ខុសពីភាពយន្តមុនដែលមានការរំពឹងពីផលចំណេញក្នុងពេលដាក់បញ្ចាំង ផលិតកររឿង«ហ្លួងព្រះស្ដេចកន»បានអះអាងថាភាពយន្តមួយនេះអត់ខ្វល់រឿងដាក់បញ្ចាំងហើយខាត ឬចំណេញនោះទេ ក្នុងពេលដែលលោកទទួលស្គាល់ថាភាពយន្តដែលប្រើដើមទុនរហូតដល់ជាងមួយលានដុល្លារបែបនេះ គឺមិនរំពឹងច្រើនឡើងថាបានផលចំណេញ ឬរួចខ្លួន។ យ៉ាងណាមិញ លោកថារឿងនេះនឹងក្លាយជាភាពយន្តមួយដែលបើកមុខទីផ្សារវិស័យភាពយន្តខ្មែរ ដើម្បីអ្នកទស្សនា និងជនបរទសបានស្គាល់ពីកម្រិតផលិតរបស់ភាពយន្តខ្មែរ។
លោកម៉ៅ អាយុទ្ធ ផលិតកររឿងបានអះអាងថាក្រោយការផលិតភាពយន្តរឿង«ហ្លួងព្រះស្ដេចកន»ដែលបានប្រើពេលផលិតអស់២ឆ្នាំ មិនមែនចំណាយអស់ត្រឹមតែ១លានដុល្លារដូចបានប្រកាសកាលពីពេលចេញថតនោះទេ គឺចំណាយអស់ជាងមួយលានដុល្លារ ដោយលោកប្រកាសថាតួលេចផ្លូវការគឺលុះត្រាតែក្រុមហ៊ុនLYP ដែលជាអ្នកបោះទុនទើបអាចដឹងច្បាស់។ នៅក្នុងឈុតខ្លះលោកថាត្រូវចំណាយរហូតដល់រង្វង់២០ម៉ឺនដុល្លារឯណោះ ដើម្បីអោយរឿងមើលទៅដូចគ្នាពិតៗនឹងសម័យក្នុងជំនាន់ស្ដេចកន។ អ៊ីចឹងហើយទើបខ្ទង់ចំណាយទាំងស្រុងកើនឡើងពិបាកកំណត់ដែលលោកបានហៅទម្រង់ភាពយន្តនេះថា ជារឿងដែលមានខ្ទង់ចំណាយមហាសាល ដែលមិនមានភាពយន្តខ្មែរណាមួយប្រដូចបាន ក្នុងនោះការជ្រោមជ្រែងរបស់វិស័យរដ្ឋ និងឯកជនភាគច្រើនមិនត្រូវរាប់បញ្ចូលនោះផង។
លោកមានប្រសាសន៍ថា«មួយរឿងនេះអស់ខ្ទង់លានឡើង ហើយបើរាប់តាំងពីថ្លៃជួលកន្លែងខ្លះគេមិនយកលុយ រាប់តាំងពីគេអោយខ្ចីស្ទីឌីយោថតផង និងរាប់តាំងពីតួសម្ដែងជាទាហានគាត់មកជួយថតផងដល់ទៅ២០០-៣០០នាក់អត់យកលុយ គឺមិនដឹងប៉ុន្មានទេ!»។
លោកថាសប្បាយចិត្តដែលបានដឹកនាំរឿងនេះ ហើយត្រូវផលិតកម្មបោះទុនមិនកំណត់អោយលោកសំចៃៗ ដែលនាំអោយគុណភាពភាពយន្តចុះខ្សោយ។ លោកបានហៅភាពយន្តនេះថាជាស្នាដៃប្រវត្តិសាស្រ្តចុងក្រោយ ដែលលោកបានផលិតក្នុងចំណោមស្នាដៃភាពយន្តខ្មែរល្អៗដែលលោកចេញមុខចាត់ចែង។ ភាពយន្តនេះ គម្រោងដាក់បញ្ចាំងគ្រប់រោងនៅថ្ងៃទី១៨ សីហា នេះតទៅ ដោយលោកបញ្ជាក់ថាសម្រាប់ប្រាក់ចំណូលដើម្បីអោយបានរួចដើម ឬចំណេញគឺមិនរំពឹងនោះទេ ដោយសារតែការចំណាយដល់ទៅជាង១លានដុល្លារ គឺវាមានទំហំធំដែលការដាក់បញ្ចាំងនៅក្នុងប្រទេសមិនអាចស្រង់បាន។ ប៉ុន្តែលោកថាបើរឿងមួយនេះ ស្រាប់តែមានមហាជនពុះកញ្ច្រោលទៅទិញសំបុត្រទស្សនារហូតដល់១លាននាក់ ឬច្រើនជាងនេះ នោះនឹងបានផលចំណេញក្រោយពេលដាក់បញ្ចាំង។
លោកទទូចអោយកូនខ្មែរទៅទស្សនាភាពយន្តប្រវត្តិសាស្រ្តមួយនេះអោយបានគ្រប់គ្នា ដោយសារតែការផលិតគឺក្រៅពីដកស្រង់ប្រវត្តិស្ដេចកនហើយ ក៏បានឆ្លុះបញ្ចាំងពីសម្លៀកបំពាក់ និងវប្បធម៌ ដើម្បីកុំអោយសាធារណជនច្រលំថា ការតុបតែងរបស់ខ្មែរនៅក្នុងសម័យនោះយកតាមលំនាំប្រទេសជិតខាង។ លោកថាខ្ទង់រហូតដល់ជាង១លានដុល្លារនេះ គឺរាប់បញ្ចូលទាំងការស្រាវជ្រាវ និងសិក្សាពីប្រវត្តិក្នុងសម័យនោះផង ទើបជាង១លានដុល្លារលោកថាជាខ្ទង់ចំណាយដែលបានសន្សំសំចៃផង។ លោករំពឹងយ៉ាងមុតមាំថាភាពយន្តរឿង«ហ្លួងព្រះស្ដេចកន»នឹងក្លាយជារឿងប្រវត្តិសាស្រ្តប្រចាំឆ្នាំរបស់កម្ពុជា បើទោះជាក្ដីរំពឹងថានឹងទទួលបានដើមទុនជាង១លានដុល្លារក្រោយពីចែកគ្នាជាមួយម្ចាស់រោងរួចហើយ នៅមិនទាន់អាចប៉ាន់ស្មានដឹង។
ភាពយន្តមួយរឿងនេះលោកនៅតែអះអាងថាក្រុមហ៊ុនដែលបានបោះទុន មិនមែនចង់ផលិតដើម្បីកើបលុយទេ ប៉ុន្តែគោលបំណងសំខាន់គឺចង់រំលេចភាពយន្តបែបប្រវត្តិសាស្រ្ត និងចង់បង្ហាញកូនខ្មែរថាខ្មែរក៏មានលទ្ធភាពផលិតរឿងបែបហូលីវូដមិនចាញ់គ្នា អោយតែមានការគាំទ្រភាគច្រើន៕
https://youtu.be/2FIFiF6oaDI
មតិយោបល់