ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចាស់ថ្មី រួមគ្នាកំដៅឆាកន័រតុន ដើម្បីគន្ធបុប្លា យប់មិញ

កាលពីថ្ងៃទី២៧ កញ្ញា គ្រួសារតារាកម្ពុជា និងសាកលវិទ្យាល័យន័រតុន បានរួមគ្នាធ្វើការប្រគំតន្ត្រីដើម្បីគន្ធបុប្ផាទ្រង់ទ្រាយធំគួរសម ដោយព្រឹត្តិការណ៍នេះ ដើម្បីប្រកូកប្រកាសឲ្យដឹងថា នៅថ្ងៃទី២៩ កញ្ញានេះ នឹងមានការបើកព្រឹត្តិការណ៍ធំមួយ ដើម្បីប្រមូលផ្ដុំតារាល្បីៗ នៅលើកម្រាលព្រំរួមគ្នា។ តារាចាស់ថ្មីប្រមាណ១០រូបបានធ្វើឲ្យឆាកតន្ត្រីនេះ មានការចាប់អារម្មណ៍មិនធម្មតា ដោយនៅក្នុងថ្ងៃនោះ ក៏មានសកម្មភាពរៃអង្គាសថវិកា ពីសំណាក់និស្សិតទាំងមូល បានច្រើនគួរសមផងដែរ។

តារាដែលបានបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ថ្ងៃទី២៧ កញ្ញា នោះ រួមមានលោក នៅ ស៊ីនឿន តារាចម្រៀងហង្សមាស កញ្ញាផន ស្រីខួច តារាចម្រៀងហង្សមាសដូចគ្នា អ្នកនាងស៊ុនណារី ម៉ូនីកា លោកឆឹម សក្កដា ដែលបានប្រែក្លាយពីតារាសម្ដែងទៅជាតារាចម្រៀង Original Song កញ្ញាអ៊ុង នីនិច្ច តារាវ័យក្មេងដែលសំបូរស្ទីលរាំរែកមិនចាញ់តារាចម្រៀង ទេព បូព្រឹក្ស និងតារាចម្រៀង Orginal Song មកពី Cambodian Idol មកពីផលិតកម្មសាស្រ្តា មកពីផលិតកម្មឌីភី និងតារាៗដែលមានបទចម្រៀងផ្ទុះៗ នៅលើបណ្ដាញយូធូប។ តារាទាំងចាស់ទាំងក្មេង សុទ្ធតែបានរួមគ្នាអង្រួនវេទិកាតន្ត្រីទាំងមូលឲ្យមានភាពទាក់ទាញ ដែលឲ្យធ្វើព្រឹត្តិការណ៍មួយនេះ មានការចាប់អារម្មណ៍។

យ៉ាងណាមិញ ព្រឹត្តិការណ៍មួយនេះ គ្រាន់តែបើកបង្ហាញថា សាកលវិទ្យាល័យន័រតុនមានការបើកតាំងពិព័រណ៌ចាប់ពីថ្ងៃទី២៧ កញ្ញា ដោយមានការរៃអង្គាសថវិកា និងការលក់ដូររបស់និស្សិត ដើម្បីយកប្រាក់ចំណេញជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្តែព្រឹត្តិការណ៍ដែលធំរបស់សាកលវិទ្យាល័យមួយនេះ គឺនៅថ្ងៃទី២៩ កញ្ញាឯណោះទេ ដោយសារតែមានវត្តមានសុទ្ធសឹងតែតារាល្បី មកពីផលិតកម្មធំៗ និងតារាល្បីលំដាប់ប្រទេសច្រៀងរាំ និងឈរកាន់ហិបរៃអង្គាសថវិកាដោយផ្ទាល់ ដើម្បីឲ្យប្រមូលលុយរបស់និស្សិតសាកលវិទ្យាល័យន័រតុន កាន់តែបានថវិកាច្រើន។

ព្រឹត្តិការណ៍នេះ ត្រូវបានគេស្គាល់ថាជាមហាវេទិកាសិល្ប:លើកម្រាលព្រំសប្បុរសធម៌ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា ដោយការប្រគំតន្ត្រីចាប់ពីវេលាម៉ោង២កន្លះរសៀល នៅបរិវេណសាកលវិទ្យាល័យន័រតុនជ្រោយចង្វារ ដោយតារាល្បីរួមមានទាំងតារាកំប្លែង ពិធីករ ពិធីការិនី តារាសម្ដែង និងតារាចម្រៀងល្បីៗរហូតដល់ជិត៨០រូបស្ម័គ្រចិត្តរួមគ្នានៅថ្ងៃនោះ។ ព្រឹត្តិការណ៍នៅថ្ងៃទី២៩ កញ្ញានោះ ក៏មានការផ្សាយផ្ទាល់ទាំងស្រុងលើផេក Post Komsan ផេក Post News Media និងផេកគ្រួសារតារាកម្ពុជាផងដែរ៕

មតិយោបល់