង២យល់ថាមានតម្លៃសម្រាប់ជីវិត។
លោកកូឡា និងអ្នកនាងខៀវ សានសាណា បានបង្ហោះថា «ដំណឹងមរណភាព! យើងខ្ញុំ ខៀវ កូឡា និងភរិយាព្រមទាំងក្រុមគ្រួសារមាននូវមហាទុក្ខដ៏ក្រៀមក្រំបំផុតដោយកូនប្រុសបង្កើត វរសេនីយត្រី ខៀវ កូណែល ជំនួយការផ្ទាល់នាយឧត្តមសេនីយ៏ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានទទួលមរណភាពនាវេលាម៉ោង ៦និង៣០ ល្ងាចថ្ងៃអាទិត្យ ៦ កើត ខែភត្របទឆ្នាំរកានព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែសីហា គ.ស ២០១៧ ដោយកម្មក្ខ័យមរណៈ។ សពវរសេនីយត្រី ខៀវ កូណែល តម្កល់ទុកនៅវត្តស្រះចក សង្កាត់ស្រះចក រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។ ពិធីបូជាសពនឹងប្រព្រឹត្តនៅបរិវេណវត្តស្រះចក នាថ្ងៃពុធ ៩ កើត ខែឆ្នាំដដែល ត្រូវនិងថ្ងៃ ទី ៣០ សីហា ឆ្នាំ ២០១៧ ចាប់ពីវេលាម៉ោង ៨និង៣០ នាទីតទៅ ក្រោមអធិបតីភាព សន្តិបណ្ឌិត ខៀវ សុភ័គ (ត្រូវជាឪពុកធំបង្កើត) នាយកខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី។ សេចក្តីជូនដំណឹងនេះចាត់ទុកជាការអញ្ចើញដល់ញាតិមិត្តជិតឆ្ងាយនៃសពនិងក្រុមគ្រួសាទាំងអស់!»។

យ៉ាងណាក៏ដោយគេជឿជាក់ថាក្រោយការស៊ើបអង្កេតនឹងមានការទម្លាយកាន់តែច្បាស់ថាអ្វីជាមូលហេតុនាំឲ្យមានករណីឃាតកម្ម និងការសម្លាប់ខ្លួននោះ និងហេតុផលច្បាស់លាស់ដែលនាំឲ្យប្ដីប្រពន្ធដែលទទួលមរណភាពទាំង២ត្រូវធ្វើបុណ្យផ្សេងគ្នា៕

មតិយោបល់