អាហ្សង់ទីនៈ កីឡាករ Lionel Messi នឹងត្រូវឡើងតុលាការរឿងក្ដីពន្ធរបស់ខ្លួននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ បន្ទាប់ពីចៅក្រមកោះហៅប៉ុន្មានដងមកនេះ។
រឿងគេចវេសមិនព្រមបង់ពន្ធរបស់ខ្សែប្រយុទ្ធ Messi នៅមិនទាន់ចប់នៅឡើយទេ បើទោះបីជាឪពុករបស់គេ លោក Jorge Messi ចេញមុខមកទទួលរ៉ាប់រងទាំងអស់ ដោយមិនឱ្យពាក់ព័ន្ធនឹង Messi យ៉ាងណាក៏ដោយ។
ចំពោះរឿងគេចវេសមិនពន្ធបង់នេះ មានចំនួន៤,១លានអឺរ៉ូ ដោយកើតឡើងចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩។
ដោយរយៈពេល៣ឆ្នាំនេះ Messi បានចុះកុងត្រាជាមួយក្រុមហ៊ុន Banc Sabadell , Telefonica , Danone , Air Europa , Adidas និង Pepsi ដែលបូកបញ្ជូលគ្នាទៅមានទឹកប្រាក់ប្រមាណជា៧,៣លានផោន ប៉ុន្តែចំនួនទឹកប្រាក់នេះមិនបានបង់ពន្ធចូលរដ្ឋនោះទេ ទើបមានរឿងខាងលើនេះកើតឡើង។
ការឡើងតុលាការនៅថ្ងៃទី២ខែក្រោយនេះ គឺមុនពេលក្រុមជម្រើសជាតិអាហ្សង់ទីនចូលលេងពានរង្វាន់ Copa America តែ៤ថ្ងៃប៉ុណ្ណោះ ប៉ុន្តែគ្រូបង្វឹកក្រុមអាហ្សង់ទីនបានបញ្ជាក់ថាមិនមានការប៉ះពាល់ដល់ក្រុមជម្រើសជាតិឡើយ។ អាហ្សង់ទីនត្រូវប៉ះជាមួយក្រុមឈីលី ប៉ាណាម៉ា និងបូលីវី ក្នុងពូល D ពានរង្វាន់ Copa America៕
មតិយោបល់