ព័ត៌មានសិល្បៈ និងកម្សាន្ត

យន វុទ្ធី ស៊យឡើងស្អុយមុខហើយ ហេងវិញ!

កាលពីយប់ថ្ងៃទី៣ កញ្ញា ពិធីករ និងជាអ្នកគ្រប់គ្រងក្រុមម៉ូដែលមួយក្រុម លោកយន វុទ្ធី បានប្រារព្ធពិធីខួបកំណើតក្នុងសភាពដែលមានភ្ញៀងធ្លាក់ខ្លាំង និងមានទឹកលិចស្ទើរគ្រប់ដងផ្លូវ រហូតធ្វើឲ្យលោកខ្លួនឯងមុខស្អុយលាន់មាត់ថាធ្វើខូបចំថ្ងៃស៊យភ្លៀងធំ។ ប៉ុន្តែអ្វីដែលគេកត់សម្គាល់ គឺតារាៗ និងភ្ញៀវកត្តិយសប្រមាណជិត១០០នាក់ នៅតែបង្ហាញការតស៊ូមិនគួរឲ្យជឿបង្ហាញខ្លួនក្នុងពិធីរបស់លោកមិនសូវមានការបាត់មុខនោះទេ បើទោះជាក្រោយភ្ញៀងធ្លាក់មួយមេធំ គឺច្រកចូលពិធីខួបកំណើតរបស់លោកត្រូវគេដឹងថាមានទឹកលិចផ្លូវ ហើយស្ទះចរាចរណ៍សឹងគ្រប់កន្លែង នៅតំបន់ជុំវិញប៉ុស្ដិ៍លេខ៩ និងម្ដុំអង់តែនទួលគោក ដែលលោកជ្រើសជាកន្លែងចាត់ចែងពិធី។

មុនមានវត្តមានតារាសិល្ប: និងភ្ញៀវកិត្តិយសបង្ហាញខ្លួនយ៉ាងច្រើនកុះករនាយប់នោះ គេឃើញពិធីខួបកំណើតរបស់លោកមានអ្នកចូលរួមប្រមាណមិនដល់២តុផង ខណ:ដែលលោកយន វុទ្ធី ដែលជាម្ចាស់ខួប គឺមានអារម្មណ៍ភ័យផងអរផង ព្រោះតែខ្លាចអត់ភ្ញៀវមកចូលរួម ក្នុងពេលដែលម៉ោង៧មកហើយនៅតែមិនឃើញភ្ញៀវច្រើនណាស់ណាបង្ហាញខ្លួននៅឡើយ។

បរិយាកាសដែលបានរំខានដោយសារតែភ្លៀងមួយមេធំនាពេលនោះ មិនមែនត្រឹមតែលោកចាម្ចាស់ពិធីនោះនោះទេ គឺសូម្បីតែភោជនីយដ្ឋានតូចធំក៏ត្រូវអង្គុយស្ងាបព្រោះតែមានសភាពលិចផ្លូវ និងស្ទះចរាចរណ៍ ជាពិសេសនៅជុំវិញតំបន់អង់តែនទួលគោក និងស្ទះត្រង់អតីតស្ដុបទួលគោកដែលជាច្រកចូលទៅកាន់ប៉ុស្ដិ៍លេខ៩នោះ។ លោកបានទាំងមិនរំពឹងថានឹងមានភ្ញៀវ និងតារាសិល្ប:មកចូលរួមក្នុងយប់នោះផង ជាពិសេសបន្ទាប់ពីភ្ញៀវជាអ្នកសិល្ប:ភាគច្រើនបានផ្ញើសារសូមទោសលោករឿងភ្លៀង និងស្ទះផ្លូវហើយពិបាកធ្វើដំណើរ។

