ព្រៃវែងៈ លោកអធិការស្រុកស្វាយអន្ទរ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់បាក់ភ្លៅ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវលំបំបែកជាបី ស្ថិតនៅក្នុងភូមិគក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
មុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាក ស្តារិច ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ2AG-0715 បើកដោយឈ្មោះ ថេវ ធារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិត្រពាំងចក ឃុំសំរោង ស្រុកស្វាយអន្ទរ បើកបរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូឆ្លងកាត់ថ្នល់ពីកើតទៅលិច ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1G-1624 ជិះដោយឈ្មោះ មុំ ហ៊ីម ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅភូមិថ្នល់ជ័យ ឃុំពពឺស ស្រុកស្វាយអន្ទរ បណ្តាលឲ្យរងរបួសបាក់ភ្លៅទាំង២ បញ្ជូនទៅព្យាបាលមន្ទីរពេទ្យបង្កែកស្វាយអន្ទរ។
លោកអធិការស្រុកស្វាយអន្ទរ បានបញ្ជាក់ពីមូលហេតុ ម៉ូតូបើកឆ្លងកាត់ទទឹងផ្លូវ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូមកទុកនៅប៉ុស្តិ៍អង្ករទ្រេត រង់ចាំការដោះស្រាយគ្នាពេលក្រោយ៕
មតិយោបល់