ព័ត៌មានសិល្បៈ និងកម្សាន្ត

ច្រៀងមួយបទមិនបានលុយហើយ សោភា ទេពី ត្រូវ Zone Production ថាជាក្រពើវង្វេងបឹងទៀត

ក្រោយពីលោក អ៊ុច រ៉ាវុឌ្ឍ តំណាងផលិតកម្ម Zone Production និងជាអ្នកផលិតបទ«អ្នកណាកែចិត្តបង?» ឲ្យតារាចម្រៀងកញ្ញា សោភា ទេពី ច្រៀង បានផ្ដល់សម្ភាសន៍វាយប្រហារថា នាងគឺជាក្រពើវង្វេងបឹង គេកត់សម្គាល់បរិយាកាស រវាងអ្នកទាំងពីរកើតមានបញ្ហាល្អក់កករយ៉ាងខ្លាំង ដោយតារាស្រីរូបនេះ ប្រកាសថា ខ្លួនមិនអាចទទួលយកបាន ដោយចាត់ទុកថា ពាក្យពេចន៍នោះ គឺជាការប្រមាថធ្ងន់ធ្ងរ។ នាងអះអាងថា ខ្លួនច្រៀងបទនោះ ឲ្យផលិតកម្មដោយមិនបានសូម្បីតែមួយសេន ប៉ុន្តែនៅពេលបទនោះ ត្រូវផលិតកម្មយកទៅធ្វើអាជីវកម្ម ហើយខ្លួនគ្រាន់តែប្រកាស កុំឲ្យយល់ច្រទ្បំថា ខ្លួនបានកុងត្រាចូលផលិតកម្មនោះ ស្រាប់តែម្ចាស់ផលិតកម្ម ប្រៀបធៀបនាងថាជាក្រពើង្វេងបឹង។

កញ្ញា សោភា ទេពី បង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលនាងគ្រាន់តែផ្ដល់បទសម្ភាសន៍ក្រោយ Zone Production យកបទ«អ្នកណាកែប្រែចិត្តបង?» ដែលនាងបានច្រៀងឲ្យតាំងពីមុនប្រលងកម្មវិធី Cambodian Idol ផលិតជាMV ធ្វើឲ្យមានការយល់ច្រទ្បំថា នាងបានកុងត្រាចូលក្នុងផលិតម្មនោះ ហើយនាងក៏ប្រកាសថា ខ្លួនមិនបានពាក់ព័ន្ធនឹងMV នោះទេ ស្រាប់តែ លោក អ៊ុច រ៉ាវុឌ្ឍ ដែលត្រូវគេស្គាល់ថា ជាម្ចាស់ផលិតកម្ម Zone Production បានចេញមុខផ្ដល់សារព័ត៌មាន ដល់សារព័ត៌មានថា នាងគឺជាក្រពើវង្វេងបឹង ដោយចោទថា លោកបានចំណាយលុយផលិត និងប្រម៉ូដបទនោះ ឲ្យនាងល្បីអស់មួយសន្ធឹក បែរជានាងមិនជួយចូកជួយចែវ។

នាងថាខ្លួនសម្ដែងក្ដីរីករាយដែលបទ ដែលនាងធ្លាប់ថតឲ្យតាំងពីមិនទាន់ក្លាយជាបេក្ខនារីកម្មវិធី Cambodian Idol ត្រូវបានលោកយកទៅផលិតជាMV ប៉ុន្តែអ្វីដែលនាងប្រកាស គឺគ្រាន់តែជាការឆ្លើយតប នឹងសារព័ត៌មានមួយ ដែលបានដាក់ថានាង គឺជាតារាចម្រៀង Zone Production ក្រោយពេលឃើញMV បទនាងត្រូវបានផលិតកម្ម Zone Production ផលិតជាMV ប៉ុណ្ណោះ។

សោភា ទេពី បញ្ជាក់ថា ក្រោយពេលនាងត្រូវបានគេស្គាល់បានបន្តិច នៅក្នុងពិភពសិល្ប: តាមរយ:ការជ្រោមជ្រែងរបស់ «គ្រួសារតារាកម្ពុជា» លោកអ៊ុច រ៉ាវុឌ្ឍ ម្ចាស់ផលិតកម្មZone Production ក៏បានហៅនាងឲ្យច្រៀងបទនោះ ដោយស្នើឲ្យនាងជួយច្រៀង ដោយមិនមានឲ្យលុយឲ្យកាក់ជាថ្នូរសូម្បីមួយសេននោះទេ ហើយនាងក៏ទទួលច្រៀង តែសុំមិនកុងត្រា ដោយសារតែនាងមានគម្រោងចូលប្រលងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៣ក្នុងពេលខាងមុខ។ ក្រោយពេលថតចប់ហើយ នាងថាបទនោះមិនមានការចាប់អារម្មណ៍ជាសាធារណ:នោះទេ គឺរហូតទាល់តែនាងបានល្បី ក្នុងកម្មវិធី Cambodian Idol ទើបនាងកត់សម្គាល់ថា ហ្វេនរបស់នាងភាគច្រើន ចាប់ផ្ដើមយកបទនោះមកស្ដាប់ ហើយធ្វើឲ្យបទ«អ្នកណាកែប្រែចិត្តបង?»បានក្លាយជាបទផ្ទុះមួយនៅលើយូធូប។

លោក អ៊ុច រ៉ាវុឌ្ឍ ម្ចាស់ផលិតកម្ម Zone Production បានផ្ដល់បទសម្ភាសន៍ថា ហេតុផលដែលធ្វើឲ្យលោកប្រដូចសោភា ទេពី ថាជាក្រពើវង្វេងបឹង គឺដោយសារតែនាងមិនបានជ្រោមជ្រែងមួយបទនោះបន្ថែម ក្រោយពេលមានឈ្មោះបោះសំឡេង ហើយអ្វីដែលលោក មិនអាចទទួលយកបានគឺគ្រាន់តែបទនោះចេញជាMV ភ្លាម ស្រាប់តែនាងចេញមុខបដិសេធថា ខ្លួនមិនពាក់ព័ន្ធជាដើម ដែលធ្វើឲ្យបទរបស់លោកមានការប៉ះពាល់។ យ៉ាងណាក៏ដោយការលើកឡើងរបស់លោក ត្រូវបានតារាសិល្ប:ភាគច្រើនរិះគន់ ដោយសារតែបទចម្រៀងនោះ ត្រូវគេឃើញច្បាស់ណាស់ថា បទនោះបានបង្ហោះមួយឆ្នាំមកហើយ តែទើបតែផ្ទុះក្រោយពេល សោភា ទេពី មានឈ្មោះបោះសំឡេង តាមរយ:កម្មវិធី Cambodian Idol ដែលផ្ទុយពីលោកចោទថា ខ្លួនបានធ្វើឲ្យនាងល្បី តាមរយ:បណ្ដាញសារព័ត៌មាន។

សោភា ទេពី និយាយថា ខ្លួនមិនបានរារាំងចំពោះការធ្វើអាជីវកម្មលើបទចម្រៀង ដែលនាងបានច្រៀង ដោយមិនបានតម្លៃខ្លួននោះទេ ប៉ុន្តែមិនគួរគ្រាន់តែចេញមុខបដិសេធថា ខ្លួនមិនបានចូលកុងត្រាក្រោយបទនោះ ត្រូវចេញជាMV ហើយត្រូវលោក អ៊ុច រ៉ាវុឌ្ឍ ចោទថា ជាក្រពើវង្វេងបឹង ដោយសម្ដីធ្ងន់ដល់ម្លឹងឡើយ៕

មតិយោបល់