ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៊ុំ គន្ធា មិនច្បាស់រឿងដើរផ្លូវចាស់!

នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Post Komsan តារាចម្រៀងដែលធ្លាប់ល្បីឈ្មោះយ៉ាងកក្រើកស្រទាប់មហាជនកាលពីអំឡុងឆ្នាំ១៩៩៧ និង១៩៩៨ អ្នកនាងអ៊ុំ គន្ធា បានអះអាងថា អ្នកនាងនៅតែខ្លាចឆាកតន្ត្រី និងមានអារម្មណ៍ញីញ័រនៅពេលបានឡើងឆាកតន្ត្រីនោះទេ ទើបអ្នកនាងមិនទាន់ច្បាស់ថាតើអាចត្រឡប់ទៅដើរវិថីដូចអតីតកាលបានឬយ៉ាងណា។ យ៉ាងណាមិញ អ្នកនាងនៅតែទទូចអោយមានការផ្ដល់ឱកាសអោយអ្នកនាងបានច្រៀងក្នុងហាងតូចធំ ដោយអ្នកនាងបញ្ជាក់ថាលុះត្រាតែបានថ្នឹកនឹងការកាន់ក្បាលមេក្រូពីកម្រិតនោះសិន ក្រែងថាអារម្មណ៍របស់អ្នកនាងអាចប្រឈមនឹងឆាកតន្ត្រីបាន។

អ្នកនាងនិយាយថា បើទោះជាអ្នកនាងត្រូវគេស្គាល់ថាបានល្បីឈ្មោះនៅក្នុងពិភពសិល្បៈមិនតិចឆ្នាំ ក៏អ្នកនាងនៅតែអះអាងថាឆាកតន្ត្រីក្រោយពេលអ្នកនាងបាត់មុខ គឺមិនថ្មឹកនឹងអារម្មណ៍របស់អ្នកនាងទៀតទេ។

ក្នុងពេលឡើងច្រៀងនៅលើកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃទី២៤ កញ្ញា អ្នកនាងបញ្ជាក់ថាគឺនាងប្រឹងទប់អារម្មណ៍ភិតភ័យ និងប្រឹងរហូតដល់ញ័រដៃចង់កាន់ក្បាលមេក្រូមិនជាប់ទម្រាំតែបានច្រៀងចប់។ អ្នកនាងបន្តថាខានឡើងច្រៀងយូរ ហើយពេលឃើញមហាជនច្រើនកុះករនៅចំពោះមុខ អ្នកនាងហាក់មានអារម្មណ៍ជ្រួលច្រាលផ្ទុះឡើង ដោយក្នុងពេលខ្លះគឺអ្នកនាងចង់តែយំ និងចង់តែស្ទុះរត់ចុះពីឆាកព្រោះតែអារម្មណ៍មិននឹងន៎នោះផង។ អ្នកនាងនិយាយថាចង់មានឱកាសឡើងឆាកធំៗបែបនេះជាថ្មីខ្លាំងណាស់ ប៉ុន្តែផ្អែកតាមអារម្មណ៍ដែលបានកើតឡើង គឺអ្នកនាងមិនដឹងថាតើអាចទៅរួច ឬមិនរួចនោះទេ ក្នុងពេលដែលអ្នកនាងមិនទុកចិត្តខ្លួនថាតើអាចធ្វើអោយកម្មវិធីដែលគេអោយអ្នកនាងបានច្រៀង មានការប៉ះពាល់ឬ ក៏អត់។

អ្នកនាងមិនច្បាស់ពីការទទួលឡើងច្រៀងលើឆាកតន្ត្រីធំៗបន្តទៀតអោយបានច្រើន ឬត្រូវបញ្ចប់ត្រឹមហ្នឹងនោះទេ ក្នុងពេលដែលអ្នកនាងនៅភ័យ និងមានអារម្មណ៍ថាបើអ្នកនាងញ័រដៃហើយធ្លាក់ក្បាលមេក្រូលើឆាក គឺពិតជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរសម្រាប់កម្មវិធីទាំងមូល។

អ្នកនាងនិយាយថា«ខ្ញុំអត់ចង់ហ៊ានឡើងឆាកធំៗទេអូន ព្រោះមើលទៅអារម្មណ៍ខ្ញុំភ័យតិចអរតិច ឈរអត់ចង់កើតក្នុងពេលឡើងច្រៀងហ្នឹង ចឹងបានអត់ច្បាស់ថាមិនដឹងប្រឡូកសិល្បៈដូចវិញកើត ឬមិនកើតទេ!»។ អ្នកនាងថាអត់ហ៊ានឡើងឆាកទូរទស្សន៍ញឹកញាប់ទេ តែបើកម្មវិធីទាំងនោះជាកម្មវិធីថតទុកគឺអ្នកនាងអាចក្លាហានជាងនេះ។ យ៉ាងណាមិញអ្នកនាងថាបើមានឱកាសបានច្រៀងក្នុងរង្គសាល ឬក្នុងហាងផ្សាំខ្លួនអោយបានច្រើនសិនគឺអ្នកនាងប្រហែលជាអាចឡើងឆាកធំៗបានដោយមិនលំបាក។ អ្នកនាងទទូចអោយបណ្ដាភោជនីយដ្ឋានតូចធំ ផ្ដល់ឱកាសអោយអ្នកនាងបានច្រៀង បើទោះជាអោយតម្លៃច្រៀងរបស់អ្នកនាងមិនច្រើនក៏ដោយ ដើម្បីអោយអ្នកនាងបានលុយចិញ្ចឹមកូន និងមានឱកាសបានធ្វើការតាមជំនាញរបស់អ្នកនាងផង៕

មតិយោបល់