ព័ត៌មានជាតិ

តុលាការភ្នំពេញ កាត់ទោសលោក ជឿង ថេង និងភរិយា ដែលជាឈ្មួញឈើ ធំ និងមានឥទ្ធិពលនៅ កំពង់ស្ពឺ

ភ្នំពេញៈ ក្រោយពីសំណុំរឿង រកស៊ីឈើខុសច្បាប់ របស់ លោក ជឿង ថេង ជាយោធាស័ក្តិ៤ នៃយុទ្ធភូមិភាគ ៣ ខេត្តកំពង់ស្ពឺ និងប្រពន្ធឈ្មោះ គូ សុខខឿន មេឈ្មួញជួញឈើខុសច្បាប់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដឹកទៅវៀតណាម ត្រូវបាន តុលាការផ្ទេរសមត្ថកិច្ចពីខេត្តកំពង់ស្ពឺ ទៅតុលាការរាជធានីភ្នំពេញនោះ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក គី រិទ្ធី ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ កាត់ទោស ពាក់ព័ន្ធសំណុំរឿង ជំនួញឈើខុសច្បាប់។

លោក សេង ហៀង ជាតំណាងអយ្យការនៃសវនាការ បានចោទប្រកាន់លើជនជាប់ចោទ ជាប្តីប្រពន្ធ៖
-ទី១ឈ្មោះ ជឿង ថេង ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ យោធាយុទ្ធភូមិភាគទី៣

-ទី២ឈ្មោះ គូ សុខខឿន ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ លក់ដូរឈើ លំនៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

ចំនួន ៣បទចោទ រួមមាន៖

១-ដឹកជញ្ជូន ផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត

២-ធ្វើសន្និធិផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត

៣-ប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត

ប្រព្រឹត្តកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ចំណុចដេប៉ូឈើ ស្ថិតក្នុងភូមិផ្សារកន្ទូត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ យោងតាមមាត្រា ៩៦ និងមាត្រា ៩៨ នៃច្បាប់ ស្តីពី ព្រៃឈើ។

សូមជម្រាបថា សវនាការនៅព្រឹកនេះ មិនមានវត្តមាន ជនជាប់ចោទឈ្មោះ ជឿង ថេង និងឈ្មោះ គូ សុខខឿន នោះទេ ដោយមានតែមេធាវីតំណាងតែប៉ុណ្ណោះ។

យោងតាមអំណាចចម្លើយរបស់ជនជាប់ចោទឈ្មោះ ជឿង ថេង និងឈ្មោះ គូ សុខខឿន បានទទួលស្គាល់ថា ខ្លួនពិតជាបានប្រមូលទិញឈើប្រភេទធ្នុង ខុសច្បាប់ពីពលរដ្ឋមកស្តុកទុកនៅក្នុងដេប៉ូខ្លួនមែន។

យោងតាមការបញ្ជាក់របស់លោក អ៊ូ សាមឿន នាយរងសង្កាត់រដ្ឋបាលព្រៃឈើឱរ៉ាល់ បានឱ្យសវនាការដឹងថា នៅថ្ងៃចុះទៅឆែកឆេរដេប៉ូស្តុកឈើរបស់ជនជាប់ចោទជាប្តីប្រពន្ធខាងលើសមត្ថកិច្ចចំរុះ បានរកឃើញ វត្ថុតាងខុសច្បាប់មួយចំនួនធំរួមមាន៖

១-រថយន្ត ដឹកឈើ ម៉ាកហ៊ីយិនដាយចំនួន០២ គ្រឿង

២-ឈើប្រណិតប្រភេទលេខ១ ធ្នុង ចំនួន ១១១កំណាត់ ស្មើនឹង ៨.៥០៣ ម៉ែត្រគូប កាត់ជាជ្រុងៗ

៣-ឈើប្រណិតប្រភេទលេខ១ ឈ្លីច ចំនួន ១០០០ដើម ស្ញមើនឹង ១០០.១២៩ម៉ែត្រគូប កាត់ជាជ្រុងៗ

៤-ឈើប្រភេទលេខ១ ថ្លុងត្បែង អា ចំនួន ១,២៦៩សន្លឹក ស្មើនឹង១៩.៥៥៨ម៉ែត្រគូប

៥-ឈើអាគុណភាព ៥០ភាគរយ ចំនួន ១,២៨៩សន្លឹក ស្មើនឹង ២០.៧៣៥ម៉ែត្រគូប

លោកបន្តថា ក្រោយពេលដកហូត វត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ ស្ថិតនៅស្រុកសំរោងទង។

គួររំលឹកថា ជនជាប់ចោទឈ្មោះ ជឿង ថេង ជាមន្ត្រីយោធាស័ក្តិ៤នៃយុទ្ធភូមិភាគ៣ ខេត្តកំពង់ស្ពឺ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនតាមដីកាបង្គាប់របស់ តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជនជាប់ចោទឈ្មោះ ជឿង ថេង ក៏ធ្លាបត្រូវបានសមត្ថកិច្ចចាប់ដាក់គុកនៅខេត្តកំពតកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ម្តងរួចមកហើយ ពាក់ព័ន្ធសំណុំរឿង ដឹកឈើទៅលក់ នៅប្រទេសវៀទតណាម តាមច្រកទាន់ហន់ បណ្ដាលឱ្យបាក់ស្ពាន តានៃ ស្ថិតក្នុងភូមិជ័យសេនា ឃុំកោះស្លា ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ។

ក្រោយពីបានឃុំខ្លួនមួយចំអិនកំពិសរួចមកជនជាប់ចោទឈ្មោះ ជឿង ថេង ក៏ត្រូវបានតុលាការខេត្តកំពតដោះលែងវិញ ក្រោមហេតុផលថា បានតំកល់ប្រាក់សងថ្លៃខូចខាតស្ពានចំនួន ២០០លានរៀល។

នៅពេលចេញពីគុកវិញ ជនជាប់ចោទបានបន្តសកម្មភាព ដើរប្រមូលទិញឈើប្រណិតប្រភេទធ្នុងនៅតំបន់ឱរ៉ាល់នៃខេត្តកំពង់ស្ពឺ ដឹកយកទៅលក់នៅប្រទេសវៀតណាម តាមច្រកទាន់ហន់ដដែល ដោយមិនញញើតច្បាប់ និងមន្ត្រីអាជ្ញាធរឡើយ ដោយសារតែរូបគេអាង បុណ្យស័ក្តិជាទាហាន និងមានអ្នកជួយជ្រោមជ្រែងពីខាងក្រោយ។

តែចុងក្រោយជនជាប់ចោទជាឈ្មួញឈើដ៏មានឥទ្ធិពលប្រចាំខេត្តកំពង់ស្ពឺរូបនេះនៅតែជាប់ខ្នោះរបស់សមត្ថកិច្ចសារជាថ្មី។

ទោះជាយ៉ាងណាសំណុំរឿងនេះត្រូវបានតុលាការលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ខាងមុខវិញ៕

មតិយោបល់