ព័ត៌មានសិល្បៈ និងកម្សាន្ត

ពិធីតម្រូវឲ្យអ្នកចូលរួមតែងធ្វើប្រែត និងការកម្សាន្តប្លែកៗ ប្រកាសធ្វើឡើងនៅថ្ងៃសៅរ៍នេះ!

សន្និសីទកាសែត កាលពីរសៀលថ្ងៃទី១៣ កញ្ញា បានប្រកាសថាក្រុមហ៊ុនចំនួន៣ នឹងរៀបចំធ្វើកម្មវិធីចម្លែកមួយអបអរបុណ្យភ្ជុំបិណ្ឌ ដោយពិធីទាំងមូលគឺតម្រូវឲ្យមានការតែងខ្លួនជាប្រែត ដូចគ្នានឹងបុណ្យ Halloween របស់បរទេស ដោយមានការរាំលេងតាំងពីក្បាលព្រលប់រហូតដល់ពាក់កណ្ដាលអធ្រាត្រ។ ក្នុងនោះក៏មានការលេងល្បែងកម្សាន្ត ដូចជាការបាញ់់ពពុះសាប៊ូ និងការតាំងបង្ហាញស្នាដៃសិល្បៈពាក់ព័ន្ធនឹងពិធីបុណ្យភ្ជុំ និងការបង្ហាញម៉ូតសម្លៀកបំពាក់ទៅវត្តជាដើម ក៏នឹងត្រូវលេចឡើងនៅក្នុងពិធីនោះផងដែរ។

លោក ប៉ានី វិរៈរិទ្ធ ប្រធានផលិតកម្មវិធីប្រចាំក្រុមហ៊ុន Clips Media បានអះអាងថា ដោយយល់ឃើញថាអោយដល់ឱកាសភ្ជុំធំ អ្នករស់នៅភ្នំពេញតែងតែចេញទៅស្រុកកំណើតឆ្ងាយៗ ហើយនៅភ្នំពេញផ្ទាល់មិនមានការរៀបចំពិធីជួបជុំឲ្យសប្បាយណាមួយ ទើបក្រុមហ៊ុន៣រួមមានក្រុមហ៊ុន Clips Media ដែលក្រុមហ៊ុនមានបទពិសោធន៍លើការរៀបចំការប្រគំតន្ត្រីធំៗ ក្រុមហ៊ុនភ្លើងភ្លេងឆាក SL Cambodia និងក្រុមហ៊ុន Jet’s Container ដែលជាម្ចាស់ជេតកុងតឺណឺនៅជិតកោះពេជ្រ បានសម្រេចសហការរួមគ្នាបង្កើតនូវព្រឹត្តិការណ៍មួយឡើង ដោយដាក់ឈ្មោះថា «ភ្ជុំមហាគ្រួសារខ្មែរ» ដែលមានលក្ខណៈស្រដៀងគ្នានឹងពេលចូលឆ្នាំម្ដងៗ ខេត្តក្រុងនានាក៏មានពិធីជួបជុំគឺសង្ក្រាន្តដូច្នោះដែរ។

ពិធីនេះតម្រូវឲ្យអ្នកចូលរួមគូសមុខមាត់ និងតែងខ្លួនជាប្រែត ហើយបើទោះជាអ្នកចូលរួមមិនតែងខ្លួនតាមការកំណត់ ក៏អាចទៅលេងកម្សាន្តពិធីនោះបានដែរ ដោយសារតែកម្មវិធីបានត្រៀមតារាៗ និងអ្នកចូលរួមដែលតុបតែងកាយជាប្រែត និងជាខ្មោចរួចអស់ទៅហើយ។ នៅក្នុងពិធីនោះក៏នឹងមានដាក់តាំងបង្ហាញអត្តសញ្ញាណរបស់ខ្មែរពាក់ព័ន្ធនឹងបុណ្យភ្ជុំ ដូចជាក្រម៉ា ស្រាក់សម្រាប់ទៅវត្ត នំអន្សម នំខ្មែរច្រើនមុខ និងសិល្បៈបែបខ្មែរដែលពាក់ព័ន្ធ ដោយមានការដើរបង្ហាញម៉ូតនូវសម្លៀកបំពាក់ទៅវត្តនោះផង។ លោកមិនទាន់ដឹងថា បណ្ដាភ្ញៀវចូលរួមនឹងមានការសហការ Halloween ដ៏ល្បីរបស់បរទេសនោះទេ។

លោកថាពិធីនេះមានគោលបំណងតែមួយគត់គឺចង់បង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ឲ្យស្គាល់ពីជំនឿលើប្រែតដូនតារបស់ខ្មែរ និងឲ្យស្គាល់ពីអត្តសញ្ញាណរបស់ខ្មែរជាច្រើន ដែលខ្មែរនិយមប្រើនៅអំឡុងបុណ្យភ្ជុំបិណ្ឌ។ ពិធីនេះកំណត់ធ្វើឡើងនៅថ្ងៃសៅរ៍ទី១៦ កញ្ញា គឺចុងសប្ដាហ៍នេះ ក្នុងផ្សារ Jet’s Container កោះពេជ្រ ចាប់ពីម៉ោង៦ល្ងាចរហូតដល់ម៉ោង២ភ្លឺ ដោយមិនមានការលក់សំបុត្រនោះទេ។ការបាញ់ពពុះសាប៊ូ និងការបាញ់ភ្លើងពណ៌យ៉ាងប្រណីតក៏ត្រូវលេចឡើងផងដែរសម្រាប់ការរៀបចំនេះ។

