កាលពីយប់ថ្ងៃទី២៤ កញ្ញា តារាសម្ដែងអ្នកនាងលី ម៉ារីណា បានប្រារព្ធពិធីខួបកំណើតកូនប្រុសយ៉ាងអធឹកអធមនៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក ដោយអ្នកនាងបញ្ជាក់ថាគម្រោងគ្រាន់តែធ្វើលេងៗប៉ុណ្ណោះ ប៉ុន្តែដល់ពេលម៉ោងពេលទទួលភ្ញៀវជាក់ស្ដែង ស្រាប់តែភ្ញៀវមកលើសចំនួនតុ រហូតដល់ការបម្រុងតុក៏ទទួលលែងចង់គ្រាន់។ យ៉ាងណាមិញ អ្នកនាងថាបញ្ជាក់ថាចំនួនភ្ញៀវដែលមកលើសកំណត់នោះ គឺដោយសារតែភ្ញៀវមួយចំនួនមកជាគូៗដល់៣-៤នាក់ ហើយភ្ញៀវខ្លះទៀតគឺអ្នកនាងគិតថាមកមិនមកបែរជាបានឃើញមុខ។
អ្នកនាង លី ម៉ារីណា បានអះអាងថា ដោយសារតែខួប៣ឆ្នាំកូនប្រុសរបស់អ្នកនាងនៅក្នុងឆ្នាំនេះត្រូវចំស្វាមីមិនទាន់ចុះមកពីអាមេរិក ទើបអ្នកនាងគម្រោងរៀបចំត្រឹមតែ៤-៥តុប៉ុណ្ណោះ ដោយគម្រោងគឺហៅភ្ញៀវសំខាន់ៗអោយជុំគ្នាញាំអីលេង ខណៈដែលស្វាមីរបស់អ្នកនាងក៏បានប្រាប់ថាអោយធ្វើតូចបានហើយ ដើម្បីកុំអោយអស់លុយច្រើន និងកុំអោយរំខានភ្ញៀវច្រើន។
ប៉ុន្តែជាក់ស្ដែងបរិមាណភ្ញៀវដែលបានអញ្ជើញមកចូលរួមជាក់ស្ដែងគឺឡើងដល់រង្វង់១០០នាក់ឯណោះ ទើបចំនួនតុដែលអ្នកនាងមិនបានបម្រុងទុកក៏បណ្ដាលអោយចង់ខ្វះតុអង្គុយតែម្ដង។ អ្នកនាងនិយាយថាអ្នកនាងសប្បាយចិត្តណាស់ ដែលគ្រាន់តែខលអញ្ជើញសោះ និងឆាតតាមទូរសព្ទសោះប៉ុន្តែមានអ្នកផ្ដល់កិត្តិយសមកចូលរួមអបអរកូនប្រុសរបស់អ្នកនាងរហូតដល់ទីតាំងដែលអ្នកនាងរៀបទទួលនៅវីហ្វ្រេនបឹងត្របែកទទួលភ្ញៀវមិនអស់។ ក្នុងនោះអ្នកនាងក៏សូមអរគុណដល់បណ្ដាតារាសិល្បៈ និងភ្ញៀវកិត្តិយសផងដែរ ដែលផ្ដល់ការយោគយល់ហើយនៅកំដរពិធីរបស់អ្នកនាងអោយអ៊ូរអរដល់ចប់។ អ្នកនាងនិយាយថាកម្មវិធីខួប៣ឆ្នាំកូនប្រុសនោះ គឺធ្វើលេងៗប៉ុណ្ណោះ ហើយសូម្បីតែការអញ្ជើញភ្ញៀវក៏ទើបតែអញ្ជើញមិនលើសពី៣ថ្ងៃមុនដែរ ប៉ុន្តែជាក់ស្ដែងគឺធំជាងខួបកាលពីឆ្នាំមុនដែលបានគម្រោងទុកឡើងធំនោះទៅទៀត។
ក្នុងពិធីខួបកូនប្រុសរបស់អ្នកនាង លី ម៉ារីណា នាយប់នោះ គេឃើញវត្តមានលោកទេព រិន្ទដារ៉ូ លោកកុយ ស៊ីឌឿន ម្ចាស់ផលិតកម្មឌីភី អ្នកនាងប៉េងប៉ោង អ្នកនាងម៉ៅ ស៊ីណាត អ្នកនាងសារ៉ាយ សក្ខណា កញ្ញាថន លក្ខិណា អ្នកនាងថន តារា កញ្ញាយ៉េយ៉េ លោកលាង ឧត្តម លោកហេង ស៊ីម៉ន អ្នកនាងទូច ស្រីលក្ខិណ៍ កញ្ញាប្រិមប្រិយ កញ្ញាពៅ លីដា លោកមួន ម៉ារ៉ា អ្នកនាងស៊ិន ឧត្តមផល្លា លោកសុខ សេរីវឌ្ឍនា លោកសាវិន ហ្វីលីព លោកហួរ សុផល និងតារាសិល្បៈជាច្រើនផ្សេងទៀត។ អ្នកនាងលី ម៉ារីណា និយាយថា កូនប្រុសអ្នកនាង សាត ថៃសាន់ មានអាយុបាន៣ឆ្នាំហើយ តែអ្នកនាងមិនទាន់គម្រោងយកកូនមួយទៀតនៅឡើយទេ៕
មតិយោបល់