ព័ត៌មានកីឡា

Mourinho៖ ទម្រង់លេងរបស់ Rashford និង Martial នៅពេលនេះ មិនទាមទារឲ្យក្រុមទិញ Gareth Bale ឡើយ

លោក Jose Mourinho អ្នកចាត់ការក្រុម បីសាចក្រហម Manchester United បានប្រាប់ Diario Gol ថា ក្រុមបីសាចក្រហម មិនចាំបាច់ចង់បានខ្សែប្រយុទ្ធរបស់ក្រុម Real Madrid កីឡាករ Gareth Bale ទៀតឡើយនៅពេលនេះ។

ជាការពិតណាស់ មួយរយ:ចុងក្រោយនេះ លោក Mourinho ពិតជាចង់បានខ្សែប្រយុទ្ធវែល Gareth Bale យ៉ាងខ្លាំង ដោយលោកព្រមទាំងបញ្ជាក់មហិច្ចតាថា នឹងទិញកីឡាកររូបនេះឲ្យបានផងដែរ។ យ៉ាងណាវិញ បន្ទាប់ពីការចាប់ផ្តើមការប្រកួតយ៉ាងល្អ នាពេលកន្លងមកនេះ អ្នកចាត់ការជនជាតិព័រទុយកាល់ រូបនេះ ហាក់ដូចជាមិនចង់បាន Bale ទៀតឡើយ ព្រោះថាកីឡាកររបស់ Man Utd នាពេលបច្ចុប្បន្ននេះ ល្មមគ្រប់គ្រាន់សម្រាប់បីសាចក្រហមហើយ។ ក្នុងនោះដែរ តាមរយ:សម្តីដែលលោក Jose Mourinho បានប្រាប់ទៅកាន់ Diario Gol បានបង្ហាញឲ្យឃើញថា ខ្សែប្រយុទ្ធវ័យក្មេង២រូប ដែលកំពុងឡើងជើង Marco Rashford និង Anthony Martial អាចធ្វើឲ្យក្លិប មិនចាំបាច់ទិញ Gareth Bale ទៀតឡើយ។

តាមរយ: ទិន្នន័យទាំងនេះ អាចបង្ហាញឲ្យឃើញថា លោក Mourinho មិនត្រូវការទិញកីឡាករថ្មីទៀតឡើយ ពោលលោកចង់ប្រើប្រាស់ធនធាន កីឡាករវ័យក្មេងល្អៗ ដែលកំពុងតែលេងឡើងជើងយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀតនោះ Bale មិនល្អដូចមុនឡើយ ទាំងទម្រង់លេង និងល្បឿន ជាហេតុធ្វើឲ្យលោក Mourinho មានការពិចារណាច្រើន។ ជាងនេះទៅទៀត សមត្ថភាពរបស់ Rashford និង Martial នៅពេលនេះ ពិតជាមិនធម្មតាឡើយ ព្រោះថា កីឡាករទាំង២រូបនេះ កំពុងតែធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសនោះគឺ Marco Rashford ។

ដូច្នេះហើយ យុទ្ធសាស្ត្ររបស់លោក Jose Mourinho នៅពេលនេះគឺកាត់បន្ថយការចំណាយ ក្នុងការនាំយកកីឡាករពីខាងក្រៅ ហើយប្រើប្រាស់ និងបណ្តុះធនធានកីឡាករដែលមានស្រាប់ ដើម្បីជួយក្រុមឲ្យខ្លាំងក្លា ដូចជំនាន់លោក ដឹកនាំក្រុម Porto កាលពីអតីតកាលផងដែរ។

មតិយោបល់