UN: ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់មីស៊ីលហោះរំលងទឹកដីជប៉ុន ពីសំណាក់កូរ៉េខាងជើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើកិច្ចចរចាជាមួយមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង ដើម្បីដោះស្រាយវិបត្តិនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧។
ឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មថ្មីរបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងប្រទេសខ្លួន កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងអន្តរទ្វីបរយៈចម្ងាយមធ្យមមួយ ដោយវាបានហោះរំលងប្រទេសជប៉ុន មុននឹងធ្លាក់ចូលទៅក្នុងដែនសមុទ្រប៉ាស៊ីហ្វិក។
នៅក្នុងសេចក្តីថ្លែងការណ៍ជាឯកច្ឆន្ទ ដែលមានការគាំទ្រពីប្រទេសចិន ក្រុមប្រឹក្សាសន្តិសុខ បាននិយាយថា តេស្តសាកល្បងចុងក្រោយនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ របស់ក្រុងព្យុងយ៉ាង ហោះរំលងប្រទេសជប៉ុន កាលពីថ្ងៃទី៣ ខែកញ្ញាកន្លងទៅ។
សូមជំរាបថា ក្រុមប្រឹក្សាសន្តិសុខ បានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះកូរ៉េខាងជើងទៅលើការបាញ់បង្ហោះ និងទង្វើដ៏បង្កហេតុរបស់ខ្លួន ហើយថែមទាំងទាមទារឲ្យរបបមួយនេះ បញ្ឈប់សកម្មភាពយ៉ាងដូច្នេះតទៅទៀត៕
មតិយោបល់