ក្នុងពិធីសម្ពោធភាពយន្តខ្នាតធំរឿង«មន្តស្នេហ៍លេខា»កាលពីល្ងាចថ្ងៃទី១៣ កញ្ញា ផ្សារទំនើបអ៉ីអន អ្នកជំនាញ២រូបបានអះអាងថាភាពយន្តខ្នាតធំរឿង«មន្តស្នេហ៍លេខា»មិនមានឈុតឆាកដូចគ្នាទាំងស្រុងនឹងរឿងភាគ«មន្តស្នេហ៍លេខា»ដែលទើបបញ្ចាំងចប់នៅទូរទស្សន៍ PNN នោះទេ ដោយសារតែភាពយន្តខ្នាតធំដែលទើបប្រកាសលក់សំបុត្រនៅគ្រប់រោងចាប់ពីថ្ងៃទី១៨ កញ្ញានេះ គឺមានឈុតឆាកស្នេហារោលរាលជាច្រើនដែលឈុតទាំងនោះមិនត្រូវបានអនុញ្ញាតឲ្យដាក់បញ្ចាំងនៅលើទូរទស្សន៍។
អ្នកទាំង២បានទាំងសរសើរថាឈុតរោលរាលទាំងនោះមានលក្ខណៈពិសេស ដែលពិតជាទាក់ទាញមហាជនបានច្រើនចាប់ពីថ្ងៃលក់សំបុត្រដាក់បញ្ចាំងនោះផង។
លោកស៊ុម ស៊ីថេន ម្ចាស់ក្រុមហ៊ុនពូព្រហ្ម ដែលជាចែកចាយភាពយន្តខ្នាតធំនៅតាមរោងកុន និងជាអ្នកមានសិទ្ធិចែកចាយភាពយន្តខ្នាតធំរឿង«មន្តស្នេហ៍លេខា»របស់ផលិតកម្មមហាហង្សនៅគ្រប់រោងកុនបានអះអាងថា បើតាមតែរឿងមាននេះត្រូវបានដាក់បញ្ចាំងជាភាគបានចប់នៅតាមទូរទស្សន៍រួចហើយគឺលោកមិនរំពឹងថានឹងមានអ្នកទស្សនាមកទិញសំបុត្រនោះទេ។
លោកថាលក្ខណៈពិសេសរបស់រឿងនេះ គឺមានឈុតឆាកស្នេហារោលរាលខុសប្លែកពីរឿងភាគដែលអ្នកទស្សនាបានមើល ប៉ុន្តែលោកថាឈុតឆាកស្នេហារោងរាលដែលបានស្ដែងឡើងគឺមានលក្ខណៈសិល្បៈ និងមិនមែនជាឈុតឆាកស្នេហារោលរាលតាមលំនាំំភាពយន្តបរទេសនោះទេ។
លោកថាឈុតឆាកទាំងនោះនឹងធ្វើឲ្យអ្នកទស្សនាមើលឃើញពីស្នេហាភ្លើតភ្លើនមួយ ហើយអ្នកទស្សនាក៏នឹងទទួលបានសារអប់រំដែលបានឆ្លុះបញ្ចាំងនៅក្នុងរឿងនោះផងដែរ។
លោកថាភាពយន្តនេះនៅមានលក្ខណៈពិសេសច្រើនទៀតខុសប្លែកពីរឿងភាគទូរទស្សន៍ និងម្យ៉ាងមកពីតាមការកត់សម្គាល់គឺអ្នកទស្សនាភាពយន្តតាមទូរទស្សន៍ និងអ្នកទិញសំបុត្រមើលកុនគឺជាក្រុមផ្សេងគ្នាផង ទើបលោកយល់ថាភាពយន្តមួយនេះនឹងទាក់ទាញអ្នកទស្សនាបានច្រើននៅពេលដំណើរការលក់សំបុត្រចាប់ពីថ្ងៃទី១៨ កញ្ញា។
លោកអ៉ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានអះអាងថាដ្បិតថាភាពយន្តខ្នាតធំមួយនេះបានបញ្ចូលឈុតឆាកស្នេហារោលរាលភាគច្រើនខុសពីរឿងភាគដែលបានបញ្ចប់ដើម្បីទាក់ទាញ តែលោកប្រកាសថាឈុតឆាកដែលបានដាក់បញ្ចូលមិនមានរូបភាពហួសហេតុខ្លាំងពេកនោះទេ។ យ៉ាងណាមិញ លោកថាភាពយន្តមួយនេះ មិនអនុញ្ញាតឲ្យក្មេងៗដែលមានភ័យក្រោម១៥ឆ្នាំទិញសំបុត្រទស្សនានោះទេ ខណៈដែលលោកយល់ថាបើទោះជាមានការបំបិទបែបនេះ ក៏មិនខ្វះអ្នកទស្សនាដោយសារអ្នកទិញសំបុត្រមើលកុនភាគច្រើនមានវ័យច្រើនជាងនេះ។ លោកថាភាពយន្តនឹងមានចំណុចពិសេសត្រង់ជារស់ជាតិថ្មី ដោយមិនមែនជារឿងកំប្លែងដូចមុន និងមិនមែនជាខ្មោច ឬជារឿងប្រវត្តិសាស្រ្តដូចមុន តែជារឿងដែលមានមានរសជាតិស្នេហា ហើយជារឿងដែលមានឈុតឆាកស្នេហារោលរាលនោះផង រវាងតួអង្គប្រុស និងតួអង្គស្រី។
ឮយ៉ាងណាមិញ លោកនៅតែអះអាងថានោះជាលក្ខណៈសិល្បៈ ហើយបណ្ដាលមកពីលោកចង់ប្ដូរផ្នត់គំនិតរបស់អ្នកទស្សនាឲ្យទទួលយករឿងដែលមានលក្ខណៈមួយថ្មីកុំឲ្យដដែលៗពេលទើបសម្រេចផលិតឡើងក្រោមការចាប់ដៃជាមួយក្រុមហ៊ុន២ទៀត។
ខាងក្រោមនេះជាទិដ្ឋភាពក្នុងពិធីសម្ពោធរឿង«មន្តស្នេហ៍លេខា»ដែលទើបនឹងត្រូវបានរៀបចំជាភាពយន្តខ្នាតធំ ក្រោយពីជោគជ័យក្នុងការបញ្ចាំងជាភាពយន្តភាគថ្មីៗ៖
https://youtu.be/8YrR2euUwkw
មតិយោបល់