ព័ត៌មានសិល្បៈ និងកម្សាន្ត

ការប្រគំតន្ត្រីដ៏កក្រើកដើម្បីគន្ធបុប្ផា ប្រកាសលេចឡើងជាលើកទី២នៅកណ្ដាលសាកលវិទ្យាល័យន័រតុន

ប្រសិនបើគ្មានការប្រែប្រួលនៅថ្ងៃទី២៧ ២៨ និង២៩ កញ្ញាចុងខែនេះ នឹងមានការប្រគំតន្ត្រីធំមួយពីសំណាក់តារាល្បីៗក្រោមការដឹកនាំរបស់ «គ្រួសារតារាកម្ពុជា»នៅក្នុងបរិវេណរបស់សាកលវិទ្យាល័យន័រតុនជ្រោយចង្វារ ដែលព្រឹត្តិការណ៍នេះគឺជារៀបចំជាលើកទី២របស់របស់សកលវិទ្យាល័យនរ័តុន ដើម្បីជាប្រយោជន៍ដល់មន្ទីរពេទ្យគន្ធបុប្ផា បន្ទាប់ពីការរៀបចំឆ្នាំមុនទទួលបានថវិកាប្រមាណជាង៤ពាន់ដុល្លារប្រគល់ជូនមន្ទីរពេទ្យ។ តារាសិល្បៈល្បីៗចំនួនជាង៧០រូប ដែលសុទ្ធសឹងតែជាពិធីករ តារាកំប្លែង តារាសម្ដែង និងតារាចម្រៀងប្រចាំផលិតកម្មធំៗ នឹងរួមគ្នាច្រៀងរាំនៅក្នុងកម្មវិធីនេះដោយរំពឹងថានឹងកក្រើកស្រទាប់មហាជនខ្លាំងជាងឆ្នាំមុនទៅទៀត។

យោងតាមការបង្ហើបឲ្យដឹងពីស្ថាបនិកគ្រួសារតារាកម្ពុជាបានអះអាងថា ដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផាឲ្យបានកាន់តែច្រើន សាកលវិទ្យាល័យន័រតុន និងគ្រួសារតារាកម្ពុជា បានសម្រេចចិត្តចាប់ដៃគ្នាធ្វើការប្រគំតន្ត្រីធំមួយ ដើម្បីបើកឱកាសឲ្យនិស្សិតបានចូលទស្សនាការប្រគំតន្ត្រីដោយសេរីហើយធ្វើការបរិច្ចាគថវិកាដាក់ហិប ដើម្បីជាប្រយោជន៍ដល់មន្ទីរពេទ្យគន្ធបុប្ផា។

នៅក្នុងព្រឹត្តិការណ៍នោះក៏នឹងមានការតាំងស្តង់ស្នាដៃរបស់និស្សិត និងការលក់ដូររបស់និស្សិតដើម្បីយកប្រាក់ចំណេញចូលដល់មន្ទីរពេទ្យ និងទទួលបានថវិកាជាច្រើនផ្សេងទៀតតាមរយៈការផ្ញើកង់ផ្ញើម៉ូតូជាដើម។ កាលពីឆ្នាំមុនព្រឹត្តិការណ៍នេះធ្វើឡើងម្ដងហើយ ហើយបើទោះជាមានរំខានដោយភ្ញៀវក៏ទទួលបានជាង៤ពាន់ដុល្លារជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។
អ៉ីចឹងហើយទើបក្នុងឆ្នាំនេះសាកលវិទ្យាល័យសម្រេចបើកការប្រគំតន្ត្រីដល់ទៅ៣ថ្ងៃ ដោយមានតារាល្បីៗយ៉ាងច្រើនកុះករមកពីគ្រួសារតារាកម្ពុជានឹងធ្វើការច្រៀងរាំរួមគ្នាដោយមិនគិតថវិកា។

យ៉ាងណាមិញ ការប្រគំតន្ត្រីទាំង៣ថ្ងៃនេះត្រូវបានប្រកាសថាមានការចូលរួមដោយគ្រួសារតារាកម្ពុជាត្រឹមតែ២ថ្ងៃប៉ុណ្ណោះ គឺថ្ងៃបើក និងថ្ងៃទី៣គឺថ្ងៃទី២៩ កញ្ញា ដោយថ្ងៃចុងក្រោយនោះក្រៅពីមានវត្តមានតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្មធំៗ ក៏មានការបង្ហាញម៉ូដយ៉ាងពិសេសពីតារាបង្ហាញម៉ូដ និងតារាសម្ដែងកម្រិតA និង B នៅក្នុងពិភពសិល្បៈដែលរំពឹងថានឹងកក្រើកផងដែរ។

លោកផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជាបានអះអាងថា គ្រួសារតារាកម្ពុជាបានកៀរគ តារាល្បីៗច្រើននាក់ឲ្យបង្ហាញខ្លួនក្នងុព្រឹត្តិការណ៍កម្រាលព្រំនាថ្ងៃនោះ ហើយបើទោះជាកម្មវិធីមួយនេះគឺតារាមិនទទួលបានប្រាក់កម្រៃ តែនឹងផ្ដល់កិត្តិយសយ៉ាងធំធេងត្រឡប់មកវិញ ដោយសារតែព្រឹត្តិការណ៍នេះគឺផ្ដល់ឱកាសឲ្យតែតារាដែលមានសន្ទុះគាំទ្រខ្លាំងនៅក្នុងសិល្បៈប៉ុណ្ណោះ ស្ម័គ្រចិត្តចូលរួម។

លោកអះអាងថាការប្រគំតន្ត្រីនៅថ្ងៃទី៣ ចុងក្រោយគឺមិនខុសពីព្រឹត្តិការណ៍កម្រាលព្រំដែលគ្រួសារតារាកម្ពុជា ធ្វើឡើងយ៉ាងជោគជ័យ កាលពីដើមខែ៥ ឆ្នាំ២០១៧ នៅបរិវេណស្ដាតអូឡាំពិកនោះឡើយ។ ព្រឹត្តិការណ៍ក៏នឹងមានការផ្សាយផ្ទាល់នៅលើផេក Post News Media តាំងពីដើមដល់ចប់ផងដែរ៕

មតិយោបល់