ដោយឡែកសម្រាប់ឆាកតន្ត្រីវិញគឺមានប្រវែងរហូតដល់៥០ម៉ែត្រ ដោយមានវត្តមានតារាចម្រៀងល្បីៗ ជាពិសេសតារាចម្រៀង Original Song ដោយមិនទាន់រាប់បញ្ចូលតារាសិល្បៈយ៉ាងហោច៥០រូបដែលត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងពិធីនេះដោយស្ម័គ្រចិត្តនៅឡើយ។

លោករំពឹងថាអ្នកចូលកម្សាន្តក្នុងព្រឹត្តិការណ៍នេះ នឹងមានចន្លោះពី៥ពាន់ទៅ១ម៉ឺននាក់ ដោយសារតែផ្សារជេតកុងតឺណឺកោះពេជ្រ មានភ្ញៀវចេញចូលដល់រាប់ពាន់នាក់ទៅហើយនៅថ្ងៃសៅរ៍ដូចគ្នា ទាំងមិនទាន់មានការពិធីណាមួយផង។ ទោះមិនទទួលទានអាហារ និងភេសជ្ជៈដែលលោកតាមតូបទាំងជាង៣០០នៅក្នុងផ្សារ ក៏ភ្ញៀវទូទៅអាចទៅកម្សាន្តនៅក្នុងពិធីនេះបានដែរ ដោយសារតែការរៀបចំគឺតម្រូវមនុស្សទូទៅ ដើម្បីឲ្យបានជួបជុំរាំសប្បាយមុនត្រូវទៅស្រុក។

លោកឧកញ៉ា ស្រី ចាន់ថន ម្ចាស់ក្រុមហ៊ុន Jet’s Container បានអះអាងថាព្រឹត្តិការណ៍ដែលនឹងធ្វើឡើង អត់មានខ្ទង់ចំណាយនោះទេ ដោយសារតែភាពជាក់ស្ដែងគឺក្រុមហ៊ុនទាំង៣ស្ម័គ្រចិត្តធ្វើដោយគិតកម្រៃរៀងខ្លួន ដូចជាក្រុមហ៊ុនឆាកផ្ដល់ឆាក ក្រុមហ៊ុនខាងចាត់ចែងកម្មវិធីក៏ជួយរៀបចំ ហើយក្រុមហ៊ុនរបស់លោកក៏ផ្ដល់ទីតាំងគឺផ្សារកុងតឺណឺកោះពេជ្រឲ្យធ្វើទីតាំង។លោកបានត្រៀមកម្លាំងសន្តិសុខសម្រាប់បញ្ហាចរាចរណ៍នៅថ្ងៃពិធី និងបានត្រៀមឡានពេទ្យ និងមន្ត្រីពេទ្យរួចរាល់អស់ហើយ ដើម្បីទប់ស្កាត់ចំពោះការកកស្ទះ និងបញ្ហាខ្យល់គ របស់អ្នកចូលរួមប្រសិនបើមានមនុស្សច្រើនចូលកម្សាន្ត។

លោក កែវ សាស្រ្តា អនុប្រធានផ្នែកបច្ចេកទេសប្រចាំក្រុមហ៊ុន Jet’s Container ដែលជាអ្នករៀបចំទម្រង់សិល្បៈសំខាន់ៗមួយនេះបានអះអាងដែរថា បើកម្មវិធីនេះជោគជ័យ នោះព្រឹត្តិការណ៍នេះមិនខុសពីការប្រារព្ធពិធី Halloween របស់បរទេសនោះទេ ដោយលោករំពឹងថាពិធីនេះបុណ្យនេះនឹងទាក់ទាញជនជាតិបរទេសឲ្យកាន់តែស្គាល់ពីជំនឿពាក់ព័ន្ធនឹងបុណ្យភ្ជុំបិណ្ឌ និងជំនឿពាក់ព័ន្ធនឹងប្រែតដែលជាវិញ្ញាណដូនតា។ ថ្វីបើពិធីនេះរៀបចំតក់ក្រហល់ ប៉ុន្តែលោកថា ព្រឹត្តិការណ៍នឹងមានអ្នកមកកម្សាន្តដោយសេរីរហូតដល់ម៉ឺននាក់ ដើម្បីមកមើលគេតែងខ្លួនប្លែកៗ និងមករាំកម្សាន្ត ដោយសារតែទីតាំងផ្សារនេះសម្បូរអ្នកមកកម្សាន្ត ហើយពិធីនេះជាការជួបជុំរាំសប្បាយជាមួយតារាល្បីៗជាទ្រង់ទ្រាយធំ នៅផ្សារ Jet’s Container ផង៕

មតិយោបល់