ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រឹត្តិការណ៍ប្រេតជួបប្រេតយប់នេះ កញ្ជ្រោលអារម្មណ៍តារាៗ និងមហាជន

នៅយប់ថ្ងៃសៅរ៍ទី១៦ ខែកញ្ញា នេះ ផ្សារ Jet’s Container កោះពេជ្រ នឹងប្រារព្ធកម្មវិធីមួយដែលមានឈ្មោះ«ភ្ជុំមហាគ្រួសារខ្មែរ»ដែលមានលក្ខណៈដូចគ្នានឹងពិធីបុណ្យ Halloween របស់បរទេសដូច្នេះដែរ។ មិនត្រឹមតែបណ្ដាភ្ញៀវប៉ុណ្ណោះទេ ដែលតម្រូវអោយតុបតែងខ្លួនធ្វើមុខប្លែកៗ គឺតារាសិល្បៈមួយក្រុមក៏ត្រូវអ្នករៀបចំកម្មវិធីតម្រូវអោយតែងជាខ្មោចល្បីៗនៅក្នុងរឿងព្រេងនិទានខ្មែរ ដើម្បីដើរបង្ហាញម៉ូដនៅក្នុងពិធីផងដែរ អមដោយសកម្មភាពរាំច្រៀងកំដររហូតដល់ម៉ោង២យប់។ នេះជាព្រឹត្តិការណ៍ដែលមិនខុសពីប្រេតជុំគ្នាជប់លៀង អ៊ីចឹងហើយទើបកម្មវិធីនេះត្រូវតារាសិល្បៈ និងមហាជនជជែកគ្នាច្រើនថានឹងទៅលេងកម្សាន្ត ដែលតាមការរំពឹងទុកគឺអ្នកមានអ្នកទៅកម្សាន្តរហូតដល់១ម៉ឺននាក់ឯណោះ ដោយសារតែផ្សារកុងតឺណឺកោះពេជ្រ ជាទីតាំងដែលទាក់អ្នកទៅកម្សាន្តច្រើនស្រាប់។

យោងតាមការបញ្ជាក់ព្រឹត្តិការណ៍ដែលតម្រូវអោយភ្ញៀវតែងមុខប្លែកៗអោយដូចប្រេតមួយនេះ នឹងមានការបង្ហាញម៉ូដពីតារាកុះករ ដោយអ្នកខ្លះត្រូវតែងខ្លួនជានាងនាថ ខ្លះជាខ្មោចសម័យលោកម្ចាស់ ខ្លះជាព្រាយដើមចេក និងខ្លះជាប្រែតផ្សេងៗជាដើមដើម្បីអោយភ្ញៀវប្លែកភ្នែក និងបានសប្បាយរីករាយ។ បណ្ដាភ្ញៀវដែលគ្រោងចូលរូមក៏នឹងតម្រូវអោយផាត់មុខអោយមានលក្ខណៈប្លែកៗទៅលំនាំពួកប្រេតផងដែរ ដើម្បីអោយព្រឹត្តិការណ៍មួយនេះមានលក្ខណៈដូចជាប្រេតជួបជុំគ្នាជប់លៀង មុនពេលត្រូវយមរាជកំណត់អោយទៅឋាននរកវិញ។ ព្រឹត្តិការណ៍នេះត្រូវបានបញ្ជាក់ថានឹងមានឆាកតន្ត្រីរហូតដល់ប្រវែង៥០ម៉ែត្រ ដោយមានក្រុមចម្រៀងល្បីៗច្រៀង និងរ៉េបអោយស្ដាប់តាំងពីម៉ោង៦ល្ងាចរហូតដល់ម៉ោង២ទៀបភ្លឺផងដែរ ដើម្បីកំដរអ្នកទៅលេងនៅផ្សារកុងតឺណឺនៅកោះពេជ្រយប់នេះ អោយសប្បាយមុនបែកគ្នាទៅភ្ជុំតាមស្រុករៀងៗខ្លួន។ ក្នុងនោះក៏មានការតាំងបង្ហាញនូវនំចំណីបែបខ្មែរ និងការដើរបង្ហាញម៉ូដនូវសម្លៀកបំពាក់បែបប្រពៃណីខ្មែរបង្ហាញអោយភ្ញៀវដែលចូលរួមបានឃើញពីទម្រង់បុណ្យភ្ជុំរបស់ខ្មែរផងដែរ ទើបគ្រាន់តែមានការប្រកាសឡើងនូវកម្មវិធីមួយនេះគឺមានមហាជន និងតារាសិល្បៈច្រើននាក់កញ្ជ្រោលចង់ទៅលេង។ កម្មវិធីនេះមិនមានការលក់សំបុត្រនោះទេ គឺតម្រូវអោយចូលទស្សនាដោយសេរី ដើម្បីអោយភ្ញៀវដែលចង់អង្គុយផឹកស៊ី និងទៅកម្សាន្តនៅផ្សារកុងតឺណឺបានរាំលេងដោយរីករាយនៅលើដងផ្លូវចន្លោះតូបនីមួយៗដូចគ្នានៅតំបន់ Pub Street នៅសៀមរាប។

នេះជាព្រឹត្តិការណ៍បង្ហាញឈុតប្រេត លើកទី១ដែលត្រូវបានគេធ្វើនៅផ្សារកុងតឺណឺ ខណៈដែលកម្មវិធីនេះនឹងមានតារាសិល្បៈចូលរួមដោយសេរីក្នុងការស្ម័គ្រចិត្តជួយច្រៀង ដើរម៉ូដ និងទៅធ្វើជាភ្ញៀវកិត្តិយសរហូតដល់១០០នាក់ឯណោះ ជាពិសេសពីសំណាក់គ្រួសារតារាកម្ពុជា។ ក្នុងនោះក៏មានក្រុមកំប្លែងរបស់យ៉េយ៉េ និងនាយព្រែក និងម្ចាស់បទ Original Songs ច្រើននាក់កំដរការរាំរែកដល់ម៉ោង២ទៀបភ្លឺផងដែរ៕

មតិយោបល់