ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ខ្វះការប្រុងប្រយត្ន័ជ្រុលទៅបុកម្នាក់ ដែលកំពុងដើរឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ខ្មៅលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1BC-3352 បើកពីជើងទៅត្បូង ក្នុងល្បឿនលឿនមកដល់ចំណុចកើតហេតុ ស្រាប់តែបុកបុរសម្នាក់ ដែលកំពុងដើរឆ្លងផ្លូវពេញទំហឹង បណ្តាលរងរបួសតែម្តង។ ចំណែកម្ចាស់ម៉ូតូរងរបួសបែកមុខបែកមាត់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ចំណែកម៉ូតូខាងលើត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់