បន្ទាប់ពីអ្នកនាងប៉េងប៉ោង បង្ហោះរូបថតដេរលលាដ៍ក្បាល និងបង្ហោះអោយឃើញពីសភាពហើមមុខពោរបានធ្វើឲ្យម្នាក់ៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយម្នាក់ៗប៉ាន់ស្មានថាអ្នកនាងមានបញ្ហាអ្វីធ្ងន់ធ្ងរនោះផង។


យ៉ាងណាមិញអ្នកនាងបញ្ជាក់ថារូបភាពនោះគឺបង្ហាញពីការវះយកខ្ទុះចេញពីលលាដ៍ក្បាលដោយសារបញ្ហាដំបៅក្លាយជាខ្ទុះ ដែលភាគច្រើនគេស្គាល់ថាជាបូសក្លាយនោះតែប៉ុណ្ណោះ។


អ្នកនាងប៉េងប៉ោង និយាយថា ហេតុផលដែលអ្នកនាងមានខ្ទុះក្នុងលលាដ៍ក្បាលនេះ គឺដោយសារតែពីដំបូងអ្នកនាងមានបញ្ហាអង្គែហើយដោយសារតែអ្នកនាងបានអេះអោយដាច់រលាត់ ក៏ក្លាយជាដំបៅក្លាយនៅពេលអ្នកនាងចេះតែប្រើប្រាស់ផលិតផលលាបសក់ និងប្រេងអប់សក់។


អ្នកនាងថាពីដំបូងអ្នកនាងនឹកស្មានថាជាបូសធម្មតាប៉ុណ្ណោះ លុះបណ្ដោយទុកយូរក៏បង្កជាខ្ទុះ ហើយបណ្ដាលឲ្យដរឡើងហើមដល់មុខ។
អ្នកនាងថា អ្នកនាងត្រូវទៅមន្ទីរពេទ្យសួរនាំពីបញ្ហានេះច្រើនថ្ងៃមកហើយ ប៉ុន្តែដោយសារតែអ្នកនាងជាប់រវល់សម្ដែងក៏បណ្ដាលអោយដំបៅនោះដរខ្លាំងឡើង ហើយបណ្ដាលអោយឡើងខ្ទុះ និងហើមមុខឡើងពោរ។ អ៉ីចឹងហើយទើបកាលពីល្ងាចថ្ងៃទី២៩ សីហា អ្នកនាងត្រូវបានលោកនាយវីតាមីនសេ ដឹកបញ្ជូនទៅមន្ទីរពេទ្យយ៉ាងបន្ទាន់ ដោយក្រុមគ្រូពេទ្យបានវះត្រង់កន្លែងដំបៅក្លាយនោះដើម្បីយកខ្ទុះចេញនោះផង។ គ្រូពេទ្យបានប្រាប់អ្នកនាងថា ដំបៅនោះក្លាយជាខ្ទុះដោយសារតែប្រតិកម្មនឹងគ្រឿងសម្អាងសក់ដែលអ្នកនាងបានប្រើ ហើយបណ្ដាលមកពីឆ្លងមេរោគពីធូលីផង ទើបបណ្ដាលទៅជាបែបហ្នឹង។


យ៉ាងណាមិញ អ្នកនាងថាក្រោយការវះយកខ្ទុះចេញអ្នកនាងនឹងជាសះស្បើយក្នុងរង្វង់មួយសប្ដាហ៍ ដោយអ្នកនាងបានផ្ដល់នូវបទពិសោធន៍ថាបើរម៉ាស់អេះអង្គែរមិនគួរនឹងអេះអោយដាច់រលាត់នោះឡើយ ដោយសារតែខាងគ្រូពេទ្យបានអះអាងថាស្បែកក្បាលមានសភាពស្ដើងដែលងាយនឹងទទួលមេរោគបើមានដំបៅណាមួយ។


អ្នកនាងថាមុនការវះកាត់ អ្នកនាងឡើងហើមមុខហើយក្ដៅខ្លួន និងខ្ទោកលលាដ៍យ៉ាងខ្លាំង ប៉ុន្តែមកពីអ្នកនាងចេះតែខ្លាចទៅពេទ្យខាតថ្ងៃសម្ដែងទើបបណ្ដោយដល់ថ្នាក់នឹង៕








មតិយោបល់