ព័ត៌មានបច្ចេកវិទ្យា

ចិន សន្យាអភិវឌ្ឍរថភ្លើងហោះលឿនជាង Hyperloop របស់អាមេរិក ទ្វេដង

រថភ្លើងល្បឿនលឿនដែលក្រុមហ៊ុនអាមេរិកកំពុងអភិវឌ្ឍឡើងឈ្មោះ Hyperloop និងដែលត្រូវបានលោក Elon Musk គ្រោងនឹងសាងសង់ប្រព័ន្ធខ្សែផ្លូវរត់របស់វាឡើងនៅគ្រប់ទីកន្លែងនោះ ឥឡូវក្រុមហ៊ុនចិន ក៏កំពុងគ្រោងធ្វើវាផងដែរ សម្រាប់ ថ្ងៃអនាគត។

រថភ្លើងអាកាសរបស់ចិននោះ គ្រោងនឹងដាក់ឈ្មោះថា រថភ្លើងហោះ ឬ Flying train ហើយវាក៏ស្រដៀងទៅនឹង Hyperloop អីចឹងដែរ ប៉ុន្តែ នឹងមានល្បឿនលឿនជាងទ្វេដង។

ប្រធានផ្នែកវិស្វកម្មសហគ្រាសឧស្សាហកម្ម និងវិទ្យាសាស្រ្តអវកាសចិន ហៅកាត់ថា CASIC លោក Mao Kai បានថ្លែងប្រាប់ China News Service (CNS) ថា ខ្លួនកំពុងធ្វើការទៅលើប្រព័ន្ធដឹកជញ្ជូនតាមផ្លូវរថភ្លើងអាកាស ដែលនឹងអាចធ្វើដំណើរបានក្នុងល្បឿនរហូតដល់ ៤០០០ គីឡូម៉ែត្រ/ម៉ោង។ ពោល គឺលឿនជាង Hyperloop ដែលគ្រោងនឹងបង្កើនល្បឿនរត់ឱ្យដល់ ១២០០ គីឡូម៉ែត្រ/ម៉ោង ពីរ ដង។
ដោយឡែក បើយោងតាម South China Morning Post រថភ្លើងហោះរបស់សហគ្រាស CASIC គឺយកគំរូតាមរថភ្លើងរបស់ក្រុមហ៊ុន Hyperloop ដោយវាត្រូវបរក្នុងខ្សែផ្លូវរថក្នុងបំពង់ដូចគ្នា។

ទោះយ៉ាងណា CASIC ពុំទាន់ប្រាប់ឱ្យដឹងនៅឡើយទេថា នៅពេលណាទើបរថភ្លើងល្បឿនគ្រាប់កាំភ្លើងនោះ នឹងលេចចេញជារូបរាងឡើង។ ប៉ុន្តែ លោក Kai គូសបញ្ជាក់ថា ល្បឿនចលកររបស់វា នឹងយឹតជាងយន្តហោះពេលហោះឡើង ដូច្នេះអ្នកដំណើរមិនចាំបាច់បារម្ភពីសុវត្ថិភាពខ្លួនឡើយ៕

ប្រភពព័ត៌មាន: cnet

មតិយោបល់