នៅលើបណ្ដាញហ្វេសប៊ុកដែលបានបង្ហោះកាលពីរសៀលថ្ងៃទី១៥ កញ្ញា លោកឆន សុវណ្ណរាជ បានសម្រេចចិត្តទិញបន្ដោងខ្សែកពេជ្រជូនម្ដាយរបស់លោក ដោយលោកបានប្រើពាក្យថាធ្វើបុណ្យទាន់ខែភ្លឺ ដែលមានន័យថាក្រៅពីជូនលុយកាក់អោយម្ដាយរបស់លោកបានធ្វើបុណ្យទានហើយ លោកក៏បានទិញគ្រឿងអលង្កាមានតម្លៃជូនដល់ម្ដាយផងដែរ ដើម្បីអោយម្ដាយរបស់លោកសប្បាយចិត្តក្នុងឱកាសបុណ្យភ្ជុំ។
ក្នុងនោះលោកក៏បានបញ្ជាក់ថា បងប្អូនទាំង៨របស់លោកសុទ្ធតែបានទិញជូនម្ដាយនូវគ្រឿងមាសម្នាក់មួយឈុតៗផងដែរ ទើបគេឃើញម្ដាយរបស់លោកពាក់គ្រឿងមាសឡើងជ្រែកខ្លួនរួមមានកងដៃ ខ្សែកច្រើនជាន់ និងចិញ្ចៀនមាសត្រួតតាមម្រាមដៃ ដែលនាំអោយមានការបញ្ចេញមតិថានោះជាការធ្វើអោយម្ដាយរបស់លោកមិនមានសុវត្ថិភាព។
អ្នកគាំទ្រភាគច្រើនសុទ្ធតែបានសរសើរថាលោកឆន សុវណ្ណរាជ គឺជាកូនកត្តញូ ហើយក៏សរសើរពីភ័ព្វសំណាងរបស់ម្ដាយលោកផងដែរ ដែលមានកូនទាំង៨ រួមមានទាំងលោកផង សុទ្ធតែមានទឹកចិត្តទិញរបស់មានតម្លៃជូនអ្នកមានគុណ ដោយហ៊ានលះបង់ទិញជាចិញ្ចៀន ខ្លះជាខ្សែក និងកងដៃមាសជាដើម ដើម្បីអោយម្ដាយសម្បូរហូរហៀរនូវគ្រឿងអលង្កាលម្អខ្លួន អោយសមមុខសមមាត់របស់កូនៗដែលមានជីវភាពធូរធារ និងជាតារាល្បីឈ្មោះ។
នៅលើហ្វេសប៊ុកលោកឆន សុវណ្ណរាជ ក៏បានបញ្ជាក់ថាដោយសារតែកូនៗជាបងប្អូនបង្កើតរបស់លោកសុទ្ធតែទិញគ្រឿងអលង្កាមាសជូនម្ដាយព្រមគ្នា ទើបម្ដាយរបស់លោកបង្ខំចិត្តពាក់គ្រឿងអលង្ការទាំងនោះឡើងស្កះពេញខ្លួនក្នុងពេលទៅវត្តនោះ និងពេលកូនៗជូនរួចនោះផង ដើម្បីកុំអោយកូនៗណាម្នាក់អន់ចិត្តថាពាក់តែរបស់អ្នកនេះមិនពាក់របស់អ្នកនោះ។
ទន្ទឹមនឹងការសរសើរ ក៏មានអ្នកព្រួយបារម្ភចំពោះម្ដាយរបស់លោកផងដែរ ដោយអ្នកលេងហ្វេសប៊ុកខ្លះបានហៅទឹកចិត្តរបស់លោកឆន សុវណ្ណរាជ និងបងប្អូនថាកំពុងធ្វើអោយចោរស្រក់ទឹកមាត់ និងធ្វើអោយម្ដាយរបស់លោកមិនមានសុវត្ថិភាពក្រោយការបង្ហោះរូបនោះផងដែរ។
អ្នកខ្លះបញ្ចេញយោបល់ថា ការទិញរបស់មានតម្លៃជូនម្ដាយគឺជារឿងប្រសើរណាស់ ប៉ុន្តែមិនគួរអោយម្ដាយពាក់លម្អទៅវត្តទៅវ៉ាដល់ម្លឹងពេកនោះទេ ដើម្បីកុំអោយអំពើល្អរបស់កូនៗប្រែក្លាយជាធ្វើបាបម្ដាយព្រោះតែនាំអោយម្ដាយពាក់គ្រឿងអលង្កាទាំងនោះត្រួតៗគ្នាបែបនេះ។
យោងតាមរូបថតដែលលោកឆន សុវណ្ណរាជ បានបង្ហោះ គឺម្ដាយរបស់លោកបានពាក់គ្រឿងអលង្កាដែលកូនៗទិញអោយ ហាក់មិនខ្លាចពីសុវត្ថិភាពនោះទេនៅពេលទៅវត្ត ទើបធ្វើអោយអ្នកគាំទ្រលោកភាគច្រើនបង្ហាញនូវការភ័យបារម្ភពីសុវត្ថិភាពរបស់ម្ដាយលោក។
ម្នាក់បញ្ជាក់ថា លោក និងបងប្អូនៗ មិនមែនសុទ្ធតែនៅជាមួយម្ដាយគ្រប់ពេលវេលានោះទេ ទើបមានការទទូចសុំអោយលោក និងបងប្អូនកុំបង្ខំអោយម្ដាយលោកពាក់គ្រឿងអលង្កាដល់ម្លឹង បើទោះជាកូនទាំងនោះសុទ្ធតែមានទឹកចិត្តទិញអោយគ្រប់គ្នា និងចង់អោយម្ដាយលោកពាក់បង្អួតនូវអ្វីដែលកូនៗទិញអោយ ដើម្បីកុំអោយមានការច្រណែនថាម្ដាយរបស់លោកពាក់តែរបស់កូននេះហើយមិនពាក់របស់នោះ៕
មតិយោបល់