យ៉ាងណាមិញ នៅវេលាម៉ោងប្រមាណជាង៨យប់គេឃើញពិធីរបស់លោកចាប់ផ្ដើមមានតារា និងភ្ញៀវកិត្តិយសមកដល់កុះករ ដោយចំនួន១០តុដែលលោកបានរៀបចំតម្រូវទទួលភ្ញៀវគឺសឹងមិនគ្រប់សម្រាប់ការទទួលភ្ញៀងដែលបានសម្រុកមកដល់ផង។
អ៉ីចឹងហើយទើបម្ចាស់ពិធីដែលមុខស្អុយមួយក្បាលល្ងាចបែរជាញញឹមបិទមាត់មិនជិត វិញ ដោយសារតែឃើញវត្តមានតារាល្បីៗ និងតារាៗជាក្រុមបង្ហាញម៉ូដ ជាពិសេសគឺអ្នកមុខអ្នកមាត់អញ្ជើញមកដល់មិនបាត់មុខ។ អ្វីដែលលោកប្រកាសថាសប្បាយចិត្តទៅនោះ គឺភ្ញៀវដែលលោកគ្រាន់តែអញ្ជើញតាមឆាតដែលលោកមិនរំពឹងថាមកបែរជាមកគ្រប់គ្នា ជំនួសឲ្យអ្នកសិល្ប: និងភ្ញៀវកិត្តិយសដែលលោកបានអញ្ជើញជាផ្លូវការដែលរំពឹងថាមក តែបែរជាអវត្តមាននោះ។

លោក យន វុទ្ធី ជាពិធីករឯករាជ្យក្រោយផុតកុងត្រាជាមួយប៉ុស្ដិ៍លេខ៩ និងជាអ្នកគ្រប់គ្រងក្រុមបង្ហាញម៉ូដBN ដែលត្រូវគេស្គាល់ថាជាសមាជិសកម្មរបស់«គ្រួសារតារាកម្ពុជា»ផងនោះ បានអះអាងថានេះជាពិធីខួបកំណើតគម្រប់វ័យ៣៦ឆ្នាំ ដែលលោកសម្រេចចិត្តធ្វើចំនួន១០តុ ក្នុងបំណងជួបជុំតារាសិល្ប: និងមិត្តភក្តិដែលធ្លាប់ធ្វើការជាមួយគ្នាពិសេសៗគឺតារាៗ និងក្រុមការងារដែលធ្លាប់ធ្វើការជាមួយគ្នានៅប៉ុស្ដិ៍លេខ៩។

លោកថាមិនរំពឹងរឿងភ្ញៀវមកច្រើនគ្រប់តុដូចអ្វីដែលបានឃើញនោះទេដោយសារតែខួបរបស់លោកគឺមានរំខានដោយភ្លៀងមួយមេយ៉ាងធំយូរម៉ោងនៅភ្នំពេញ ហើយក្រោយចប់ភ្ញៀវនៅវេលាម៉ោងប្រមាណជិត៧យប់ ក៏មានសភាពលិចផ្លូវទឹកហូរមិនទាន់ បណ្ដាលឲ្យស្ទះច្រើនម៉ោងស្ទើរតែគ្រប់ច្រកចូលមកកាន់កន្លែងកាត់នំរបស់លោក។ លោកថាតារា និងភ្ញៀវកិត្តិយសដែលបង្ហាញខ្លួនក្នុងពិធីរបស់លោកសុទ្ធតែតស៊ូខ្លាំងហើយព្រោះបើមិនស្រឡាញ់រាប់អានចំពោះលោកគឺពិតជាអវត្តមានភាគច្រើន។

//youtu.be/ZClAQrDXxh8

ក្នុងនោះតារា និងភ្ញៀវកិត្តិយស ដែលលោកបានអញ្ជើញនាយប់នោះ ក៏ភាគច្រើនមិនមែនជាអ្នកជំពាក់ចំណងដៃនោះផង ទើបលោកកោតសរសើរចំពោះវត្តមានមកចូលរួម។

មតិយោបល់