ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា១៣ដួង ប្រកាសជែងគ្នា លើកម្រាលព្រំ ថ្ងៃទី២៩ កញ្ញា នេះ

នៅក្នុងព្រឹត្តិការណ៍កម្រាលព្រំសប្បុរសធម៌ដែលនឹងធ្វើនៅសាកលវិទ្យាល័យន័រតុនជ្រោយចង្វារ នៅថ្ងៃទី២៩ កញ្ញា តារាល្បីឈ្មោះ១៣រូប ដោយក្នុងនោះមានតារាប្រុសចំនួន៤រូប សុទ្ធតែបានសម្រិតសម្រាំងឈុតសំលៀកបំពាក់យ៉ាងពិសេស ដើម្បីត្រៀមបង្អួតនៅក្នុងថ្ងៃនោះ។ តារាទាំង១៣រូបសុទ្ធតែត្រូវបានទទួលស្គាល់ថាជាតារាឡើងកូដ និងមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅក្នុងវិថីសិល្បៈនាពេលបច្ចុប្បន្ន ដែលពិតជាញ៉ាំងអោយព្រឹត្តិការណ៍ដើរម៉ូដនៅលើកម្រាលព្រំជាទ្រង់ទ្រាយធំនេះ នឹងទទួលបានភាពទាក់ទាញ។ យោងតាមតារាងកម្មវិធីតារាទាំង១៣រូប នឹងដើរបង្ហាញឈុតពិសេសរបស់ខ្លួននៅវេលាម៉ោង៥ល្ងាច ដើម្បីទុកពេលអោយតារាល្បីៗយ៉ាងកុះករផ្សេងទៀតបង្ហាញសមត្ថភាពច្រៀងរាំ កំប្លែង និងអត្ថាធិប្បាយកម្មវិធី។

តារាទាំង១៣នោះរួមមាន លោកអ៊ុន សុធា តារាល្បីឈ្មោះ ក្នុងពិភពសម្ដែង លោក រតនៈ វិសិដ្ឋ តួឯកប្រុសរឿង«រាជបុរីComeback» លោក ឈួន ពន្លឺ ម្ចាស់ពានតារាសម្ដែងឆ្នើមប្រចាំទូរទស្សន៍អប្សរាកាលពីដើមឆ្នាំ២០១៧ និង លោកម៉ឺន ឯកសុភារិទ្ធិ តួឯកប្រុសក្នុងរឿង«សុផាត និងម៉ានយ៉ាន»របស់ទូរទស្សន៍PNN។ សម្រាប់តារាស្រីដែលមានឱកាសបានបង្ហាញរូបសម្រស់នៅក្នុងព្រឹត្តិការណ៍នោះរួមមាន អ្នកនាង លី ម៉ារីណា តារាសម្ដែង និងជាតារាបង្ហាញម៉ូដល្បីឈ្មោះ កញ្ញា ដួង ម៉ានិច តួឯកស្រីក្នុងរឿងភាគ«ពស់កេងកង»របស់ទូរទស្សន៍PNN កញ្ញា មាស សម្ផស្ស តារាសម្ដែងល្បីឈ្មោះដែលមានស្នាដៃរាប់មិនអស់នៅក្នុងពិភពសិល្បៈ កញ្ញា ចាន់ ស្រីរ័ត្ន អតីតតារាបង្ហាញម៉ូដក្រុមសាន់ម៉ូដែល និងជាតួសម្ដែង កញ្ញា ចាន់ គង្គារ តារាបង្ហាញម៉ូដអាជីព សម្ដែងកូនកាត់ចាម កញ្ញា ណាតាហ្សា ដែលជាតួឯកក្នុងរឿង«កំណត់ហេតុនាងនាថ» កញ្ញា ពេជ្រ អាវីហ្សា តារាសម្ដែងសាច់សខ្ចី កញ្ញា ទឹម រដ្ឋា តារាបង្ហាញម៉ូដ និងជាតារាសម្ដែងល្បីឈ្មោះ និងកញ្ញា រំដួលលិចទឹក ដែលបងប្អូនបានស្គាល់រួចមកហើយតាមរយៈការច្នៃសំលៀកបំពាក់ និងម្កុដជាឈុតប្លែក។

តារាទាំង១៣រូប ត្រូវបានគេកត់សម្គាល់ថានឹងកាន់តែមានការចាប់អារម្មណ៍បន្ថែមពីលើអាជីពសិល្បៈរបស់ខ្លួនទ្វេរដង តាមរយៈការបង្ហាញរូបសម្រស់នៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌ដែលចម្រុះដោយវត្តមានតារាល្បីៗមួយនេះ។ យ៉ាងណាមិញ នៅមិនទាន់ដឹងថាក្នុងចំណោមពួកគេ តើតារាសម្ដែងរូបណាដែលអាចប្រមូលការគាំទ្របានខ្លាំងជាងគេនៅលើកម្រាលព្រំនាថ្ងៃនោះទេ ក្នុងពេលដែលអ្នកទាំង១៣សុទ្ធតែអះអាងថានឹងដណ្ដើមយកភាពលេចធ្លោរអោយអស់សមត្ថភាព ដើម្បីអោយស័ក្ដសមនឹងឱកាសដែលត្រូវបានជ្រើសអោយដើរនៅលើកម្រាលព្រំដែលត្រូវបានរៀបចំយ៉ាងធំនៅសាកលវិទ្យាល័យន័រតុននារសៀលថ្ងៃទី២៩ កញ្ញានោះ។

គួរបញ្ជាក់ថាការបង្ហាញខ្លួនរបស់តារាទាំង១៣ គឺដើម្បីរំលេចព្រឹត្តិការណ៍រៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលរៀបចំដោយសាកលវិទ្យាល័យន័រតុន និងគ្រួសារតារាកម្ពុជា ខណៈដែលកម្មវិធីនេះត្រូវបានគ្រួសារតារាកម្ពុជារៀបចំឡើងជោគជ័យចំនួន២លើករួចមកហើយ។ ព្រឹត្តិការណ៍នេះនឹងប្រមូលយកផលចំណេញពីការលក់ដូររបស់និស្សិត និងការបរិច្ចាគរបស់អ្នកទស្សនាទៅជួយមន្ទីរពេទ្យគន្ធបុប្ផាទាំងស្រុងដោយមិនមានការយកប្រាក់ចំណូលទូទាត់ការចំណាយឡើយ ខណៈដែលកម្មវិធីនេះកាលពីឆ្នាំទៅគឺទទួលបានជាង៤ពាន់ដុល្លារ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា៕

មតិយោបល់