ភ្នំពេញៈ មរតកឈាមតែមួយគត់របស់យាយម៉ែម៉ឺន ត្រូវបានគេទម្លាយព័ត៌មានឲ្យដឹងថា បានបើកហាងមួយលើទឹកដីសៀមរាប ជាមួយនឹងទំហំទឹកប្រាក់ជាង ១០ម៉ឺនដុល្លារ ។
ព័ត៌មានលើកឡើងខាងលើនេះ បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល នឹកស្មានមិនដល់ថា លោក គង់ បញ្ញាសិដ្ឋ គ្រាប់ពេជ្រតំណវង់សិល្បៈរបស់ ចៅយាយម៉ែម៉ឺនតែ១គត់ មានសមត្ថភាពដល់ថ្នាក់នេះ ខណៈដែលប្រឡូកសិល្បៈបាន ៣ទៅ៤ឆ្នាំតែប៉ុណ្ណោះ។
ប្រភពច្បាស់ការមួយ បានលួចខ្សឹបដាក់ Post News នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ឲ្យដឹងថា លោក គង់ បញ្ញសិដ្ឋ ដែលទើបតែមានវ័យ ២៤ឆ្នាំ ត្រូវបានស្ត្រីក្រៅស្រុកម្នាក់អាយុប្រហែល ៣០ឆ្នាំ បានធានាបើកហាងឲ្យ ជាលក្ខណៈហាងកញ្ចប់ពិធីការ មួយនៅលើទឹកដីសៀមរាប ដែលគ្រោងនឹងសម្ពោធដាក់បម្រើសេវាកម្មអតិថិជន នៅខែកញ្ញាខាងមុខនេះ។
ប្រភពច្បាស់ការខាងលើ បានបន្តថា ស្ត្រីដែលធានាបើកហាងឲ្យ គង់ បញ្ញាសិដ្ឋ គឺកំពុងតែមានទំនាក់ទំនងយ៉ាងល្អូកល្អើន ជាមួយនឹង តារាសម្តែង និងពិធីករវ័យក្មេងរូបនេះ ហើយក៏ជាអ្នកទី១ អាចឆាបយកបេះដូង កម្លោះសង្ហាររូបនេះបាន ។
ទាក់ទងនឹងព័ត៌មានខាងលើ លោក គង់ បញ្ញាសិដ្ឋ បានបដិសេធ ទាត់ចោលនូវការលើកឡើងថាគ្មានមូលដ្ឋានព័ត៌មានច្បាស់នោះទេ ។
លោកថា «ខ្ញុំមិនមានអ្វី ដូចគេលើកឡើងខាងលើនោះទេ ហើយខ្ញុំក៏មិនទៅខឹងអ្នកលើកឡើងនោះដែរ »។ និយាយប៉ុណ្ណោះចប់ លោកក៏បិទទូរស័ព្ទ។
ទោះជាយ៉ាងនេះក្តី ប្រភពខាងលើក៏បានបញ្ជាក់ថា ស្ត្រីដែលមានទំនាក់ទំនងជាមួយនឹងគង់ បញ្ញាសិដ្ឋ រស់នៅលើទឹកដី អូស្ត្រាលី ហើយតែងតែហោះមកទឹកដីកម្ពុជាដើម្បីលួចជួប បញ្ញាសិដ្ឋរហូតហ្នឹង៕
មតិយោបល់