ព័ត៌មានសិល្បៈ និងកម្សាន្ត

មកស្ដាប់ប្រភពមួយ រៀបរាប់ពីចរឹត សុខ ពិសី ក្នុងពេលថតសម្អាង

កាលពីថ្ងៃទី១៩ កុម្ភៈ មុននេះ គេឃើញតារាចម្រៀងល្បីល្បាញ កញ្ញា សុខ ពិសី បង្ហាញមុខថតរូបស្ទីឌីយោយ៉ាងកាលីប អោយសម្អាងការល្បីឈ្មោះមួយ គឺដាណាមី សម្អាងការ ដែលត្រូវបានគេស្គាល់ជាសម្អាងការ ដែលមានតារាៗល្បីថតផ្សាយអោយ និងជាសម្អាងការធំមួយ។ ក្រោយពីមើលទៅស្រស់ស្អាត និងទាក់ទាញ ជាមួយនឹងឈុតថ្មីៗ របស់សម្អាងការធំមួយនេះ នាងក៏ត្រូវគេទម្លាយថា ស៊ីថ្លៃឡើងកប់ក្នុងតម្លៃមួយឈុតៗ និងត្រូវគេរ៉ាយរ៉ាប់ពីអត្តចរឹក ក្នុងពេលបំពេញការងារ ដែលការទម្លាយបែបនេះ មិនសូវមានអ្នកគាំទ្រនាងច្រើនប៉ុណ្ណា បានដឹងនោះទេ។

ប្រភពពី «ដាណាមី សម្អាងការ» បានអះអាងថា តារាចម្រៀងកញ្ញា សុខ ពិសី ទម្រាំតែទាក់ទងអោយមកថតម៉ូដ ក្នុងប៉ុន្មានឈុតនេះបាន មិនត្រឹមតែហ៊ានផ្ដល់អោយនូវតម្លៃមួយខ្ពស់ ដែលតារាថតសម្អាងល្បីៗ ផ្សេងទៀតកម្របានប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវកក់យ៉ាងយូរទុកមុនផងដែរ។ ខុសពីតារាល្បីៗផ្សេងទៀត ដែលគេទារតម្លៃខ្លួន ចុះថតមួយថ្ងៃៗ ហើយថតម្ដងបានត្រឹមតែតម្លៃពាក់កណ្ដាលពាន់ដុល្លារ តារាចម្រៀងកញ្ញា សុខ ពិសី បែរជាទារបានដល់តម្លៃខ្លួនក្នុងមួយឈុតចង់ក្បែរពាន់ដុល្លារ ដែលមានន័យថានាងចំណាយពេលថតក្នុងកន្លះថ្ងៃតែ៥ ទៅ៦ឈុត គឺបានតម្លៃកប់។ យ៉ាងណាមិញ ប្រភពពី ដាណាមី សម្អាងការ បានអះអាងថា ក្នុងចំណោមតារាទាំងអស់ ដែលខ្លួនធ្លាប់បានទាក់ទងអោយថតម៉ូដ កញ្ញា សុខ ពិសី មានអត្តចរឹតពិសេសមួយ ធ្វើអោយក្រុមការងារសប្បាយចិត្ត ក្នុងការធ្វើការជាមួយនាងជាងគេ បើទោះជានាងទាមទារតម្លៃខ្លួនឡើងកប់ ក្នុងការថតសម្អាងមួយនេះ បើធៀបនឹងតារាល្បីផ្សេងទៀតដែលខ្លួនធ្លាប់ហៅថត។

អ្នកផាត់មុខប្រចាំហាងដាណាមី សម្អាងការ ឈ្មោះកញ្ញា អាពៅ បានទម្លាយអោយដឹងថា កញ្ញាសុខ ពិសី ដ្បិតតែជាតារាល្បី ដែលក្នុងពេលទាក់ទងដំបូងៗ ខ្លួនបារម្ភរឿងពិបាកធ្វើការជាមួយ និងមិនគោរពពេលវេលាជាដើម ប៉ុន្តែនៅពេលបានធ្វើការជាមួយគ្នា កញ្ញា សុខ ពិសី បែរជាល្អលើសពីការគិតទុក។ គ្រាន់តែដល់ម៉ោងកំណត់ នាងថា កញ្ញា សុខ ពិសី មកដល់កន្លែងថា ហើយអត់មានរវល់នេះរវល់នោះ ដូចជារវល់ចុចទូរស័ព្ទធ្វើអោយក្រុមការងារពិបាកនោះទេ។ អ្វីដែលសំខាន់គឺកញ្ញា ជាមនុស្សស្រួលបំផុត នៅពេលផាត់មុខអោយធ្វើសក់ស្ទើរត្រង់កន្លែងនេះ កន្លែងនោះមិនសូវត្រូវចិត្ត។ អាពៅ កាន់តែលាន់មាត់សរសើរ នៅពេលក្រុមការងារស្លៀកអោយតឹងពេក និងពេលខ្លះមានមុតម្ជុលជាដើម ក៏សុខ ពិសី នៅតែមិនរអ៊ូ ហើយបែរជាលួងក្រុមការងារកុំអោយខ្លាចចិត្តចំពោះនាង។ កញ្ញាថា តារាចម្រៀង សុខ ពិសី ពិតជាមានចរឹតធ្វើអោយក្រុមការងារចងចាំ ខណៈដែលនាងប្រាប់ថា ដើរផាត់មុខអោយតារាល្បី ចង់អស់មួយស្រុកខ្មែរហើយ គឺកញ្ញា សុខ ពិសី មានការទទួលខុសត្រូវខ្ពស់ខុសពីតារាល្បីផ្សេង និងខុសពីការយល់ឃើញ។

ម្ចាស់សម្អាងការ ដាណាមី បានថ្លែងបញ្ជាក់ដែរថា ជាលើកទី១ដែលសម្អាងរបស់ខ្លួន ជ្រើសយកតារាចម្រៀង កញ្ញា សុខ ពិសី អោយថតសម្អាងរបស់ខ្លួន ប៉ុន្តែក្រឡេកទៅសកម្មភាពការងារ និងចរឹតក្នុងពេលធ្វើការ លោកចាត់ទុកថាកញ្ញា គឺជាតារាល្បីដែលស្រួលធ្វើការ។ លោកថាអ្នកខ្លះហ៊ានតែថតលើសម៉ោង ឬយកសំលៀកបំពាក់មកស្លៀកអោយមិនត្រូវចិត្ត គឺពិតជារអ៊ូរទាំ ប៉ុន្តែសម្រាប់ សុខ ពិសី គឺយោគយល់ខ្ពស់។ លោកថាសប្បាយចិត្ត ដែល៥ឈុតដែលខ្លួនបានច្នៃអោយ សុខ ពិសី គ្រងថត ត្រូវបានស្រីស្អាតរូបនេះ យល់ព្រមថតអោយ ហើយថតអោយ ដោយបន្សល់នូវអារម្មណ៍ស្និទ្ធស្នាលនឹងគ្នាទៅទៀត ដែលខុសពីតារាល្បីខ្លះ គឺធ្វើការជាមួយត្រឹមតែមួយលើកក៏មានល្អក់កករ។ លោកថា កញ្ញាសុខ ពិសី នឹងត្រូវបានជ្រើសអោយថតម៉ូងរបស់ដាណាមី សម្អាងទៀត នៅពេលឈុតថ្មី ដែលអ្នកជំនាញក្នុងសម្អាងការច្នៃបានស្អាតៗ ហើយគិតថាស័ក្ដសម នឹងតារាចម្រៀងរូបនេះគ្រងថត៕

មតិយោបល់